ព័ត៌មានទាន់ហេតុការណ៍៖

មានអ្នកស្លាប់ចំនួន​ ០៤នាក់ បុរសជនជាតិខ្មែរ​ អាយុ​ ៦៥ឆ្នាំ​ បុរសជនជាតិខ្មែរ​ អាយុ​ ៧២ឆ្នាំ​ ស្រ្តីជនជាតិខ្មែរ​ អាយុ​ ៤៨ឆ្នាំ​ និងស្រ្តីជនជាតិខ្មែរ​ អាយុ​ ៤០ឆ្នាំ​ ដោយសារ​ ជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ពី ករណីស្លាប់ជនជាតិខ្មែរចំនួន ០៤នាក់ ,បុរសអាយុ ៦៥ឆាំ្ន អាយុ ៧២ឆ្នាំ ស្ត្រីអាយុ ៤៨ឆ្នាំ ស្រ្តីអាយុ ៤០ឆ្នាំ ដោយសារ ជំងឺកូវីដ- ១៩។

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនទាំងអស់ឱ្យបានជ្រាបថា យោងតាម របាយការណ៍ពី៖ ១-មន្ទីរពេទ្យមិត្តភាពខ្មែរ – សូវៀត បានឱ្យដឹងថាបុរសជនជាតិខ្មែរអាយុ ៦៥ឆ្នាំ រស់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី ភ្នំពេញ បានចូលសម្រាកពេទ្យ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១៤និង២០នាទី បន្ទាប់ពីទទួលបានលទ្ធផលវិជ្ជមានកូវីដ-១៩ ជាមួយស្ថានភាពក្អក ហត់ខ្លាំង និងមានប្រវត្តិជំងឺទឹកនោមផ្អែមប្រចាំកាយ។ ដោយការវិវត្តរបស់ជំងឺពីមួយថ្ងៃទៅ មួយថ្ងៃកាន់តែធ្ងន់ធ្ងរឡើងៗ រួមជាមួយស្ថានភាពហត់ដង្ហក់ខ្លាំងដែលតម្រូវ ឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះតាមបច្ចេកទេសយ៉ាងយក ចិត្តទុកដាក់រួមទាំងការប្រើម៉ាស៊ីនជំនួយដង្ហើមផង ក៏នៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន គាត់ក៏បានស្លាប់បាត់បង់ជីវិត នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ០៧:២០នាទីព្រឹក។
ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ បុរសជនជាតិខ្មែរអាយុ ៦៥ឆ្នាំ ខាងលើនេះបានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវ ដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងដោយសារវីរុសកូវីដ-១៩ លើអ្នកជំងឺទឹកនោមផ្អែមប្រចាំកាយ។

២-មន្ទីរពេទ្យមិត្តភាពខ្មែរ – សូវៀត បានឱ្យដឹងថាបុរសជនជាតិខ្មែរអាយុ ៧២ឆ្នាំ រស់នៅសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ បានចូលសម្រាកព្យាបាលនៅមជ្ឈមណ្ឌលជាតិកំចាត់រោគររបង និងហង់សិន នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ ដោយមានរោគសញ្ញា ក្អកហត់ រួមទាំងមានជំងឺទឹកនោមផ្អែម ជំងឺបេះដូងនិងខ្សោយតំរងនោមដំណាក់កាលចុងក្រោយប្រចាំកាយ។

បន្ទាប់ពីបានរកឃើញ មានវិជ្ជមានកូវីដ-១៩ ហើយអ្នកជំងឺមានការវិវត្តកាន់តែធ្ងន់ធ្ងរ គាត់ត្រូវបានបញ្ជូនទៅព្យាបាលបន្តនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតនៅ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១។ ដោយស្ថានភាពរបស់អ្នកជំងឺពីមួយថ្ងៃទៅមួយថ្ងៃកាន់តែធ្ងន់ធ្ងរឡើងៗ ហត់ដង្ហក់ខ្លាំង ដែលតម្រូវ ឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេស រួមទាំងការប្រើម៉ាស៊ីនជំនួយដង្ហើមផងក៏នៅតែមិនអាចជួយសង្គ្រោះអ្នក ជំងឺបាន គាត់ក៏បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៦:០២នាទី រសៀល។ ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ បុរសជនជាតិខ្មែរអាយុ៧២ឆ្នាំ ខាងលើនេះ បានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងដោយសារវីរុសកូវីដ-១៩ លើអ្នកជំងឺទឹកនោមផ្អែម ជំងឺបេះដូងនិងខ្សោយតំរងនោមប្រចាំកាយ។
៣-មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បានឱ្យដឹងថាមានស្ត្រីជនជាតិខ្មែរអាយុ ៤៨ឆ្នាំ រស់នៅខេត្តព្រះសីហនុបានចូលសម្រាក ពេទ្យនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ០៩:៣០នាទី បន្ទាប់ពីបានរកឃើញវិជ្ជមានកូវីដ-១៩. ជាមួយរោគ សញ្ញាហត់ដង្ហក់ខ្លាំង មានស្ថានភាពពិបាកដកដង្ហើមដែលតម្រូវឱ្យគ្រូពេទ្យប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើមភ្លាមៗ ដើម្បីជួយ សង្គ្រោះប៉ុន្តែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន គាត់បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៣ : ៤០នាទី ។
ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ ស្ត្រីជនជាតិខ្មែរអាយុ ៤៨ឆ្នាំ ខាងលើនេះ បានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវ ដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងដោយសារវីរុសកូវីដ-១៩ ។
៤-មណ្ឌលសុខភាពចាក់អង្រែ បានឱ្យដឹងថាមានស្ត្រីជនជាតិខ្មែរអាយុ ៤០ឆ្នាំ រស់នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានី ភ្នំពេញ បានរកឃើញវិជ្ជមានកូវីដ-១៩ រួចត្រូវបានដាក់ឱ្យព្យាបាលនៅមណ្ឌលព្យាបាលចាក់អង្រែ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៣:១០នាទី ដោយការវិវត្តរបស់ជំងឺពីមួយថ្ងៃទៅមួយថ្ងៃចេះតែធ្ងន់ធ្ងរឡើងៗ ទោះបីជាក្រុមគ្រូ ពេទ្យបានខិតខំព្យាបាលតាមលក្ខណៈបច្ចេកទេស រួមទាំងការប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើមផង ក៏មិនអាចជួយសង្គ្រោះអ្នក ជំងឺបាន គាត់បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ០៦:២៨នាទី ។ ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ ស្ត្រីជនជាតិខ្មែរអាយុ ៤០ឆ្នាំ ខាងលើនេះ បានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងដោយសារវីរុសកូវីដ-១៩ ។ ក្រសួងសុខាភិបាល សូមចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារសព។

អាស្រ័យហេតុដូចបានជម្រាបជូនខាងលើនេះ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន៕

ដោយ ៖ សិលា


ចែករំលែក៖