ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកូរ៉េបើកសុខៗស្រាប់តែដាច់កង់ក្រោយខ្ទាតទៅប៉ះម៉ូតូបណ្តាលឲ្យបុរសម្នាក់ដួលបោកក្បាលស្លាប់នៅនឹងកន្លែង

ចែករំលែក៖

ភ្នំពេញ៖ រថយន្តកូរ៉េ បើកសុខៗ ស្រាប់តែដាច់កង់ខ្ទាតមកត្រូវបុរសម្នាក់កំពុងតែជិះម៉ូតូ បណ្ដាលឱ្យដួលបោកក្បាលស្លាប់ភ្លាមនៅនឹងកន្លែង ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅម៉ោង ៦និង៣០នាទីព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ទល់មុខសាលាពងទឹក សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថាសពជនរងគ្រោះមានឈ្មោះ បូ ចាន់នី អាយុ ២៩ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅបន្ទប់ជួលភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានចេញពីបន្ទប់ជួលទៅកន្លែងធ្វើការ ដោយធ្វើដំណើរដោយម៉ូតូហុងដាវ៉េវ ពណ៌ក្រហម ពាក់ស្លាកលេខ ព្រៃវែង 1I-5087 ដែលធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ ក៏មានរថយន្តកូរ៉េ ពណ៌ស ដែលពាក់ស្លាកលេខ ភ្នំពេញ 2AS-03 46 ធ្វើដំណើរបញ្ច្រាសទិសគ្នា មកដល់ចំណុចកើតហេតុរថយន្តបានដាច់កង់ខាងក្រោយចំហៀងខាងឆ្វេងបណ្ដាលឱ្យខ្ទាតត្រូវជនរងគ្រោះកំពុងតែជិះម៉ូតូដួលបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្ដង។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញចរាចរចុះដល់ទីតាំងកន្លែងកើតហេតុបានទំនាក់ទំនងទៅក្រុមគ្រួសារជនរងគ្រោះមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្ត និងម៉ូតូត្រូវបានកម្លាំងជំនាញចរាចរណ៍យកទៅរក្សាទុក ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖