ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង ទទួលស្បៀងអាហារជាច្រើនមុខ ពីសប្បុរសជន ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋ រងផលប៉ះពាល់ធ្ងន់ធ្ងរពីជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានទទួលស្បៀងអាហារ ជាច្រើនមុខ ពីស្បុរសជន មានដូចជាអង្ករ ,មី,ពងទា និងត្រីខ ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋរងផលប៉ះពាល់ធ្ងន់ធ្ងរពីជំងឺកូវីដ-១៩ ខណៈជម្ងឺនេះបាន និងកំពុងរីករាលដាលនៅក្នុងរាជធានីភ្នំពេញនូវឡើយ។

    ពិធីប្រគល់និងទទួលនេះបានធ្វើឡើង នារសៀល ថ្ងៃទី១៣ឧសភា ឆ្នាំ២០២១ នេះ នៅសាលារាជធានីភ្នំពេញ ។

 អំណោយសប្បុរសធម៌ របស់ ក្រុមហ៊ុនឯកជនទាំង២ ដែលប្រគល់ស្បៀងអាហារជូនរដ្ឋបាលរាជធានីភ្នំពេញនេះ រួមមាន៖ ក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ័ អីសួរ៉ិនស៍ ភីអិលស៊ី ឧបត្ថម្ភមី ចំនួន ៥០០កេស តូច  ក្រុមហ៊ុន HUAVEI TECHNOLOGIES (CAMB ODIA) Co.,LTD ឧបត្ថម្ភ អង្ករ ៥,០០០ គីឡូក្រាម ត្រីខចំនួន៥០០យួរ មីចំនួន៥០០ កេសតូច និងពងទាចំនួន ៥,០០០គ្រាប់ ។

   លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្នុងឱកាសនោះ បានថ្លែងនូវការអរគុណចំពោះក្រុមហ៊ុន ទាំង២ ដែលបានជួយឧបត្ថម្ភស្បៀងអាហារទាំងនេះមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋដែលទទួលរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរ ពី មេរោគកូវីដ-១៩ ។

   លោក ឃួង ស្រេង បានមានប្រសាសន៍ថា ៖តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌របស់ក្រុមហ៊ុនទាំង២ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាង សំខាន់ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់ សម្តេចអគ្គមហាសនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាល មេរោគកូវីដ-១៩ នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានទាន់ពេលវេលា។

ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាមួយនេះ ស្តែងឱ្យឃើញអំពីការគិតគូរ និងក្តីអាណិតស្រលាញ់ចំពោះជនរួមជាតិ ដោយឈរលើបុព្វហេតុជាតិ សាមគ្គីជាធ្លុង មួយ ក្នុងស្មារតីជួយគ្នា នៅក្នុងកាលៈទេសៈដែលប្រទេសជាតិបាន និងកំពុង ជួប ប្រទះ នឹងគ្រោះភ័យ នៃការរាតត្បាត់ពីមេរោគកូវីដ-១៩ ៕

ដោយ៖ សំរិត


ចែករំលែក៖