អង់គ្លេសបានថ្កោលទោសយ៉ាងខ្លាំងដល់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ដែលបានដកតំណែងឯកអគ្គរដ្ឋទូត Kyaw Zwar Minn ប្រចាំនៅក្នុងប្រទេសអង់គ្លេស ។ ជាមួយគ្នានេះដែរ រដ្ឋាភិបាលអង់គ្លេសបានអនុញ្ញាតឱ្យអតីតឯកអគ្គរដ្ឋទូតដែលត្រូវគេបណ្តេញចេញរស់នៅក្នុងទឹកដីអង់គ្លេស។
ក្រសួងការបរទេសអង់គ្លេសបានប្រកាសថា «យើងថ្កោលទោសយ៉ាងខ្លាំងដល់សកម្មភាពរបស់យោធាមីយ៉ាន់ម៉ា ដែលបានដកតំណែងឯកអគ្គរដ្ឋទូត ហើយបណ្តេញមិនឲ្យចូលស្ថានទូត ។ យើងខ្ញុំកោតសរសើរដល់ទឹកចិត្តក្លាហានរបស់លោក Kyaw Zwar Minn ដែលហ៊ានប្រឆាំងទៅនឹងសកម្មភាពធ្វើរដ្ឋប្រហារយោធាដោយមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួន គិតដល់ពលរដ្ឋមីយ៉ាន់ម៉ាទាំងមូល»។
ការប្រកាសរបស់ក្រសួងការបរទេសអង់គ្លេសកើតឡើង ក្រោយពេលដែលលោក Kyaw Zwar Minn ត្រូវមន្ត្រីទូតគាំទ្រយោធា«ធ្វើរដ្ឋប្រហារ»ដោយសារតែលោកបានគាំទ្ររដ្ឋាភិបាលស៊ីវិល បង្កើតឡើងដោយការបោះឆ្នោតគាំទ្រពីពលរដ្ឋ។
កន្លងមក ឯកអគ្គរដ្ឋទូត Kyaw Zwar Minn មានសកម្មភាពប្រឆាំងយោធា ដោយអំពាវនាវដល់ រដ្ឋាភិបាលយោធាដោះលែងលោកស្រីអោងសាន ស៊ូជី និងប្រធានាធិបតីព្រមទាំងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀតដែលយោធាចាប់ខ្លួន។
ពាក់ព័ន្ធនិឹងការធ្វើបាតុកម្ម មេទ័ពមីយ៉ាន់ម៉ាបានប្រកាសថា «ការបង្ហូរឈាមគឺជាកំហុសរបស់ក្រុមបាតុករ ។ អ្នកនាំពាក្យកម្លាំងទាហានមីយ៉ាន់ម៉ា លោក Zaw Min Tun បានបញ្ជាក់ថា «ការបង្ហូរឈាមនៅតាមផ្លូវថ្នល់បណ្តាលឲ្យបាតុកររាប់រយនាក់ស្លាប់ គឺជាកំហុសរបស់បាតុករបង្កហិង្សា»។
នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន CNN លោក Zaw Min Tun បានបញ្ជាក់ថា ក្រុមបាតុករប្រឆាំងរដ្ឋប្រហារ បានញុះញង់ និងបង្កហិង្សា ដូច្នេះកម្លាំងសន្តិសុខចាំបាច់ត្រូវតែរារាំងបាតុករ៕ ដោយ៖ ធីរីណា
លោកKyaw Zwar Minnឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ា(រូបភាព៖ Reuters )