ភ្នំពេញ៖ នៅរសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ រដ្ឋមន្ត្រីក្រសួងសុខាភិបាលជម្រាបជូនលោក លោកស្រីអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត។
កម្មវត្ថុ ការត្រៀមបំរុងបង្កើតក្រុមគ្រូពេទ្យថែទាំ និងព្យាបាលនៅតាមផ្ទះ សម្រាប់អ្នកជំងឺកូវីដ-១៩។
យោងៈ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី។
សេចក្តីដូចមានចែងក្នុងកម្មវត្ថុ និងយោងខាងលើ ខ្ញុំសូមជម្រាបជូនលោក លោកស្រីអភិបាល គណៈអភិបាលរាជធានី-ខេត្តទាំងអស់ជ្រាបថា ដើម្បីជួយសម្រាលបន្ទុកមន្ទីរពេទ្យរដ្ឋនានាក្នុងរាជធានី-ខេត្ត នៃ ក្រសួងស្នើឲ្យត្រៀមបំរុងបង្កើតក្រុមគ្រូពេទ្យថែទាំ និងព្យាបាលនៅតាមផ្ទះ សម្រាប់អ្នកជំងឺកូវីដ-១៩ ដែលគ្មានរោគ សញ្ញា និងករណីជំងឺស្រាល ក្នុងលក្ខខណ្ឌដែលមានការរាតត្បាតធ្ងន់ធ្ងរជាយថាហេតុ ដែលហួសពីចំណុះនៃ មន្ទីរពេទ្យរដ្ឋ ឬកន្លែងព្យាបាលដែលលោក លោកស្រី បានរៀបចំរួចជាស្រេចហើយ ។ ការត្រៀមបំរុងនេះ ត្រូវយកក្រុមគ្រូពេទ្យនៅតាមមូលដ្ឋានសុខាភិបាលផ្ទាល់របស់ខ្លួន ដោយរៀបចំជាក្រុម និងដឹកនាំដោយប្រធាន ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ។
ក្រសួងនឹងធ្វើការបណ្តុះបណ្តាលក្រុមគ្រូពេទ្យទាំងនោះ ដោយអនុវត្តតាមនីតិវិធីប្រតិបត្តិស្តង់ដារ (SOP) ដែលក្រសួងនឹងរៀបចំជូន។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោក លោកស្រី អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត រៀបចំចាត់ចែងឱ្យមានប្រសិទ្ធភាពខ្ពស់។
សូម លោក លោកស្រីអភិបាលនៃគណៈអភិបាលរាជធានី -ខេត្ត ទទួលនូវការរាប់អានដ៏ស្មោះពីខ្ញុំ៕
ដោយ ៖ សិលា