អន្តរជាតិ៖ បើតាមទីភ្នាក់ងារព័ត៌មាន AP នៅល្ងាចថ្ងៃសុក្រ ទី០៩ ខែមេសា ឆ្នាំ២០២១ បានចុះផ្សាយថា ក្រុមវេជ្ជបណ្ឌិតនៅប្រទេសជប៉ុន បានប្រកាសកាលពីថ្ងៃទី៨ ខែមេសាថា ពួកគេទើបទទួលជោគជ័យជាលេីកដំបូង ក្នុងវះកាត់ផ្លាស់ប្តូរជាលិកាសួត ដំបូងបំផុតលើពិភពលោក ដោយជាលិកានោះគឺជាការបរិច្ចាគពីអ្នកនៅមានជីវិត ឲ្យទៅអ្នកជំងឺដែលមានសួត រងការខូចខាតធ្ងន់ធ្ងរដោយសារ COVID-19។
ទីភ្នាក់ងារព័ត៌មាន AP បានបន្តថា ស្រ្តីដែលអ្នកទទួលការបរិច្ចាគជាលិកាសួតនោះ ស្ថិតក្នុងសភាពនឹងនរល្អ ក្រោយប្រតិបត្តិការវះកាត់ដែលប្រើរយៈពេលជិត ១១ម៉ោង កាលពីថ្ងៃពុធសប្តាហ៍នេះ។ ចំណែកឯប្តី និងកូនរបស់គាត់ ជាអ្នកដែលបានបរិច្ចាគផ្នែកខ្លះនៃសួតរបស់ពួកគេ ក៏កំពុងស្ថិតក្នុងស្ថានភាពនឹងនរដូចគ្នាដែរ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយ របស់មន្ទីរពេទ្យសាកលវិទ្យាល័យក្យូតូ។
ជាមួយគ្នានេះ សាកលវិទ្យាល័យក្យូតូ ក៏បានអះអាងថា វាគឺជាជោគជ័យលើកដំបូងបំផុតលើពិភពលោក នៃការវះកាត់ប្តូរជាលិកាសួត ឲ្យអ្នកមានសួតខូចខាតខ្លាំង ដោយសារ COVID-19 ដែលបានមកពីអ្នកបរិច្ចាគនៅមានជីវិត។ សម្រាប់ការវះកាត់ស្រដៀងគ្នានេះ តែជាលិកាសួតបានមកពីអ្នកបរិច្ចាគ ដែលត្រូវគេចាត់ទុកថា ស្លាប់ទៅហើយនោះ គឺធ្លាប់ប្រព្រឹត្តទៅនៅសហរដ្ឋអាមេរិក ចិន និងអឺរ៉ុបជាដើម។
សូមជម្រាបថា កាលពីចុងឆ្នាំមុន ស្រ្តីខាងលើបានឆ្លងជំងឺ COVID-19 ហើយស្ថានភាពសួតរបស់គាត់ បានរងការខូចខាតជាខ្លាំង ដោយត្រូវចំណាយពេលស្ថិតជាមួយ ម៉ាស៉ីនជំនួយជីវិតដល់ទៅជាង ៣ខែ។ ប៉ុន្តែបេីទោះបីជា គាត់បានជាសះស្បើយពី COVID-19 ក៏ដោយ ក៏សួតរបស់គាត់លែងអាចធ្វើការបានទៀតឡើយ ហើយក៏មិនអាចព្យាបាលឲ្យដូចដើមវិញបានដែរ។ ដូច្នេះមានតែជម្រើសមួយគត់ នោះគឺទទួលការវះកាត់ប្តូរសួត។
ដោយឡែកទាក់ទិននឹងបញ្ហានេះដែរ ស្វាមី និងកូនប្រុសគាត់ ក៏បានស្ម័គ្រចិត្តបរិច្ចាគផ្នែកខ្លះនៃសួតរបស់ពួកគេ ដោយប្តីបានផ្តល់ឲ្យនូវផ្នែកនៃសួតខាងឆ្វេង ខណៈកូនប្រុសឲ្យផ្នែកនៃសួតខាងស្តាំ។ ចំណែកប្រតិបត្តិការវះកាត់បានប្រព្រឹត្តទៅ នៅមន្ទីរពេទ្យសាកលវិទ្យាល័យក្យូតូ ដោយក្រុមវេជ្ជបណ្ឌិតសរុប ៣០នាក់។
គួរបញ្ជាក់ថា បច្ចុប្បន្នស្រ្តីរូបនេះត្រូវគេរំពឹងថា នឹងត្រូវអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យបាន ក្នុងរយៈពេលប្រមាណជា ២ខែខាងមុខទៀត ហើយអាចត្រឡប់ទៅរស់នៅដូចធម្មតាវិញ ក្នុងរយៈពេលប្រហែលជា ៣ខែ៕ដោយ៖ស តារា
រូបភាព៖ឯកសារ