មានករណីឆាបឆេះរោងចក្រចម្រាញ់ប្រេងនៅភាគខាងត្បូង រដ្ឋធានីតេអុីរ៉ង់ នៅថ្ងៃទី២ខែមិថុនា បង្កឲ្យមានផ្សែងខ្មៅគ្រប់ដណ្តប់ក្នុងបរវេណ។
មន្ត្រីក្នុងតំបន់បានឲ្យដឹងថា«អណ្តាតភ្លើងឆាបឆេះចេញពីបំពង់បង្ហូរឧស្ម័ននៅក្នុងរោងចក្រចម្រាញ់ប្រេង Tondquyan ក្នុងរដ្ឋធានីតេអុីរ៉ង់»។ នៅពេលនេះមិនទាន់មានរបាយការណ៍ស្តីពីចំនួនអ្នកស្លាប់និងរបួសនៅឡើយទេ ។ ក្រុមពន្លត់អគ្គិភ័យបានព្យាយាមគ្រប់គ្រងស្ថានភាព។
តាមសារព័ត៌មាន ISNA បានផ្សាយថា មិនទាន់ដឹងមូលហេតុបណ្តាលឲ្យឆាបឆេះរោងចក្រខាងលើនៅឡើយទេ។
ក្រុមអ្នកជំនាញកំពុងតែបើកការស្រាវជ្រាវពីមូលហេតុឲ្យបានច្បាស់។ ហេតុការណ៍ខាងលើកើតឡើងក្រោយពេលមួយថ្ងៃ ដែលនាវាចម្បាំងធំបំផុតរបស់អុីរ៉ង់ឆាបឆេះ នៅតំបន់សមុទ្រប្រទេសអូម៉ង់ ។
សារព័ត៌មាន RT បានផ្សាយថា ទីតាំង នានានៅក្នុងប្រទេសអុីរ៉ង់ រងផលប៉ះពាល់យ៉ាងខ្លាំងដោយសារតែការផ្ទុះឆេះជាបន្តបន្ទាប់ តាំងពីរោងចក្រប្រេង ទីតាំងយោធា រហូតដល់ទីតាំងសុខាភិបាលនានា។
កាលពីខែឧសភា អុីរ៉ង់បានប្រឈមការឆាបឆេះកំពង់ផែ Bushehr ហើយប៉ុន្មានម៉ោងក្រោយមកក៏មានការផ្ទុះឆេះនៅរោងចក្រគីមីនៅទីក្រុង Qazvin ។ កាលពីខែមេសា និងខែមិថុនា មានករណីផ្ទុះឆេះជាច្រើនកើតឡើងនៅរោងចក្របរមាណូ Natanz បណ្តាលឲ្យខូចខាតយ៉ាងដំណំ ។
អុីរ៉ង់បានចោទប្រកាន់អុីស្រាអែលនៅពីក្រោយការផ្ទុះឆេះនាពេលកន្លងមក៕
ដោយ៖ ធីរីណា(រូបភាព៖ nId)