ភ្នំពេញ៖ យោងតាមសេចក្ដីសម្រេច លេខ ៥០ សសរ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ស្តីពីការ កែសំរួលវិធានការដែលត្រូវអនុវត្តក្នុងអំឡុង ពេលបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។
អនុវត្តតាមប្រសាសន៍សារជាសម្លេងណែនាំបន្ថែម របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ ស្តីពីការក្រើនរំលឹកការរឹតបន្តឹង និងអនុវត្តវិធានការផ្លូវច្បាប់ ចំពោះជនដែលបំពានលើបំរាម ទៅលើអនុក្រឹត្យ និងបទបញ្ញត្តិទាំងឡាយដែលបានកំណត់ក្នុងរយៈពេលកន្លងទៅ ដោយគ្មានការយោគយល់ ក្នុងគោលបំណងដើម្បីរួមគ្នា ធ្វើឲ្យប្រទេសជាតិឆាប់វិលត្រឡប់ទៅរកស្ថានភាពដើមវិញ។
ដើម្បីអនុវត្ត នូវសេចក្តីសម្រេច និងប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីគេជោ ហ៊ុន សែន នាយករដ្ឋមន្តី ឲ្យបានប្រសិទ្ធិភាព លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានណែនាំដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យា ចំណុះក្រសួងទាំងអស់ត្រូវអនុវត្តឲ្យបានដោយ ស្មារតីទទួលខុសត្រូវខ្ពស់ និងម៉ឺងម៉ាត់បំផុត។
ក្នុងអំឡុងពេល នៃការអនុវត្តវិធានការបិទខ្ទប់នេះ ក្រសួង សូមដាក់ចេញនូវការងារមួយចំនួនដូចខាងក្រោម៖
១. ផ្អាកសកម្មភាពបំពេញការងារប្រចាំថ្ងៃបណ្ដោះអាសន្ន នៅទីស្តីការក្រសួងចំនួន២សប្ដាហ៍ចាប់ពីថ្ងៃជូនដំណឹង រហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ។
២- លោកប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន រដ្ឋបាល និងកិច្ចការទូទៅ រៀបចំអ្នកប្រចាំការទទួល សំបុត្រ២នាក់ សន្តិសុខយាមប្រចាំការ និងរៀបចំលិខិតបេសកកម្ម ជូនដល់សាមី ដែលត្រូវប្រចាំការ។
៣- រាល់ការឆ្លងយោបល់ឯកសារផ្សេងៗ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ អាចធ្វើការងារតាអនឡាញ នៅតាមផ្ទះ រួចបញ្ជូនឯកសារ តាមប្រព័ន្ធបណ្តាញសង្គម (តេឡេក្រាម) ក្នុងករណីចាំបាច់។
៤-មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចរាជធានី-ខេត្ត ត្រូវអនុវត្តតាមការណែនាំរបស់រដ្ឋបាលខេត្តសាមីនីមួយៗ ។
៥- អំឡុងពេល នៃការអនុវត្តវិធានការបិទខ្ទប់ ហាមដាច់ខាតនូវរាល់ការជួបជុំ ដែលមានមនុស្សចំនួនច្រើន ឬទង្វើណា ដែលផ្ទុយពី សេចក្តីសម្រេច និងប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
៦- ត្រូវមានកាតព្វកិច្ច អនុវត្តវិធានការសុខាភិបាល ជាពិសេសពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាព ព្រមទាំងប្រកាន់ខ្ជាប់ការធ្វើអនាម័យ ដើម្បីសម្លាប់មេរោគ និងការវាស់កម្ដៅ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩។
ទទួលបានសេចក្តីជូនដំណឹងនេះ សូមលោក លោកស្រី ជាថ្នាក់ដឹកនាំ ទីប្រឹក្សា ជំនួយការ មន្ត្រីរាជការ និងមន្ត្រី គ្រប់លំដាប់ថ្នាក់ ចូលរួមអនុវត្តប្រកបដោយប្រសិទ្ធិភាពខ្ពស់៕
ដោយ ៖ សិលា