ភ្នំពេញ ៖ ស្ត្រីរូបស្រស់ម្នាក់មានវិបត្តិផ្លូវចិត្តក្នុងគ្រួសារបានដើរផង យំផង សំដៅមកបញ្ចប់ជីវិតដោយបម្រុងលោតពីលើស្ពានជ្រោយចង្វា តែមិនបានសម្រេចត្រូវបានកម្លាំងសមត្ថកិច្ចដែលប្រចាំនៅគោលដៅស្ទុះទៅឃាត់ទាន់ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១០និង២០នាទីយប់ថ្ងៃអាទិត្យ ទី១៨ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅចំណុចគល់ស្ពានជ្រោយចង្វាត្រើយខាងលិច ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ស្ត្រីរងគ្រោះមានឈ្មោះ សុខ ខេង អាយុ២៥ឆ្នាំ មុខរបរសម្អាងការ ស្នាក់នៅផ្សារសាំហាន់ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ។
បេីតាមប្រភពពីសមត្ថកិច្ចប្រចាំគោលដៅបានឲ្យដឹងថា គាត់បានឃើញស្ត្រីរងគ្រោះខាងលើដើរពីលិចទៅកើតសំដៅឡើងស្ពានជ្រោយចង្វាដើម្បីមកធ្វើអត្តឃាតលោតទឹកសម្លាប់ខ្លួនដោយដើរបណ្ដើរយំបណ្ដើរ ខណៈមកដល់ចំណុចកើតហេតុខាងលើត្រូវបានសមត្ថកិច្ចឃាត់សួរនាំទើបដឹងថាស្ត្រីរូបនោះមានវិបត្តិក្នុងគ្រួសារ។
តាមសម្ដីស្ត្រីរងគ្រោះបានរៀបរាប់ប្រាប់អ្នកសារព័ត៌មានទាំងយំក្ដុកក្ដួលថា ប្ដីរបស់គាត់តែងតែធ្វើបាបផ្លូវចិត្តគាត់យ៉ាងធ្ងន់ធ្ងរ ដោយតែងតែប្រចណ្ឌគាត់មិនមានហេតុផលច្បាស់លាស់ ថ្ងៃណាក៏រករឿងគាត់ស្ទើរគ្មានលោះថ្ងៃ ទើបគាត់សម្រេចចិត្តមកបញ្ចប់ជីវិតលោតទឹកសម្លាប់ខ្លួនតែម្តង ប៉ុន្តែមិនទាន់បានលោតផងត្រូវសមត្ថកិច្ចឃាត់ ។
ក្រោយមក សមត្ថកិច្ចមូលដ្ឋានបានទាក់ទងហៅប្ដីឲ្យមកយកត្រលប់ទៅផ្ទះវិញ ៕
ដោយ ៖ ភារ៉ា ដង្កោ