ភ្នំពេញ៖ បន្ទាប់ពីគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានចុះបង្ក្រាបកន្លែងស្តុកទុកខោទឹកនោមយីហោ «Unidry» ក្លែងក្លាយចំនួនមួយកន្លែងនៅខណ្ឌមានជ័យ កាលពីពេលថ្មីៗនេះ និងបានរឹបអូសយកខោទឹកនោមក្លែងក្លាយនេះចំនួន ៥៧៩កេស។ ខណៈដែលម្ចាស់ផលិតផលពិត ស្នើឲ្យសមតកិច្ចចាត់វិធានការតាមច្បាប់ ព្រោះរហូតមកដល់ថ្ងៃទី០៦ ខែឧសភា ជនសង្ស័យក្លែងបន្លំផលិតផលនាំឱ្យប៉ះពាល់ដល់សុខភាពក្មេងទាំងពីរនាក់នេះ មិនទាន់មានចំណាត់ការផ្លូវច្បាប់ណាមួយនៅឡើយទេ។
គួររម្លឹកដែរថា ប្រតិបត្តិការបង្ក្រាបនេះ បានធ្វើឡើងកាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១កន្លងទៅ ក្រោមការដឹកនាំ និងសម្របសម្រួលពីលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ទីតាំងស្តុកខោទឹកនោមក្លែងក្លាយនេះ ស្ថិតនៅផ្ទះល្វែង ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជាមួយនឹងការរឹបអូសផលិតផលក្លែងក្លាយនេះ សមត្ថកិច្ចក៏បានឈានទៅដល់ការតាមសាកសួរ និងឃាត់ខ្លួនឈ្មោះ ឆ ឡៃហ៊ុយ ដែលជាម្ចាស់ផលិតផលក្លែងបន្លំម៉ាក ដែលមានទីតាំងស្តុកឥវ៉ាន់ខាងលើ និងមានអសយដ្ឋានបច្ចុប្បន្នស្នាក់នៅផ្ទះលេខ៤១E0 ផ្លូវ១៩៨ សង្កាត់បឹងព្រលិត ខណ្ឌ៧មករាផងដែរ ប៉ុន្តែពុំបានជួបសាមីខ្លួនផ្ទាល់នៅពេលនោះទេ។
លុះដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ឈ្មោះ ឆ ឡៃហ៊ុយ បានចូលខ្លួនជួបសមត្ថកិច្ច ហើយបានឆ្លើយសារភាពថា ខ្លួនបានផ្សំគំនិតទិញទំនិញនេះ ពីឈ្មោះ ទិត្យ ពីរ៉េវ ភេទប្រុស ដែលមានអស័យដ្ឋាននៅភូមិវាល ឃុំសាន់គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលជាជនទាក់ទងយកខោទឹកនោមនេះពីប្រទេសចិន។ បច្ចុប្បន្នជនចែកចាយផលិតផលក្លែងក្លាយទាំងពីរ និងវត្ថុតាងដែលបានចាប់យកខាងលើ កំពុងស្ថិតនៅក្នុងដៃរបស់គណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ។
ជាមួយនឹងការបង្ក្រាបផលិតផលក្លែងក្លាយនេះ ក្រុមហ៊ុន វិន ស៊ុន (ខេមបូឌា) ខូ អិលធីឌី ដែលជាម្ចាស់ម៉ាក Unidry ស្របច្បាប់នោះ បានស្នើឱ្យសមត្ថកិច្ចកម្ពុជាចាត់ការទៅតាមច្បាប់ចំពោះករណីក្លែងបន្លំផលិតផលរបស់ខ្លួន។ ដោយការក្លែងបន្លំផលិតផលនេះ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កេរ្តិ៍ឈ្មោះក្រុមហ៊ុនក៏ដូចជាផលិតផល និងជាពិសេសវាអាចបង្ករជាហានិភ័យ គ្រោះថ្នាក់ដល់អ្នកប្រើប្រាស់ថែមទៀតផង។
ដោយឡែកជុំវិញករណីនេះដែរ លោកមេធាវី ហេង សុផារិទ្ធ ដែលជាមេធាវីតំណាងឲ្យក្រុមហ៊ុនម្ចាស់សិទ្ធិ ក៏កំពុងត្រៀមរៀបចំសំណុំឯកសារដាក់ទៅអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្គ្រាប់ការក្លែងបន្លំ (ក.ប.ប) នៃក្រសួងពាណិជ្ជកិម្ម ដើម្បីឲ្យសាធារណៈជនដែលបានប្រើប្រាស់ផលិតផលក្លែងក្លាយសម្រាប់កូនៗ ដោយមិនដឹងខ្លួន និងធ្វើកូនៗរបស់លោកអ្នកទទួលរងផលប៉ះពាល់នោះ សាធារណៈជនអាចដាក់ពាក្យបណ្តឹងដើម្បីទាមទារសំណងការខូចខាតឲ្យសមស្របតាមច្បាប់ស្តីពីការការពារអ្នកប្រើប្រាស់ឆ្នាំ២០១៩ ទៅកាន់បុគ្គលក្លែងបន្លំផលិតផលក្លែងក្លាយខាងលើបាន។
បន្ថែមពីនេះ ក្រុមហ៊ុន វិន ស៊ុន ដែលជាម្ចាស់កម្មសិទ្ធិបញ្ញាផលិតផលខោទឹកនោមម៉ាក «Unidry» សូមអំពាវនាវដល់អតិថិជនទាំងអស់ សូមមេត្តាពិនិត្យឱ្យបានច្បាស់លាស់មុននឹងជាវផលិត ដើម្បីចៀសផុតពីការជាវប៉ះផលិតផលក្លែងក្លាយ ដែលអាចបង្កផលប៉ះពាល់ដល់សុខភាពកូនរបស់លោកអ្នក។ សូមពិនិត្យភាពខុសគ្នារវាងផលិតផលពិត និងផលិតផលក្លែងក្លាយតាមរយៈរូបបង្ហាញនៅខាងក្រោម។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុន បានសូមអរគុណដល់អតិថិជនទាំងអស់ដែលតែងតែគាំទ្រ និងសូមបន្តការគាំទ្រតទៅទៀត ដោយក្រុមហ៊ុនសូមសន្យាថានឹងខិតខំឱ្យអស់ពីកម្លាំងកាយចិត្តដើម្បីត្រួតពិនិត្យបន្តការការពារដល់អ្នកប្រើប្រាស់របស់យើងដោយចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនណាដែលក្លែងបន្លំផលិតផលទាំងពេលនេះនិងពេលអនាគតផងដែរ៕ដោយ៖សហការី