ប្រទេសវៀតណាម៖ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ អង្គភាព”នគរដ្រេហ្គន”បានទទួលនូវសេចក្តីជូនដំណឹង របស់ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម ។
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម មានកិត្តិយសសូមជម្រាប ជូនប្រជាពលរដ្ឋខ្មែរ កំពុងធ្វើការងារ ឬមានវត្តមាននៅវៀតណាម ជ្រាបថា យោងសារព័ត៌មាន វៀតណាម (Viet Nam News) ចុះផ្សាយថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា រដ្ឋាភិបាល វៀតណាម នឹងចាត់វិធានការផ្លូវច្បាប់ដោយការបណ្ដេញចេញ ចំពោះពលករបរទេសខុសច្បាប់កំពុងធ្វើ ការងារនៅវៀតណាម។ ក្រសួងការងារ យុទ្ធជន និងសង្គមកិច្ចវៀតណាម បានស្នើអាជ្ញាធរខេត្ត និងក្រុង នានា ពិចារណាលើការបណ្ដេញចេញចំពោះពលករបរទេស ដែលគ្មានលិខិតអនុញ្ញាតធ្វើការងារ (work permits) ត្រឹមត្រូវ ឬអ្នកមិនគោរពតាមវិធានស្ដីពីការចូល និងចេញ (entry and exit rules)។ ករណី នេះ អាជ្ញាធរមូលដ្ឋាន និងទីភ្នាក់ងារពាក់ព័ន្ធនានា នឹងពង្រឹងការត្រួតពិនិត្យលិខិតអនុញ្ញាតការងារ និង ចំនួនពលករបរទេសនៅតាមសហគ្រាស និងគ្រឹះស្ថាននានា ដោយអនុវត្តតាមនីតិវិធីជាធរមាន ដើម្បីជៀសវាងការប្រើប្រាស់ពលករខុសច្បាប់នៅវៀតណាម។ អាស្រ័យដូចបានជម្រាបជូន សូមប្រជាពលរដ្ឋខ្មែរ កំពុងធ្វើការងារ ឬមានវត្តមាននៅវៀតណាម ជ្រាបជាព័ត៌មាន និងចូលរួមអនុវត្តច្បាប់ការងារ និងវិធានស្តីពីការចូល និងចេញរបស់អាជ្ញាធរមាន សមត្ថកិច្ចវៀតណាម។
ឆ្លៀតឱកាសនេះផងដែរ សូមប្រជាពលរដ្ឋខ្មែរកំពុងមានវត្តមាននៅវៀតណាម មេត្តាបន្តថែរក្សា សុខភាពឱ្យបានល្អ ដោយអនុវត្តវិធានការការពារ រក្សាគម្លាតសុវត្ថិភាព ពាក់ម៉ាស់ រក្សាអនាម័យ និងអនុវត្ត តាមការណែនាំរបស់អាជ្ញាធរ សំដៅការពារកុំឱ្យឆ្លងជំងឺកូវីដ-១៩៕
ដោយ៖ សុខ ខេមរា