ព័ត៌មានទាន់ហេតុការណ៍៖

បាតុកម្មប្រឆាំងអុីស្រាអែល នៅក្នុង៦៥ទីក្រុងក្នុងទឹកដីអាមេរិក

ចែករំលែក៖

ពលរដ្ឋអាមេរិកនៅ៦៥ទីក្រុង បាននាំគ្នាដង្ហែក្បួនបាតុកម្មប្រឆាំងអំពើហិង្សាដែលបង្កឡើងដោយកម្លាំងទាហានអុីស្រាអែល ក្នុងសង្គ្រាមវាយប្រហារគ្នាជាមួយក្រុមហាម៉ាស់នៅហ្គាហ្សា ហើយការវាយប្រហារគ្នាគ្មានសញ្ញាបញ្ចប់នោះឡើយគឺកាន់តែខ្លាំងឡើងៗ។

ការអំពាវនាវរបស់សកម្មជនប៉ាឡេស្ទីននៅអាមេរិក នាថ្ងៃទី១៥ខែឧសភា(ពេលវេលាអាមេរិក)បាននាំគ្នាដង្ហែក្បួនបាតុកម្មទ្រង់ទ្រាយធំ ប្រឆាំងនឹងការវាយប្រហារពីដែនអាកាសរបស់អុីស្រាអែលទៅលើទីតាំងរបស់ក្រុមហាម៉ាស់នៅប៉ាឡេស្ទីន ពិសេសគឺប្រឆាំងនឹងសកម្មភាពបង្កហិង្សាពីសំណាក់ប៉ូលិសអីុស្រាអែលទៅលើក្រុមជនជាតិប៉ាឡេស្ទីននៅជេរូសាឡឹម។

ការធ្វើបាតុកម្មកើតឡើង ក្នុងឱកាសនៃខួប ៧៣ឆ្នាំថ្ងៃដែលអុីស្រាអែលប្រកាសឯករាជ្យ នៅឆ្នាំ១៩៤៨។ ការធ្វើបាតុកម្មប្រឆាំងអុីស្រាអែលនៅអាមេរិកកើតឡើងមួយសប្តាហ៍កន្លងមក ប៉ុន្តែនៅថ្ងៃទី១៥ខែឧសភា គឺជាបាតុកម្មទ្រង់ទ្រាយធំបំផុត មានពលរដ្ឋចូលរួមច្រើន ហើយបាតុកម្មកើតឡើងនៅ៦៥ទីក្រុងក្នុងទឹកដីអាមេរិក។
ដោយឡែកនៅទីក្រុងវ៉ាស៊ីនតោន មានពលរដ្ឋប្រមាណ១០ពាន់នាក់ បានប្រមូលផ្តុំគ្នានៅទីលាន វ៉ាស៊ីនតោន ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ឌីស៊ី នារសៀលថ្ងៃទី ១៥ខែឧសភា(ពេលវេលាអាមេរិក) មុនពេលដង្ហែក្បួននៅទូទាំងទីក្រុង។ San Francisco ,Los Angeles ,Philadelphia, Pennsylvania និង New York កីមានបាតុកម្មប្រឆាំងការវាយប្រហាររបស់អុីស្រាអែល ទៅលើតំបន់ហ្គាហ្សា សម្លាប់មនុស្សជាច្រើន ក្នុងនោះមាន៤០ ភាគរយជាស្ត្រីនិងកុមារ ៕ដោយ៖ ធីរីណា

រូបភាព៖ REUTERS


ចែករំលែក៖