ព័ត៌មានទាន់ហេតុការណ៍៖

លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងបាត់ដំបងដឹកនាំកម្លាំងចុះជួយរុះរើ ជួសជុល និងរៀបចំផ្ទះ ជូនប្រជាពលរដ្ឋ ៣គ្រួសារ ដែលទទួលរងគ្រោះដោយខ្យល់កន្ត្រាក់នៅស្រុកបាណន់

ចែករំលែក៖

ខេត្តបាត់ដំបង៖ ថ្ងៃអង្គារ ៩រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី ហួម ខ្វែក មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបាត់ដំបង បានដឹកនាំកម្លាំងចុះជួយរុះរើ ជួសជុល និងរៀបចំផ្ទះ ជូនប្រជាពលរដ្ឋ ៣គ្រួសារ ដែលទទួលរងគ្រោះដោយខ្យល់កន្ត្រាក់ នៅឃុំកន្ទឺ១ ស្រុកបាណន់ ដែលបានកើតឡើងកាលពីល្ងាចថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ នេះ។

លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានសម្ដែងនូវការសោកស្ដាយចំពោះការខូចខាតផ្ទះ និងទ្រព្យសម្បត្តិផ្សេងៗ ដោយគ្រោះធម្មជាតិខ្យល់កន្រ្តាក់នេះ។ ជាមួយគ្នានោះដែរ ដោយមើលឃើញផ្ទះ ៣គ្រួសាររងគ្រោះខូចខាតធ្ងន់ធ្ងរ ក៏បានជួសជុលឡើងវិញដោយចំណាយអស់ស័ង្កសី ៤០សន្លឹក ផ្លាន ៥ដើម ដែកគោល ៥សុង និងឧបត្ថម្ភថវិកា ១០៥.០០០រៀល សម្រាប់ការជួសជុលផ្ទះជូនប្រជាពលរដ្ឋ ដើម្បីជួយសម្រួលដល់ការលំបាករបស់ពួកគាត់ផងដែរ។

លោកមេបញ្ជាការ ក៏បានក្រើនរម្លឹកដល់ប្រជាពលរដ្ឋយើងសូមមានការប្រុងប្រយ័ត្នខ្ពស់ ខណៈដែលមានភ្លៀង ខ្យល់កន្ត្រាក់ត្រូវរកទីកន្លែងមានសុវត្ថិភាពដើម្បីចៀសវាងគ្រោះថ្នាក់ដល់អាយុជីវិត និងបានជំរុញដល់កងទ័ពត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងភូមិសាស្ត្រទទួលខុសត្រូវ ដើម្បីចុះជួយជួសជុលផ្ទះជូនប្រជាពលរដ្ឋរងគ្រោះឲ្យបានទាន់ពេលវេលា ដើម្បីឲ្យពួកគាត់មានទីជំរករស់នៅឡើងវិញ៕

ដោយ ៖ សូរិយា


ចែករំលែក៖