ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញ បើកដំណើរការលក់ដូរក្នុងផ្សាររដ្ឋទាំង២៥ឡើងវិញ តែគណ:កម្មការផ្សារនីមួយៗ ត្រូវអនុវត្តវិធាន របស់ក្រសួងសុខាភិបាល ឱ្យបានម៉ឺងម៉ាត់ ផងដែរ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤​ ឧសភា​ ឆ្នាំ២០២១ គឺជាថ្ងៃដែលអាជ្ញាធររាជធានីភ្នំពេញ ដាក់ឱ្យដំណើរការផ្សាររដ្ឋទាំង២៥លក់ដូរឡើងវិញ ក្រោយពីបានបិទខ្ទប់ មិនឱ្យដំណើរការតាំងពីអំឡុងខែ មេសាកន្លងមក ដើម្បីទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩ ។ទន្ទឹមនៃការបើកអោយដំណើរការឡើងវិញ នៅថ្ងៃទី២៤ ឧសភា ដោយយោងទៅលើសេចក្តីជូន ដំណឹងកាលពីថ្ងៃទី២១ ឧសភា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ ឃើញថា នៅតាមបណ្តាលផ្សាររដ្ឋនានា នៅក្នុងរាជធានីបានដំណើរការលក់ដូរមមាញឹកឡើងវិញហើយ ជាមួយនិងការអនុវត្តនូវវិធានរបស់ក្រសួងសុខាភិបាលនិងការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ។

   ដើម្បីជំរុញគណ:កម្មការផ្សារ នីមួយៗ ក៏តម្រូវ ឲ្យ អនុវត្តវិធានសុខាភិបាល ក្នុងថ្ងៃបេីក ផ្សារលក់ឡេីងវិញនេះដំណើរការទៅបានរលូន ជៀសបាននូវការឆ្លងកូវីដ-១៩ ។

ថ្ងៃនេះដែរលោកស្រី កែវ​ សុខពិសី​  អភិបាលរងរាជធានីភ្នំពេញ​ តំណាង លោកឃួង ស្រេង អភិបាលរាជធានី   ក៏បានចុះត្រួតពិនិត្យស្ថានភាពក្នុងផ្សារទួលទំពូង នៅខណ្ឌចំការមន និងបានជំរុញឱ្យគណ:កម្មការគ្រប់គ្រងផ្សារទួលទំពូង អនុវត្តតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ជាពិសេសពាក់ព័ន្ធវិធានការរបស់ក្រសួងសុខាភិបាលនិង ៣ការពារនិង៣កុំ​ ។

       លោកស្រី ក៏បានណែនាំឱ្យមានការផ្សព្វផ្សាយតាមរយ:សារសម្លេងអប់រំនិងវាស់កំដៅនៅតាមច្រកចេញចូលផ្សារនីមួយៗ និងត្រូវរក្សាគម្លាតពីគ្នាជាចាំបាច់​ ដេីម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។ 

   បេីតាមប្រធានគណៈកម្មការគ្រប់គ្រងផ្សារជម្ពូវ័ន្ត លោក លាប ប៊ុណ្ណារិទ្ធ បានបញ្ជាក់ថា ៖ ផ្សារជម្ពូវ័ន្ដ ជាផ្សាររដ្ឋ នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ស្ថិតក្នុង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ  ក៏បានរៀបចំឲ្យអាជីវករចូលលក់ដូរ ដូចផ្សារ នានាដែរ  ដូចជា គណៈកម្មការយើង បានរៀបចំ ជាសារសម្លេង អប់រំ ដល់អាជីវករ  មានមេក្រូ ដាក់នៅមាត់ ច្រកចេញ.ចូល មានអាល់កុល និងម៉ាស៊ីនវាស់កម្ដៅ  ជាប្រចាំផងដែរ ។  ដោយឡែកនៅផ្សារ ទួលទំពូង វិញក៏បានរៀបចំ ដូចផ្សារជម្ពូវ័ន្ដដែរ ចាប់ផ្តេីមបេីកលក់នៅព្រឹកនេះ  បានគោរពតាមវិធានសុខាភិបាលនិងការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ។ ច្រកចូល ផ្សារចំនួន៥ ត្រូវបានបេីកទ្វារ សំរាប់អាជីវករបានលក់ដូរទំនិញ ឧបភោគបរិភោគ​ ដោយនៅតាមច្រកចេញចូល គណៈកម្មការផ្សារ ក៏បានចាត់ចែងឲ្យមានកម្លាំងសន្តិសុខ ជួយសម្រួល ដោយការវាស់កម្តៅ​ លាងអាល់កុលនិងធ្វេីការស្កេន QRកូដផងដែរ  មុននឹងអនុញ្ញាតឱ្យអាជីវករចូលទិញលក់នៅក្នុងផ្សារ​។

   គណៈកម្មការផ្សារបានឲ្យដឹងថា​៖ ក្រៅពីអនុវត្តវិធានសុខាភិបាលនៅតាមច្រកក៏មានដាក់ មេក្រូបំពងសំលេងពីសារអប់រំនិងមានការដេីរផ្សព្វផ្សាយតាមមេក្រូដល់អ្នកលក់និងអ្នកទិញផងដែរ​ ដោយត្រូវដាច់ខាតអនុវត្តវិធាន ៣កាពារ ៣កុំ​ សំដៅទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។ 

   លោក ចំរេីន​ សុខលីម. ប្រធានផ្សារគណៈកម្មការផ្សារទួលទំពូង បានឱ្យដឹងថា ៖ ក្នុងផ្សារទួលទំពូងមានតូបចំនួន១៣៧៤តូប​ ហេីយសំរាប់ថ្ងៃបេីកលក់ជាថ្មីមានអាជីវករមកលក់ដូរប្រមាណ៥០ភាគរយ លោកបានបញ្ជាក់ផងដែរថា ៖ក្រុមអាជីវករដែលលក់ដូរនៅក្នុងផ្សារទួលទំពូង ក៏បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩បានប្រមាណ១១០០នាក់ហើយដែរ។

   ដោយឡែកសម្រាប់ផ្សារ បឹងកេងកង វិញ លោក ឯក និមល ប្រធានគណៈកម្មការគ្រប់គ្រងផ្សារបឹងកេងកង បានបញ្ជាក់ឱ្យដឹងដែរថា ៖នៅផ្សារបឹងកេងកងបានដំណើរការ ហើយនៅព្រឹកថ្ងៃទី២៤ឧសភានេះ តែលក់តែគ្រឿងហូបចុកតែប៉ុណ្ណោះ ដោយអាជីវករមកលក់ដូរចំនួន ៧៦ តូប។

    ជាមួយគ្នានោះលោក គួច ចំណាន ប្រធានគណៈកម្មការគ្រប់គ្រងផ្សារច្បារអំពៅ បាន បញ្ជាក់ផងដែរថា ៖ផ្សារច្បារអំពៅមានបងប្អូនអាជីវករមកលក់ ប្រមាណ២០ភាគរយប៉ុណ្ណោះ ដោយលក់ដូរជាគ្រឿងហូបចុក ។

     ដោយឡែកលោកស្រី ប៉ុន ដានី ប្រធានគណៈគ្រប់គ្រងផ្សារធំថ្មីបានឱ្យដឹងថា៖នៅថ្ងៃបើកដំណើរការលក់ដូរនៅថ្ងៃទី ២៤ខែ ឧសភា ឆ្នាំ ២០២១ ចាប់ពីម៉ោង ៥៖៣០នាទីព្រឹកគិតរហូតដល់ម៉ោង ១១៖៣០នាទីផ្សារធំថ្មីបានចាប់បើកថ្ងៃដំបូងផ្នែកគ្រឿងឧបភោគ បរិភោគមានតូបនិង គ្រែចល័តសរុប ៦២៥ មកលក់បាន ១២៥តូប និងគ្រែចល័ត ។

    លោកស្រីប្រធានផ្សារធំថ្មីឱ្យដឹងទៀតថា៖សម្រាប់ផ្សារធំថ្មីបានបើកច្រកចំនួនប្រាំបីច្រក មានកម្លាំងសន្តិសុខឈរជើងចំនួន ៣១នាក់  និង សន្តិសុខ ២៥នាក់ទៀតដើរចល័តចុះឡើងមានឧបករណ៍វាស់កំដៅ បាញ់អាល់កុល រក្សាគម្លាត ផ្សព្វផ្សាយអោយពាក់ម៉ាស់ ស្គេនQR code មុនចូលក្នុងផ្សារ។ផ្សារមានឧបករណ៍វាស់កម្តៅចំនួន២០គ្រឿង ។ផ្សារប្រើប្រាស់អាល់កុលក្នុងមួយថ្ងៃអស់ ២០លីត្រ ។ ផ្សារដាក់ឧបករណ៍បំពងសំលេង ចំនួន ៦គ្រឿង,អតិថិជនចូលផ្សារបានចំនួន ៧៧៥នាក់ ។  ក្នុងនោះដែរលោកស្រីប្រធានបានណែនាំអាជីវករឱ្យអនុវត្តន៍ ៣ការពារ ៣កុំ ជាប្រចាំ៕ 

ដោយ ៖ សំរិត


ចែករំលែក៖