ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខណ្ឌមានជ័យ៖ បន្តចុះជម្រុញឲ្យបងប្អូនកម្មករ កម្មការនី តាមបន្ទប់ផ្ទះជួល ក្នុងតំបន់ក្រហម ទៅយកសំណាកទាំងអស់គ្នា

ចែករំលែក៖

ភ្នំពេញ៖ ដើម្បីបន្តការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ នារសៀលថ្ងៃពុធ ៨កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារ ចុះផ្សព្វផ្សាយ និង ជម្រុញឲ្យបងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការនី ដែលរស់នៅក្នុងតំបន់បិទខ្ទប់ នៃតំបន់ក្រហម នៅតំបន់ផ្ទះជួល ក្នុងនៅតំបន់ភូមិឡ៍ ព្រំប្រទល់ ពោធិ៍សែនជ័យ និងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ៣ និង ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី ២ ដែលមិនទាន់ទៅយកសំណាក បានប្រកាសផ្សព្វផ្សាយឲ្យទៅយកសំណាកឲ្យបានគ្រប់ៗគ្នា។

លោក ឌី រ័ត្នខេមរុណ បានលើកឡើងថា តំបន់បិទខ្ទប់ នៃតំបន់ក្រហម ក្នុង ភូមិសាស្រ្តសង្កាត់ស្ទឹងមានជ័យ ៣ គឺនៅសល់តែផ្នែកខ្លះនៃភូមិទ្រា៤ ភូមិដំណាក់ធំ២ និងភូមិដំណាក់ធំ៣ ប៉ុណ្ណោះ ដូច្នេះសូម បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការនី ដែលមិនទាន់ទៅយកសំណាក សូមអញ្ជើញទៅយកសំណាកអោយបានគ្រប់គ្នា ដើម្បីចូលរួមចំណែក កាត់បន្ថយការរីករាលដាលនៃជំងឺ កូវីដ-១៩ ជាពិសេសបងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការនី ត្រូវចូលរួមបន្តអនុវត្តនូវវិធានការ ៣ ការពារ និង ៣កុំ របស់រាជរដ្ឋាភិបាល ហើយប្រសិនបើគ្មានការចាំបាច់ សុំកុំចេញពីផ្ទះ ។

ទន្ទឹមនឹងនេះលោក ឌី រ័ត្នខេមរុណ បន្ថែមទៀតថា ប្រសិនបើបងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការនី មានអាការៈ មិនស្រួលខ្លួន ដូចជា ក្តៅខ្លួន ឈឺបំពង់ក ផ្តាសាយ ថប់ដង្ហើម ស្ថិតក្នុងការសង្ស័យ សូមប្រញាប់ទៅពិនិត្យនិងយកសំណាកភ្លាមដើម្បីដឹងថាយើងមានសញ្ញាកូវីដ -១៩ ឬក៏គ្មាន ងាយស្រួលក្រុមគ្រូពេទ្យជួយសង្គ្រោះបានទាន់ពេលវេលា៕ដោយ៖ស តារា


ចែករំលែក៖