ខេត្តបន្ទាយមានជ័យ៖ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ បានបន្តចាត់តាំងលោកវរសេនីយ៍ឯក យ៉ែម ឡុម និងក្រុមការងារ នាំយកគ្រឿងឧបភោគ បរិភោគ សម្ភារនិងថវិកា ៥០០.០០០រៀល អំណោយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ផ្តល់ជូននិវត្តន៍ជន ១គ្រួសារបច្ចុប្បន្នកំពុងមានជំងឺប្រចាំកាយ ស្ថិតនៅភូមិឈូក ឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះដែរលោកប្រធានក្រុមការងារបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ឧត្តមសេនីយ៍ឯក មេបញ្ជាការកងទ័ពជើងគោក ដែលជានិច្ចជាកាលតែងតែគិតគូរពីសុខទុក្ខកងទ័ព ក៍ដូចជាអតីតយុទ្ធជនជាប្រចាំ និងថ្នាក់ដឹកនាំ នាយ-ពលទាហានក្នុងអង្គភាពកងពលដែលតែងតែបារម្ភ និងចងចាំនូវសមិទ្ធផលស្នាដៃក្នុងរយ:ពេលដែលបំរើការនៅក្នុងអង្គភាពនាពេលកន្លងមក។
ឆ្លៀតក្នុងឱកាសនោះដែរ លោកវរសេនីយ៍ឯក យ៉ែម ឡុម បានផ្តាំផ្ញើឲ្យបន្តយកចិត្តទុកដាក់ ចូលរួមទប់ស្កាត់ការរីករាលដាលជំងឹកូវីដ-១៩ ចូលសហគមន៍ តាមការណែនាំរបស់រដ្ឋបាលខេត្ត ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ របស់ប្រមុខរាជរដ្ឋាភិបាលជាប្រចាំ។
រូបលោកនិងក្រុមគ្រួសារ មានសេចក្តីរំភើបរកអ្វីប្រៀបពុំបាន និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកស្រី ថ្នាក់ដឹកនាំកងពលដែលបានគិតគូរចំពោះសុខទុក្ខ ជីវភាព និងការលំបាករបស់គាត់ និងក្រុមគ្រួសារគាត់៕
ដោយ៖ សូរិយា