ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនស្ត្រី២នាក់ពេលកំពុងដេីរលក់បណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រី២នាក់បានយកបណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដេីរលក់ឲ្យប្រជាពលរដ្ឋខុសច្បាប់ត្រូវបានកម្លាំងនគរបាល និងកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួនកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ នៅត្រង់ចំណុចមុខរោងចក្រ ប្រ៊ីលៀន ស្ថិតក្នុងភូមិព្រៃព្រីងខាងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។

សមត្ថកិច្ចបានឱ្យដឹងថា​ ស្រ្តីដែលត្រូវនគរបាលចាប់ខ្លួន​ ទី១-ឈ្មោះចាប ម៉ាលីន អាយុ៣៣ឆ្នាំ មុខរបរជាកម្មការិនីរោងចក្រ​ និងទី២-ឈ្មោះ អ៊ុយ សុខា អាយុ៣៦ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិព្រៃសណ្ដែក សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចបានឱ្យដឹងទៀតថា នៅមុនពេលឃាត់ខ្លួន ស្រ្តីសង្ស័យទាំង២នាក់ខាងលើ បានកាន់បណ្ណសម្រាប់ចាក់វ៉ាក់សាំងចំនួន១០ច្បាប់លក់ទៅឲ្យឈ្មោះ ចាន ដុន ក្នុង១ច្បាប់ថ្លៃ១០,០០០រៀល។ តែទើបទទួលបានប្រាក់ពីឈ្មោះ ចន ដុន ត្រឹមតែ៦០,០០០រៀលប៉ុណ្ណោះ ដោយអ្នកទិញរូបនោះសុំជំពាក់៤០,០០០រៀលសិន។លុះពេលកំពុងលក់បន្តទៀត ក៏ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី២ ចុះទៅចាប់ខ្លួន ព្រមទាំងដកហូតបណ្ណចាក់វ៉ាក់ចំនួន១០ច្បាប់ស្មើនឹង២០សន្លឹកផងដែរ។

ចំពោះករណីនេះត្រូវបានកម្លាំងតាមដានច្រើនថ្ងៃមកហើយ រហូតដឹងច្បាស់ទើបចាប់ខ្លួនតែម្ដង ហើយក្រោយពេលចាប់ខ្លួននគរបាលបាននាំទៅធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលចោមចៅទី២ និងបញ្ជូនបន្តទៅកាន់ជំនាញនៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕

ដោយ៖ សុខាសែនជ័យ

 


ចែករំលែក៖