ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋកំពុងជួបទុក្ខ ឆ្លៀតលក់សាច់ជ្រូកឡើងថ្លៃ ត្រូវសមត្ថកិច្ចហៅមកធ្វើការអប់រំ

ចែករំលែក៖

ភ្នំពេញ៖ អ្នកឆ្លៀតឱកាស នៅតែឆ្លៀត ទោះមានការស្នើសុំប្រកាសពីអាជ្ញាធរក៏ដោយ នៅតែបន្តលក់ឡើងថ្លៃក្នុងគ្រាដែលប្រជាពលរដ្ឋជួបទុក្ខលំបាក និងខ្វះថវិកា ។

ជាក់ស្តែងកាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ អាជីវករម្នាក់មានឈ្មោះ ស្រេង សិធារ៉ា ភេទស្រី អាយុ ៦០ឆ្នាំ មុខរបរអ្នកលក់សាច់ជ្រូក នៅផ្លូវលេខ 348 (ផ្សារលូ) ក្នុងសង្កាត់ទួលស្វាយព្រៃទី ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ត្រូវបានមន្ត្រីមានសមត្ថកិច្ចចុះធ្វើការអប់រំ ណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព ក្រោយពេលពិនិត្យឃើញថា អាជីវកររូបនេះ បានលក់សាច់ជ្រូកឲ្យប្រជាពលរដ្ឋក្នុងតម្លៃខ្ពស់ខុសពីធម្មតា ឆ្លៀតឱកាសដែលរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាលត្រូវបានរាជរដ្ឋាភិបាលសម្រេចបិទខ្ទប់ភូមិសាស្រ្តនេះ ដើម្បីបង្ការ ទប់ស្កាត់ ការឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩។

អាជ្ញាធរបានលើកឡើងថា, យើងខ្ញុំសូមអំពាវនាវដល់អាជីវករលក់គ្រឿងឧបភោគ បរិភោគ តាមផ្សារ ក៏ដូចនៅតាមផ្ទះ ក្នុងតំបន់ហាមឃាត់ ឬនៅទូទាំងប្រទេស សូមមេត្តាចៀសវាងឆ្លៀតឱកាសគ្រាអាសន្ននេះ ដាក់បន្ទុកបន្ថែមទៅលើប្រជាពលរដ្ឋ ក៏ដូចជារាជរដ្ឋាភិបាល នឹងអាចប្រឈមចំពោះមុខច្បាប់ទៀតផង។
យើងដឹងហើយថា, តំបន់ខ្លះប្រជាពលរដ្ឋជួបការលំបាក ដាច់ម្ហូប អង្ករ ប៉ុន្តែ អាជ្ញាធររាជធានីភ្នំពេញ អាជ្ញាធរមូលដ្ឋាន បានប្រឹងប្រែងយកអំណោយទៅផ្តល់ជូន ទោះតិចក្តី ច្រើនក្តី ក៏ជាមធ្យោបាយកាត់បន្ថយបានខ្លះ ក្នុងគ្រាគាត់ជួបការលំបាក ៕

ដោយ ៖ សិលា


ចែករំលែក៖