ខេត្តបន្ទាយមានជ័យ៖ មនុស្ស០២នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងដោយគ្រោះថ្នាក់ចរាចរណ៍ រថយន្តម៉ាកតូយ៉ូតាស៊ីណាបុកខណៈពេលជនរងគ្រោះកំពុងបណ្តើរម៉ូតូអស់សាំង នៅវេលាម៉ោង ៥និង២០នាទីព្រឹកព្រលឹមថ្ងៃទី៣០ខែមេសា ឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ៥ ត្រង់ចំណុចខាងលិចស្ថានីយ៍ថ្លឹងរថយន្តកូនដំរី ប្រហែល១៥០ម៉ែត្រស្ថិតក្នុងភូមិកូនដំរី សង្កាត់និមិត្តក្រុងប៉ោយប៉ែត ។
ជនរងគ្រោះទី១ឈ្មោះ អៀង ម៉េងលី ភេទប្រុសអាយុ២៧ឆ្នាំមុខរបរ ធ្វើស្រែ (ជាអ្នកបណ្តើរម៉ូតូ)ទី២ឈ្មោះ អាង ធឿន ភេទប្រុស អាយុ៣៦ឆ្នាំ,មុខរបរ ធ្វើស្រែ (អ្នកដើរពីក្រោយជួយរុញម៉ូតូ)។
ជនរងគ្រោះទាំង០២នាក់ នៅក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
មន្ត្រីនគរបាលប្រាប់ថា៖នៅមុនពេលកើតហេតុ ជនរងគ្រោះមានគ្នាចំនួន៣នាក់ បានជិៈម៉ូតូ០១គ្រឿងម៉ាកហុងដាវ៉េវ ពណ៌ក្រហម ពុំមានស្លាកលេខ ទៅឆ្លុះកង្កែប លុះពេលនាំគ្នាត្រឡប់មកផ្ទះវិញជិៈមកដល់លើផ្លូវជាតិ ម៉ូតូអស់សាំង ក្នុងនោះមាន១នាក់បានដើរទៅរកទិញសាំង ហើយឲ្យឈ្មោះអៀង ម៉េងលី ជាអ្នកបណ្តើរម៉ូតូនិងឈ្មោះ អាង ធឿន ជាអ្នកជួយរុញម៉ូតូពីក្រោយក្នុងទិសដៅពីកើតទៅលិច ពេលមកដល់ចំណុចកើតហេតុត្រង់ចំណុចខាងលិចស្ថានីយ៍ថ្លឹងរថយន្តកូនដំរី ប្រហែល១៥០ម៉ែត្រ,ស្ថិតក្នុងភូមិកូនដំរី មានរថយន្តមួយគ្រឿងម៉ាកតូយ៉ូតាស៊ីណា ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2T-2327 បើកបរពីលិចទៅកើត ហើយបានរេចង្កូតទៅបុកមនុស្ស០២នាក់ កំពុងដើរបណ្តើរម៉ូតូនិងរុញពីក្រោយប៉ើងខ្ទាតធ្លាក់ពីថ្នល់ទាំងមនុស្សនិងម៉ូតូ ។
អ្នកបើកបររថយន្តក្រោយពីបង្កហេតុបានដោះស្លាកលេខរថយន្តរត់គេចខ្លួនបាត់ ។ករណីនេះសមត្ថកិច្ចសង្ស័យអ្នកបើកបររថយន្តងងុយដេក ។សពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ចំណែកអ្នកបើកបររថយន្តកម្លាំងនគរបាលជំនាញកំពុងធ្វើការស្រាវជ្រាវ យកមកទទួលខុសត្រូវចំពោះមុខច្បាប់ វត្ថុតាងម៉ូតូនិងរថយន្តយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត៕
ដោយ៖ វណ្ណា