ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មិនដែលមានទម្លាប់ទុកប្រជាពលរដ្ឋចោល ដោយមិនខ្វល់ខ្វាយនោះឡើយ។ ក្នុងពេលវេលាកាន់តែលំបាកនិងគ្រោះថ្នាក់ សម្តេចតេជោ កាន់តែចូលកៀក ដើម្បីការពារអាយុជីវិតនិងភាពសុខសាន្តរបស់ជនរួមជាតិយើង។ ជាក់ស្តែង សម្តេចតេជោបានប្រើអស់កម្លាំងកាយចិត្ត ប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺកូវីដ–១៩ ដោយបានដាក់ចេញនូវវិធានការបង្ការនានា បាននិងកំពុងផ្តល់ការឧបត្ថម្ភដល់ដំណើរការធ្វើចត្តាឡីស័កនិងអ្នកទទួលផលប៉ះពាល់ បានទទួលនិងកំពុងបន្តស្វែងរកការផ្គត់ផ្គង់វ៉ាក់សាំងបន្ថែម បាននិងកំពុងចាក់វ៉ាក់សាំងជូនប្រជាជនជារៀងរាល់ថ្ងៃ និងបាននិងកំពុងបង្កើតមណ្ឌលព្យាបាលជំងឺកូវីដ–១៩ ថ្មីៗបន្ថែម។
ថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់ចេញវិធានការអន្តរគម ន៍មួយចំនួនទៀត ដើម្បីជួយដល់គ្រួសារដែលស្លាប់, ឆ្លង និងរងផលប៉ះពាល់ដោយកូវីដ១៩ ដោយមានការឧបត្ថម្ភ និងជួយចេញថ្លៃទឹកថ្លៃភ្លើងជាដើម។
ក្នុងនោះ ចំពោះប្រជាពលរដ្ឋដែលស្លាប់ ឆ្លង និងប៉ះពាល់ដោយជំងឺកូវីដ១៩ ទទួលបានជំនួយពីសម្តេចតេជោ ហ៊ុន សែន ដូចជា៖
ទី១៖ ចំពោះគ្រួសារដែលមានសមាជិកស្លាប់ដោយសារជំងឺកូវីដ១៩ រដ្ឋនឹងជួយបង់ជំនួសនូវការប្រើប្រាស់ទឹកស្អាត និងថ្លៃអគ្គិសនីអប្បបរមារយៈពេល៥ខែបន្ថែមលើការអន្តរាគមន៍ជួយដែលដាក់ចេញកន្លងមក (ដោះស្រាយតែសម្រាប់ប្រជាជនកម្ពុជាប៉ុណ្ណោះ)
ទី២៖ ចំពោះផ្ទះណាដែលសមាជិកដែលឆ្លងកូវីដ១៩ ប៉ុន្តែអត់មានមនុស្សស្លាប់ រដ្ឋនឹងជួយចេញថ្លៃទឹកថ្លៃភ្លើង អប្បបរមា រយៈពេល៣ខែ ដោយរាប់ចាប់តាំងពីជននោះឆ្លងជំងឺកូវីដ១៩។
ទី៣៖ គ្រួសារដែលធ្វើចត្តាឡីស័ក នៅតំបន់បិទខ្ទប់ រដ្ឋនឹងជួយ៣០ម៉ឺនរៀល ក្នុង១គ្រួសារ និងជួយបង់ទឹកភ្លើងក្នុងកម្រិតសមរម្យមួយរយៈពេល២ខែ។
ទី៤៖ អ្នកដែលប៉ះពាល់នៅតំបន់បិទខ្ទប់ រដ្ឋនឹងជួយ៣០ម៉ឺនក្នុង១គ្រួសារ ហើយជួយបង់ថ្លៃទឹកភ្លើងចំនួន២ខែដែរ
ទី៥៖ ផ្តល់អង្ករដល់គ្រួសារដែលប៉ះពាល់ នៅតំបន់បិទខ្ទប់នូវអង្ករ២៥គីឡូ មីមួយកេសតូច ត្រីខ ២០កំប៉ុងផងដែរ។
សម្ដេចមានប្រសាសន៍បន្ថែមថា, ចំពោះកម្មការិនីរោងចក្រ ឌីន ហាន ដែលបានឆ្លងជំងឺ covid-19 ចំនួន ៦៣៨នាក់ ប្រសិនបើក្រុមគ្រួសាររបស់គាត់ ត្រូវបានជំពាក់បំណុលធនាគារ សូមមេត្តាធនាគារ និងខាងមីក្រូហិរញ្ញវត្ថុ មេត្តាឲ្យយល់ចំពោះការបង់ការប្រាក់ ប្រាក់ដើម ខណៈដែលគាត់កំពុងមានវិបត្តិកូវីដ-១៩ ហើយ មិនគួរឲ្យគាត់មានផលលំបាកក្នុងការរកប្រាក់បង់ធនាគារនោះ។ សម្ដេចបន្តថា, បើគាត់ជាអ្នករកប្រាក់ដើម្បីជួយក្រុមគ្រួសារ ដល់ពេលគាត់មានជំងឺកូវីដ-១៩ តើគាត់មានពេលឯណាដើម្បីរកប្រាក់ទាំងនោះជួយក្រុមគ្រួសារ៕
ដោយ៖ សុខ ខេមរា