ភ្នំពេញ៖ លោក ឃួង ស្រេង បន្ដទទួល អំណោយពីសប្បុរសជន ជាសម្ភារ និងស្បៀងអាហារ នូវែលហ្សេឡង់ ប្រចាំនៅប្រទេសអូស្រ្ដាលី ដើម្បីរដ្ឋបាលរាជធានីមានលទ្ធភាព បន្ដ ជួយឧបត្ថម្ភដល់ ជីវភាពជូនប្រជាពលរដ្ឋដែលទទួលរងគ្រោះនិងរងផល ប៉ះពាល់ធ្ងន់ធ្ងរពីមេរោគកូវីដ-១៩ ខណៈជម្ងឺនេះបាននិងកំពុងរាតត្បាត ដោយបានធ្វើអោយប្រជាពលរដ្ឋប្រមាណជាង១ម៉ឺននាក់បានឆ្លងនិងបានធ្វើឱ្យចំនួនអ្នកស្លាប់កើនឡើងរហូត ដល់ ជាង១០០នាក់។
ពិធីប្រគល់និងទទួលនេះបានធ្វើឡើងនាព្រឹកថ្ងៃទី០៦ ឧសភា ឆ្នាំ២០២១ នេះ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមាន លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ។
អំណោយរបស់ ក្រុមការងារផ្នែកក្រៅប្រទេសនៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលជូនរដ្ឋបាលរាជធានីភ្នំពេញ រួមមាន៖ មី ចំនួន ១,០០០កេស និងអង្ករ ចំនួន ៨តោន ស្មើនឹងទឹកប្រាក់ចំនួន៧,៦៨០$(ប្រាំពីរពាន់ប្រាំមួយរយប៉ែតសិបដុល្លារ)។
ចំណែកក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា ប្រចាំប្រទេសអូស្ត្រាលី និងនូវែលហ្សេឡង់ ជូនរដ្ឋបាលរាជធានីភ្នំពេញ រួមមាន៖ មីចំនួន ២,៦៨០កេស និងអង្ករ ចំនួន ២៣តោន ស្មើនឹងទឹកប្រាក់ចំនួន ២១,៣០០$ (ម្ភៃមួយពាន់ បីរយដុល្លារ)។
លោក ឃួង ស្រេង. អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសនោះ បានមានប្រសាសន៍ថា៖ ក្នុងនាមក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ សូមថ្លែងអំណរគុណ ចំពោះ ក្រុមការងារផ្នែកក្រៅប្រទេសនៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា ប្រចាំប្រទេសអូស្ត្រាលី និងនូវែលហ្សេឡង់ ដែលបានឧបត្ថម្ភជូនមករដ្ឋបាល រាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋ ដែលទទួលរងគ្រោះ និងរងផលប៉ះពាល់ធ្ងន់ធ្ងរពីមេរោគកូវីដ-១៩ ។
តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកប ដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាង សំខាន់ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលមេរោគកូវីដ-១៩ នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានទាន់ពេលវេលា។
ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាមួយនេះ ស្តែងឱ្យឃើញអំពីការគិតគូរ និងក្ដីអាណិតស្រលាញ់ចំពោះជនរួមជាតិ ដោយឈរលើបុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នា នៅក្នុងកាលៈទេសៈដែលប្រទេសជាតិបាន និងកំពុង ជួបប្រទះនឹងគ្រោះភ័យ នៃការរាតត្បាតពីមេរោគកូវីដ-១៩ ៕
ដោយ៖ សំរិត