ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បាន ផ្ដល់ ថ្នាំវីតាមីនសេ (C) ជាង២០០០ ទីប ជូនដល់មន្ទីរសុខាភិបាលរាជធានីភ្នំពេញនិងមន្ទីរសង្គមកិច្ច អតីតយុវជននិងយុវនីតិសម្បទារាជធានីភ្នំពេញ ដើម្បីយកទៅជួយលើការងារព្យាបាលជំងឺកូវីដ-១៩ ខណៈដែរ មានប្រជាពលរដ្ឋជាង១ម៉ឺននាក់ហើយ បានឆ្លងរាលដាលនូវជំងឺកូវីដ-១៩នេះ ។
ពិធីប្រគល់និងទទួលថ្នាំពេទ្យនេះបានធ្វើឡើង នារសៀលថ្ងៃទី១១ខែឧសភាឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញនិងលោក ស្រីមុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ចអតីតយុវជននិងយុវនីតិសម្បទារាជធានីភ្នំពេញ។
លោក ឃួង ស្រេង នៅក្នុងឱកាសនោះបានធ្វើការណែនាំឱ្យមន្ទីរសុខាភិបាលរាជធានីភ្នំពេញ យកចិត្តទុកដាក់មើលថែទាំអ្នកជំងឺ និងឱ្យថ្នាំព្យាបាលទៅតាមវេជ្ជបញ្ជារបស់សុខាភិបាលឲ្យបានត្រឹមត្រូវ។ បន្ថែមពីលើនេះទៀតលោកឃួង ស្រេង ក៏បានធ្វើការណែនាំអោយ ប្រធានមន្ទីរសង្គមកិច្ចអតីតយុវជននិងយុវនីតិសម្បទារាជធានីភ្នំពេញ ត្រូវយកចិត្តទុកដាក់មើលថែទាំ បងប្អូនជនពិការភាព ដែលរស់នៅក្រោមការគ្រប់គ្រងរបស់មន្ទីរសង្គមកិច្ចឱ្យបានល្អជាមួយនិងការផ្តល់ស្បៀងអាហារជូនពួកគាត់ផងដែរ ។
លោក ងី មានហេង បានបញ្ជាក់ផងដែរថា ៖ថ្នាំប្រភេទវីតាមីនC ដែលសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រគល់ជូនមន្ទីរសុខាភិបាលនៅពេលនេះ ពិតជាថ្នាំដែល មានសារសំខាន់ដោយជួយធ្វើឱ្យអ្នកជម្ងឺកូវីដ-១៩ មានកម្លាំងកំហែងនិងបានឆាប់ជាសះស្បើយជាមួយនឹងការបំប៉ននូវចំណីអាហារ ដែលមានដូចជាស្វាយខ្ចីនិងក្រូចឆ្មារជាដើម ដែលជួយឲ្យអ្នកជំងឺអាចបានឆាប់ជាសះស្បើយពីជម្ងឺកូវីដ-១៩បានរហ័ស។
អំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានប្រគល់ជូនមន្ទីរសុខាភិបាលរាជធានីភ្នំពេញរួមមាន ថ្នាំវិតាមីន C ចំនួន ១.៩០០ទីប ។ ប្រគល់ជូនមន្ទីសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ ថ្នាំវិតាមីន C ចំនួន ៥០០ទីប មី ចំនួន ១០កេសធំ និងផ្ដល់ជូនជនពិការភាព ចំនួន ១៣៥នាក់ ក្នុងមួយម្នាក់ៗទទួលបាន អង្ករ ចំនួន២៥គីឡូក្រាម មី មួយកេសតូច និងត្រីខ១០កំប៉ុង៕
ដោយ៖ សំរិត