ព័ត៌មានទាន់ហេតុការណ៍៖

រោងចក្រផលិតទឹកកកក្រុងក្រចេះមានការរិះគន់ថាគ្មានអនាម័យ អាជ្ញាធរនិងមន្ទីរជំនាញចុះត្រួតពិនិត្យមើលហើយអាចឱ្យដំណើរការមិនមានការផ្អាកអាជីវកម្មនោះទេ

ចែករំលែក៖

ខេត្តក្រចេះ៖ រោងចក្រផលិតទឹកកកមួយកន្លែងដែលមានម្ចាស់អាជីវកម្មឈ្មោះសុវណ្ណ គីរីទទួលរងការរិះគន់ថាមិនមានលក្ខណៈស្តង់ដារអនាម័យល្អ ប៉ះពាល់ដល់សុខភាព ត្រូវមន្ទីរជំនាញដឹកនាំកម្លាំងចុះត្រួតពិនិត្យហើយអាជ្ញាធរថាអាចដំណើរជាប្រក្រតីដោយមិនមានការផ្អាកអាជីវកម្មអ្វីនោះទេ។ 

  មន្ត្រីមន្ទីរជំនាញនិងអាជ្ញាធរមូលដ្ឋានសង្កាត់អូរឫស្សីបានចុះដល់រោងចក្រផលិតទឹកកកនោះកាលពីរសៀលថ្ងៃទី១ខែមេសាឆ្នាំ២០២១ដែលមានទីតាំងនៅក្នុងភូមិស្រែស្តៅ សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ ។

   លោក នី ឆុន ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តបានបញ្ជាក់ថា ក្នុងនាមលោកជាមន្ទីរជំនាញ និងអាជ្ញាធរសង្កាត់អូរឫស្សីរួមជាមួយនគរបាលប៉ុស្តិ៍បានចុះមកពិនិត្យជាក់ស្ដែងឃើញថា ទីតាំងសិប្បកម្មផលិតទឹកកកនេះ គឺបានដំណើរការរយៈពេលជិតមួយឆ្នាំមកហើយ ដោយការផលិតមានលក្ខណៈស្តង់ដារអនាម័យល្អ គោរពតាមការណែនាំរបស់មន្ទីរហើយក្នុងបរិវេណជុំវិញមានការរក្សាទុកដាក់កាកសំណល់រឹងរាវបានត្រឹមត្រូវទៅបទដ្ឋានបច្ចេកទេសក្នុងការផលិតទឹកកកនិងមិនមានសំឡេងរំខានចេញក្រៅឡើយដោយសារតែរោងចក្រប្រើថាមពលអគ្គិសនីម៉ូទ័រជំនួសម៉ាស៊ីនភ្លើង។

   ចំពោះគុណភាពទឹកកកវិញបើយោងទៅតាមច្បាប់គ្រប់គ្រង់សិប្បកម្មគឺយើងក្នុង៣ខែត្រូវយកសំណាកទៅពិនិត្យម្ដង បើពិនិត្យលទ្ធផលទាំងនោះឃើញមិនត្រឹមត្រូវទៅតាមស្តង់ដារទឹកកកសម្រាប់ឱ្យបងប្អូនទទួលទានទេ មន្ទីរជំនាញក៏ដូចក្រសួងណែនាំឱ្យរោងចក្រទឹកកកដែលផលិតនៅទីនេះត្រូវកែតម្រូវធ្វើយ៉ាងម៉េច ផលិតទៅតាមស្តង់ដារទឹកកកល្អ ដែលអាចលក់ជូនប្រជាពលរដ្ឋក្នុងការទទួលទានបាន ។ដោយយើងគិតពីបញ្ហាសុខភាពជាធំ មិនមែនចេះតែលក់ឱ្យដាច់មិនគិតគូរពីសុខភាពពលរដ្ឋនោះទេ។

   លោកប្រធានមន្ទីរបន្តថា រោងចក្រផលិតទឹកកកនេះគឺមានច្បាប់ត្រឹមត្រូវ ទី១គាត់បានចុះបញ្ជីរោងចក្រ ហើយសុំវិញ្ញាបនបត្រដំណើរការបានត្រឹមត្រូវ។

ចំណែកមន្ទីរវិញបានតាមដានត្រួតពិនិត្យជាប្រចាំរៀងរាល់ខែ ជាពិសេសមន្ទីរបានយកសំណាកទៅចូលឡាបូពិសោធន៍ជារៀងរាល់ត្រីមាសម្ដង។

   ក្រោយពីការចុះពិនិត្យឃើញថា មានគុណភាពល្អគាត់អាចដំណើរបាន បើសិនជាពិនិត្យឃើញថាមិនមានគុណភាពល្អទេ មន្ទីរនិឹងឱ្យគាត់ផ្អាកដើម្បីកែតម្រូវឱ្យទៅតាមស្ដង់ដារទឹកកកល្អសម្រាប់លក់ជូនប្រជាពលរដ្ឋយើងទទួលទាន។តែថ្មីៗនេះស្រាប់តែមានការរិះគន់ថា រោងចក្រផលិតទឹកកកមួយនេះគ្មានអនាម័យ ប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋទៅវិញដែលជារឿងមិនពិតនោះទេ៕

ដោយ៖ ជីវ័ន្ត


ចែករំលែក៖