ភ្នំពេញ៖ នាយឧត្តមសរនីយ៍ នាង ផាត និងនាយឧត្តមសរនីយ៍ ឥត សារ៉ាត់ អញ្ជើញចុះពិនិត្យសកម្មភាព ក្រុមគ្រូពេទ្យនៃកងយោធពលខេមរភូមិន្ទ ដែលកំពុងដំណើរការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ និងកម្មករ និយោជិត ក្នុងភូមិសាស្ត្រតំបន់បិទខ្ទប់ ខណ្ឌមានជ័យ ។
ថ្ងៃទី០២ ខែឧសភា ឆ្នាំ ២០២១នេះ គឺជាថ្ងៃនៃយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ថ្ងៃទី២ ជូនដល់ប្រជាពលរដ្ឋ.កម្មករ.និយោជិត.ក្នុងសង្កាត់ចាក់អង្រែលើចាក់អង្រែក្រោម.សង្កាត់បឹងទំពុនទី១.ទី២ និងសង្កាត់បឹងទំពន់ទី៣ ក្នុងភូមិសាស្ត្រខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយក្រុមគ្រូពេទ្យរបស់កងយោធពលខេមរភូមិន្ទ ក្នុងយុទ្ធនាការជាលក្ខណៈទ្រង់ទ្រាយធំ ក្នុងតំបន់ក្រហម.តំបន់លឿងទុំ និងតំបន់លឿង.ស្របពេលដែលខណ្ឌចំនួន ៣ទៀត ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ក្រុមគ្រូពេទ្យយោធា ក៏បាននឹងកំពុងមមាញឹកផ្ដល់នូវវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូចៗគ្នាជូនប្រជាពលរដ្ឋ.និងកម្មករនិយោជិត ដែលមិនទាន់បានទទួលវ៉ាក់សាំងការពារនេះ ។
ផ្តើមចេញពីយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ កាលពីថ្ងៃទី ០១ ខែឧសភា ឆ្នាំ ២០២១នេះ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការ និងជាប្រធានអនុគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ-១៩ ក្រសួងការពារជាតិ និង នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ និងជាប្រធានប្រតិបត្តិ យុទ្ធនាការចាក់វ៉ាក់សាំង នៃកងយោធពលខេមរភូមិន្ទ រួមជាមួយនាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយក អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ និងមន្ត្រីថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធ ក្នុងរាជរដ្ឋាភិបាល និងកងយោធពលខេមរភូមិន្ទជាច្រើនរូប សកម្មភាពរបស់ក្រុមគ្រូពេទ្យនៃកងយោធពលខេមរភូមិន្ទ ដែលកំពុងដំណើរការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ និងកម្មករ និយោជិក ក្នុងភូមិសាស្ត្រតំបន់បិទខ្ទប់ (Lockdown ) របស់ខណ្ឌមានជ័យ ។
យុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហម និងតំបន់ពណ៌លឿងទុំ.ដែលជាតំបន់ឆ្លងរីករាលដាលខ្លាំងនៃជំងឺកូវីដ-១៩នោះ គឺជាការគិតគូរខ្ពស់មួយរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីឱ្យប្រជាពលរដ្ឋនៅក្នុងតំបន់ប្រឈមនឹងការឆ្លងជំងឺខ្លាំងនេះ ទទួលបានវ៉ាក់សាំងការពារសុខភាពរបស់ពួកគេពីការវាយប្រហារដោយមេរោគដ៏សាហាវនេះ ។
យោងតាមរបាយការណ៍របស់ក្រុមការងារ ដែលទទួលបាននៅព្រឹកថ្ងៃអាទិត្យ ទី០២ ខែឧសភា បានបង្ហាញថា៖ យុទ្ធនាការថ្ងៃដំបូងនៃការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ក្រហម ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ ម្សិលមិញនេះ ក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ សរុបបានចំនួន ២៣,៦៥៨នាក់ ស្រី ១២,៣១០នាក់ ។ ក្នុងនោះ ខណ្ឌមានជ័យ ចាក់បាន ៥,៤៥៥នាក់, ខណ្ឌដង្កោ ចាក់បាន ៥,៣៣៧នាក់, ខណ្ឌកំបូល ចាក់បាន, ៥,២០៦ នាក់ និងខណ្ឌពោធិ៍សែនជ័យ ចាក់បាន ៧,៦៦០នាក់៕
ដោយ៖ សូរិយា