ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១លោក ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអមដំណើរនាយឧត្តមសេនីយ៍ ហ៊ូ សាគុណ អគ្គស្នងការរងនគរបាលជាតិ ចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ថវិកា និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារទីបញ្ជាការដ្ឋានចំនួន ០១ខ្នង ដែលជាអំណោយដល់ថ្លៃថ្លារបស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជូនដល់កងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧០១ ដែលកំពុងបំពេញបេសកកម្មការពារពារ បូរណៈភាពទឹកដី តាមគោលដៅខែ្សបន្ទាត់ព្រំដែនកម្ពុជា–ឡាវ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលខាងមុខនេះ។
មានការអញ្ជើញចូលរួមពី ប្រតិភូអមដំណើរអគ្គស្នងរងការនគរបាលជាតិ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អភិបាលស្រុកបុរីអូរស្វាយសែនជ័យ និងប្រធានមន្ទីរអង្គភាព ស្ថាប័នមួយចំនួន។ ពិធីនេះប្រព្រឹត្តិទៅក្នុងភូមិឧបសម្ព័ន្ធឬទី្ធសែនជ័យពីរ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
សូមបញ្ជាក់ថា៖ នៅក្នុងឱកាសសួរសុខទុក្ខនោះដែរនាយឧត្តមសេនីយ៍ ហ៊ូ សាគុណ អគ្គស្នងការរងនគរបាលជាតិ ពាំនាំផ្តាំផ្ញើ សាកសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជាគ្រឿងឧបភោគបរិភោគមួយចំនួនធំ សម្ភារបង្កា ទប់ស្កាត់កូវីដ-១៩(ទូរបាញ់អាកុល ១គ្រឿង ម៉ាស ៦០០ម៉ាស់ អាកុល ៦កាន(៣០លីត្រ) និងថវិកាចំនួន ៣លានរៀល ជូនដល់កងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧០១ ព្រមទាំងបានឧបត្ថម្ភ ដល់តំបន់ប្រតិបត្តិការសឹករងខេត្តចំនួន ១លានរៀល, តំបន់ប្រតិបត្តិការសឹករងស្រុកបុរីអូរស្វាយសែនជ័យចំនួន ៥០ម៉ឺនរៀល នឹងកងរាជអាវុធហត្ថស្រុកចំនួន ៥០ម៉ឺនរៀល ផងដែរ៕
ដោយ៖ សូរិយា