ខេត្តកណ្ដាល៖ ក្រុមជនសង្ស័យម្នាក់ក្នុងចំណោម៣នាក់ត្រូវបាននគរបាលឈរជើងនៅគោលដៅព្រំប្រទល់ស្រុកស្អាងនិងក្រុងតាខ្មៅក្របួចជាប់ ក្រោយពីធ្វើសកម្មភាពលួចម៉ូតូរបស់ពលរដ្ឋម្នាក់នៅឃុំក្រាំងយ៉ូវ នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង៩និង៣០នាទី នៅចំណុចផ្ទះរបស់ឈ្មោះ វ៉ាត ណារិន ស្ថិតក្នុងភូមិសំរោង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកស្អាងបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ យន យ៉ុន ភេទប្រុស អាយុ៦០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ
មានទីលំនៅភូមិសំរោង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ។ ចំណែកជនសង្ស័យមានគ្នាចំនួន៣នាក់ ទី១. ឈ្មោះ គង់ លី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន),ទី២.ឈ្មោះ ឃី វ៉េវ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ (គេចខ្លួន) ទាំងពីរនាក់មានទីលំនៅភូមិគោកអណ្ដែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល
និងទី៣. ឈ្មោះ អី ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិសំរោង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល (គេចខ្លួន)។ រីឯវត្ថុតាងចាប់យក៖ ម៉ូតូចំនួន១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខៈ ភ្នំពេញ1GS-7338 (ជារបស់ជនរងគ្រោះ), ដែកមូលចំនួន១ ទំហំប៉ុនម្រាមដៃ ប្រវែង ៧ស.ម កែច្នៃជាសោសម្រាប់កាច់កម៉ូតូ (ជារបស់ជនសង្ស័យ). ទូរស័ព្ទចំនួន១គ្រឿង។
ប្រភពដដែលបន្តថា នៅថ្ងៃ/ខែ/ឆ្នាំ វេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះបានទៅផ្ទះរបស់ឈ្មោះ វ៉ាត ណារិន ដើម្បីទិញថ្នាំពេទ្យ ហើយខ្លួនបានទុកម៉ូតូនៅមុខផ្ទះរបស់ឈ្មោះ វ៉ាត ណារិន នៅក្បែរចិញ្ចើមផ្លូវ ដោយភ្លេចដកសោចេញពីម៉ូតូ ខណៈដែលជនរងគ្រោះកំពុងសួរនាំឈ្មោះ វ៉ាត ណារិន រកទិញថ្នាំ ស្រាប់តែមានជនសង្ស័យចំនួន៣នាក់ខាងលើ បានជិះម៉ូតូ១គ្រឿងមកដល់ ហើយម្នាក់ក្នុងចំណោម៣នាក់ខាងលើ បានមកធ្វើសកម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះ រួចព្យាយាមជិះរត់គេចខ្លួន ខណៈនោះដែរជនរងគ្រោះបានឃើញជនសង្ស័យទាំង៣នាក់ក៏បានស្រែកឆោឡោឡើង និងបានរាយការណ៍ជូនសមត្ថកិច្ចក្រាំងយ៉ូវជួយធ្វើអន្តរាគមន៍។
បន្ទាប់ពីទទួលបានព័ត៌មានខាងលើភ្លាម សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវ បានចុះដល់កន្លែងកើតហេតុដើម្បីប្រមូលពត៌មាន និងកំណត់មុខសញ្ញាបានភ្លាមៗ ក្រោមការបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាង កម្លាំងជំនាញនគរបាលយុត្តិធម៌ស្រុកស្អាង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវ -ស្អាងភ្នំ-ព្រែកគយ និងកម្លាំងឈរជើងប្រចាំការនៅគោលដៅត្រពាំងឈូក (ព្រំប្រទល់ស្រុកស្អាង-ក្រុងតាខ្មៅ) បានសហការគ្នា ស្ទាក់ចាប់បានជន ជនសង្ស័យ១នាក់ ឈ្មោះ គង់ លី ក្នុងចំណោមគ្នា៣នាក់ដែលបានធ្វើសកម្មភាព ។
បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕
ដោយ៖ ស្អាងជ័យ