ខេត្តក្រចេះ ៖ នារីវ័យក្មេងម្នាក់បានសម្រេចចិត្តធ្វើអត្តឃាតលោតចូលក្នុងទឹកត្រពាំងលង់ស្លាប់តែម្តងដោយសារតែមានកំហឹងកើតជម្លោះជាមួយគូដណ្ដឹងតាមទូរស័ព្ទ។
ហេតុការណ៍នារីលោតទឹកធ្វើអត្តឃាតនោះបានកើតឡើងនៅវេលាថ្ងៃត្រង់ ថ្ងៃទី១៤ខែឧសភាឆ្នាំ២០២១នៅត្រពាំងក្នុងបរិវេណរបស់ក្រុមហ៊ុនចម្ការកៅស៊ូ ឈ្មោះ សុវណ្ណរាជសី ស្ថិតក្នុងភូមិគ្រញូងសែនជ័យខាងជើង ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ ។
ប្រភពបានឱ្យដឹងថានារីរងគ្រោះមាន ឈ្មោះ ផៃ ស្រួយ អាយុ២១ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិត្រពាំងផ្អេរ ឃុំស្រែខ្ទុមស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ប្រភពបន្តថាក្រោយពីទទួលដំណឹងភ្លាមសមត្ថកិច្ចជំនាញសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលគ្រញូងសែនជ័យចុះទៅដល់កន្លែងកើតហេតុធ្វើការពិនិត្យឃើញថា យុវនារីរូបនេះពិតជាស្លាប់ដោយឈ្លក់ទឹកប្រាកដមែន និងនៅលើដងខ្លួននៃសាកសពពុំមានស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់ជាករណីឃាតកម្មនោះទេ។
ប្រភពពីឪពុកនារីរងគ្រោះបានឱ្យដឹងថាក្នុងរយៈពេលប៉ុន្មានថ្ងៃមុននេះគាត់បានឃើញកូនរបស់គាត់បានឈ្លោះគ្នាជាមួយគូរដណ្តឹងតាមទូរស័ព្ឌមិនដឹងមូលហេតុអីនោះទ។
ហើយនៅថ្ងៃកើតហេតុនេះគាត់ជាឪពុកបានប្រើកូនស្រីឱ្យទៅទិញម្ហូបយកមកហូបបាយ មិនដឹងថានាងជិៈម៉ូតូចូលទៅក្នុងកន្លែងកើតហេតុនោះដែរ។
បើតាមការបំភ្លឺរបស់សាក្សីដែលបានឃើញនៅកន្លែងកើតហេតុថាខ្លួន កំពុងដើរជៀរជ័រកៅស៊ូក្នុងក្រុមហ៊ុន សុវណ្ណរាជសីក៏ឃើញយុវនារីរងគ្រោះជិះម៉ូតូម្នាក់ឯងរួចអង្គុយផឹកស្រាបៀរ GANZBERG អស់ចំនួន០២កំប៉ុង រួចបានលោតចូលទៅក្នុងទឹកត្រពាំងនោះតែម្ដង។
ឯខ្លួនរវល់ជៀរជ័រកៅស៊ូនិងនឹកស្មានតែនារីនោះគេលោតចុះងូតទឹកត្រពាំងលេងធម្មតាមិនដឹងថាគេធ្វើអត្តឃាតនោះសោះ។
ក្រោយពីធ្វើការពិនិត្យសាកសពរួចរាល់សមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់សពឱ្យសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យទៅតាមប្រពៃណី៕
ដោយ៖ ជីវ័ន្ត