ព័ត៌មានទាន់ហេតុការណ៍៖

ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ១នាក់ និងសូមអំពាវអ្នកធ្វើដំណើរក្នុងរថយន្តក្រុងទាំង១៩នាក់ រួសរាន់មកយកសំណាក

ចែករំលែក៖

ខេត្តសៀមរាប៖ រដ្ឋបាលខេត្តសៀមរាប មានកិត្តិយស សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ ក្នុងព្រឹត្តិការណ៍ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ២០កុម្ភៈនេះ ខេត្តសៀមរាប បានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន០១នាក់ ទៅលើឈ្មោះ ចាប់ នី ភេទស្រី អាយុ ៤៦ឆ្នាំ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ រស់នៅភូមិគោកតាចាន់ សង្កាត់គោកចក ក្រុងសៀមរាប។ តាមរយៈរបាយការណ៍របស់ក្រុមការងារពិនិត្យសុខភាពបឋម និងចុះឈ្មោះ ឬស្កែនQR Code នៅព្រំប្រទល់ខេត្តសៀមរាប និងខេត្តកំពង់ធំ បានឱ្យដឹងថា លោកស្រី បានធ្វើដំណើរតាមរយៈរថយន្តក្រុងម៉ាកហ៊ីយ៉ាន់ដាយ ស្លាកលេខ 3D-9211 ពណ៌ចម្រុះ(ស-ក្រហម) ដែលមានអ្នករួមដំណើរជិះក្នុងរថយន្តសរុប១៩នាក់ ដូចមានក្នុងបញ្ជីជូនភ្ជាប់។ លោកស្រី ចាប នី បានចេញពីខេត្តស្វាយរៀង ឆ្លងកាត់រាជធានីភ្នំពេញ ឆ្ពោះមកកាន់ខេត្តសៀមរាប កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១។

រដ្ឋបាលខេត្ត សម្រេចចាត់វិធានការបិទទីតាំងមួយចំនួនរួមមាន៖ ផ្សារភូមិភាគបួន ស្ថិតភូមិខ្វៀន សង្កាត់គោកចក មន្ទីរសម្រាកព្យាបាល ឆាយ លាង ស្ថិតនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប និងទីតាំងមួយចំនួនដែលនឹងជូនដំណឹងនាពេលបន្ទាប់។

ជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនអ្នករួមដំណើរទាំង១៩នាក់ ក្នុងរថយន្តក្រុង សូមរួសរាន់ទំនាក់ទំនងមកយកសំណាកតាមរយៈលេខទូរស័ព្ទ ០១២ ៩៥៥ ៤៧៤ / ០៧៧ ៧៨៩ ០០១ និងសមាជិកក្នុងគ្រួសារនៃអ្នករួមដំណើរទាំង១៩នាក់នេះ ត្រូវធ្វើចត្តាឡីស័កតាមផ្ទះរៀងខ្លួនៗ។ ទន្ទឹមគ្នានេះអ្នកពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកវិជ្ជមាន ឬក្រុមគ្រួសារអ្នករួមដំណើរខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត ហើយប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទខាងលើ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។

រដ្ឋបាលខេត្តសៀមរាប សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តឱ្យបានម៉ឺងមាត់ និងអនុវត្តនូវវិធានការការពាររបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល៕

ដោយ ៖ សិលា


ចែករំលែក៖