ព័ត៌មានទាន់ហេតុការណ៍៖

មិនរាងចាល!តុលាការមិនឃុំខ្លួនក្នុងករណីសេពគ្រឿងញៀននិងដុតផ្ទះឆេះខាននៅ មកដល់ផ្ទះវិញដេញវ៉ៃម៉ែឪប្រពន្ធកូន

ចែករំលែក៖

ខេត្តប៉ៃលិន៖ ជារឿងគួរឲ្យហួសចិត្ត ខណ:ដែលបុរសម្នាក់ត្រូវបានលោក​ចៅក្រម​សាលាដំបូង​ខេត្ត​ប៉ៃលិនបាន​អប់រំ​ណែនាំ រួច​ដោះ​លែងឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ដើម្បី​ជួប​ប្រពន្ធ និង​ធ្វើការ​កែខ្លួន​ឡើង​វិញ ដោយ​ចេញ​ដីកា​មិន​ឃុំខ្លួនបណ្តោះអាសន្ន ក្នុងករណីសេពគ្រឿងញៀននោះ ស្រាប់តែ​ទៅ​ដល់​ផ្ទះ​វិញ បាន​រករឿង​ជេរ​បញ្ចោ និង​ទាញ​ដំបង​ដេញ​វាយ​ឪពុក ម្តាយ និង​ប្រពន្ធ​កូន ធ្វើ​ឱ្យ​រត់​ចែក​ជើង​គ្នា​ប្រសាច ទ្រាំលែងបានក្រុមគ្រួសារក៏​ប្តឹង​ឱ្យ​នគរបាល ចុះ​ទៅ​ធ្វើការ​ចាប់​ឃាត់ខ្លួន​ម្តងទៀត។

ហេតុការណ៍នេះកើតឡើងនៅ​យប់​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០២១ នៅក្នុងភូមិ​អូរ​ប្រើស សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន។

ជនសង្ស័យ​មានឈ្មោះ ខ្នា ចាន់​ណា ហៅ​អូន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មានស្រុក​កំណើត​នៅ​ភូមិ​កូន​ខ្លុង ឃុំ​ព្រៃតូច ស្រុក​មោងឫស្សី ខេត្តបាត់ដំបង ប្រពន្ធ​ឈ្មោះ ថា​ន ថុ​ល មានកូន​៣​នាក់ នៅ​ក្នុង​បន្ទុក បច្ចុប្បន្ន​រស់នៅ​ភូមិ​កើតហេតុ​ខាងលើ។

សមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថា កាលពី​ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០២១ ខណ​:​ជនសង្ស័យ​រូប​នោះ​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ប្រើប្រាស់​គ្រឿងញៀន ហើយ​បាន​វាយដំ​ទាត់​ធាក់​ទៅ​ប្រពន្ធ​កូន និង​ដុត​បំផ្លាញ​ផ្ទះសម្បែង បណ្តាល​ឱ្យ​ឆេះ​ខ្ទេចខ្ទី​គ្មាន​សល់ ត្រូវ​នគរបាល​ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ ។លុះ​លោក ហោ គា​ឡេ​ង ចៅក្រម​ស៊ើបសួរអនុញ្ញាត​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ដើម្បី​កែខ្លួន​បែរជា​ទៅ​រករឿង​ដេញ​វាយ ឪពុក​ម្តាយ ប្រពន្ធ​កូន នាំ​គ្នា​រត់​ចែក​ជើង​ប្រសាច​ទាំង​យប់ តែត្រូវនគរបាលមូលដ្ឋានចាប់ញាត់គុកម្តងទៀតកាលពី​យប់​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០២១ 

ប្រភព​ដដែលបានឱ្យ​ដឹង​ទៀតថា ក្រោយ​ពី​វាយ​ប្រពន្ធ​កូន​ដុត​ផ្ទះ​ឆេះ​ខ្ទេច ត្រូវ​នគរបាល​បញ្ជូន​ទៅ​តុលាការ ហើយលោក​ចៅក្រម​បាន​ចោទប្រកាន់​ពី​បទ​ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០២១ ស្ថិត​នៅ​ក្នុងភូមិ​អូរ​ប្រើស សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន អំពើ​ដែល​មាន​ចែង​ឱ្យ​ផ្តន្ទាទោស​ដោយ​មាត្រា ៤១០ នៃ​ក្រុម​ព្រហ្មទណ្ឌ និង​មាត្រា​៤៥ នៃ​ច្បាប់​ស្តី​ពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន។

មក​ដល់​ព្រឹក​ថ្ងៃ​ទី​០១ ខែមេសា ឆ្នាំ​២០២១នេះ ជនសង្ស័យ​ខាងលើ ត្រូវ​បាន​នគរបាល នៃ​អធិការ​ដ្ឋាននគរបាលក្រុងប៉ៃលិន ចាប់​ឃាត់ខ្លួន និង​សួរនាំ​បន្ថែម ដើម្បី​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធីម្តងទៀត៕

ដោយ៖ ប្រាថ្នា


ចែករំលែក៖