ភ្នំពេញ៖ ក្រោយពីផ្សារដើមគដែលជាផ្សារបន្លែដ៏ធំមួយនៅក្នុងរាជធានីភ្នំពេញ ត្រូវបានបិទដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលបានធ្វើឲ្យអាជីវកររាប់រយនាក់បានឆ្លងនូវជំងឺនេះ ហើយត្រូវបានអាជ្ញាធររាជធានីភ្នំពេញធ្វើការបិទជា បណ្តោះអាសន្ននោះ មកដល់ពេលនេះ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបង្កើតផ្សារថ្មីមួយទៀតជាបណ្តោះអាសន្ននៅស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាល ដើម្បីបញ្ជូនបន្លែបង្ការនានាទៅលក់នៅផ្សារនោះ ដើម្បីបែងចែកបន្លែ បង្ការ ជំនួសផ្សារដើមគដែលត្រូវបានបិទ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩ ។
លោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី១៩ មេសា ឆ្នំ២០២១ថា៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្រោយពីមានការបិទផ្សារដើមគជាបណ្តោះអាសន្ន ដោយសារតែមានការរីករាលដាលនៃជំងឺកូវីដ-១៩ លោក ឃួង ស្រេង ក៏បានបង្កើតទីផ្សារមួយទៀតជំនួសផ្សារដើមគជាបណ្តោះអាសន្ន ។ ផ្សារនេះមានទីតាំងស្ថិតនៅតាមផ្លូវជាតិលេខ២ ក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដែលមានចម្ងាយប្រមាណជាជាង១៤គីឡូម៉ែត្រពីផ្សារដើមគ រាជធានីភ្នំពេញ ។ ផ្សារថ្មីនេះ មកដល់ពេលនេះ បន្លែបង្ការមួយចំនួនបានដឹកចូលទៅក្នុងទីផ្សារនេះហើយដែរ ដើម្បីផ្គត់ផ្គង់តម្រូវការប្រជាពលរដ្ឋនៅរាជធានីភ្នំពេញនិងប្រជាពលរដ្ឋមួយ ចំនួននៅតាមបណ្ដាខេត្តនានានៃព្រះរាជាណាចក្រកម្ពុជាផងដែរ៕
ដោយ ៖ សំរិត