ភ្នំពេញ៖ បេីយោងតាមការបញ្ជាក់ពីលោក ពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ បានថ្លែងប្រាប់នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១នេះថា៖ ករណីឆ្លងរាលដាលនៃជំងឺកូវីដ-១៩ គិតរហូតមកដល់ពេលនេះ នៅតាមបណ្តារោងចក្រសហគ្រាសសរុបដែលស្ថិតក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ មានការកើនឡើងដល់ចំនួន ១៧រោងចក្រហើយ ខណៈដែលកម្មករនិយោជិតជាប់ពាក់ព័ន្ធនិងប្រយោលសរុបប្រមាណជាង ៥០០នាក់។
លោក ពេជ្រ កែវមុនី ថ្លែងបន្ថែមទៀតថា គិតចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣១ ខែឧសភាកន្លងមក អាជ្ញាធរខណ្ឌ សហការជាមួយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្រេចផ្អាកជាបណ្តោះអាសន្ននូវរោងចក្រចំនួន៧រួចហើយបន្ទាប់ពីរកឃើញ ករណីឆ្លងកូវីដ១៩របស់កម្មករនិយោជិត។ ចំណែករោងចក្រចំនួន១០ផ្សេងទៀត ដែលរកឃើញជាបន្តបន្ទាប់នេះ ភាគច្រើនស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ២ និងស្ទឹងមានជ័យ៣។
លោកអភិបាលខណ្ឌ បន្តថា បច្ចុប្បន្ននេះចំពោះបងប្អូនកម្មករនិយោជិត ដែលតេស្តវិជ្ជមានកូវីដ១៩ បានកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យហ្លួងម៉ែ និងនៅតាមមន្ទីររដ្ឋនិងឯកជនផ្សេងទៀត។ ចំណែកអ្នកដទៃផ្សេងទៀតដែលសង្ស័យ ជាប់ពាក់ព័ន្ធផ្ទាល់ និងប្រយោលជាមួយអ្នកវិជ្ជមានកូវីដ-១៩ គឺតម្រូវឲ្យយកសំណាក និងធ្វើចត្តាឡីស័ក (នៅដាច់ដោយឡែក) ដើម្បីតាមដានសុខភាពបន្តទៀត ចៀសវាងការកើតមាន ឬឆ្លងរាលដាលតទៀតទៅអ្នកដទៃ។
ដោយឡែកពាក់ព័ន្ធ និងរោងចក្របិទបណ្តោះអាសន្ន និងអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ ក្នុងករណីប្រសិនបើរោងចក្រណា មិនចូលរួមអនុវត្តឬគោរពតាមគោលការវិធានការ សុខាភិបាល ដែលនាំឲ្យផ្ទុះការឆ្លងរាលដាលកូវីដ១៩ឡើងវិញ លោកអភិបាល បានគូសបញ្ជាក់ថា រោងចក្រទាំងនោះនឹងឈានទៅដល់ការព្រមានឬការដកអាជ្ញារប័ណ្ណប្រសិនបើការ អនុវត្តផ្ទុយទៅនឹងការណែនាំ។ ប៉ុន្តែភាគច្រើនកន្លងមកក្រោយពីមានការណែនាំពី ប្រមុខរាជរដ្ឋាភិបាល ក្រសួងសុខាភិបាលគាត់បានអនុវត្តជាប់ជាប្រចាំបន្ទាប់មក យើងមានការណែនាំបន្ថែមពីសមត្ថកិច្ចពាក់ព័ន្ធក៏មានការអនុវត្តល្អប្រសើរ។
បន្ថែមពីនេះ លោក ពេជ្រ កែវមុន្នី បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក៏ដូចជាកម្មករទូទាំង ប្រទេសទាំងអស់កំពុងបំពេញការងារក៏ដូចជាការស្នាក់នៅគឺសូមឲ្យអនុវត្តឲ្យបាន ចំពោះប្រសាសន៍ដឹកនាំដែលបានដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាលគឺ” ៣កុំ ៣ការពារ” និងចូលរួមអនុវត្តទៅតាមការណែនាំបន្ថែមទៀតពីអាជ្ញាធរមាន សមត្ថកិច្ចគ្រប់ផ្នែកគ្រប់ថ្នាក់ទាំងអស់ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយឬទប់ស្កាត់ការឆ្លងរាលដាលកូវីដ១៩នេះចូលក្នុងគ្រួសាររបស់គាត់ និងសហគមន៍ទាំងមូលដែលគាត់នៅនេះ។
គួរបញ្ជាក់ថា រោងចក្រទាំងអស់ដែលជាប់ពាក់ព័ន្ធករណីឆ្លងកូវីដ-១៩ ដែលមានសិទ្ធិបើកដំណើរការអាជីវកម្មវិញ បន្ទាប់ពីផ្អាកបណ្តោះអាសន្នរយៈពេល ០២ថ្ងៃដោយសារ ឆ្លងរាលដាលជំងឺកូវីដ១៩ ត្រូវរងចាំការត្រួតពិនិត្យ និងវាយតម្លៃឡើងវិញ របស់អាជ្ញាធរដែនដី និងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុងរោងចក្រ ផ្ទាល់សិន ទើបអនុញ្ញាតឲ្យដំណើរការធម្មតាវិញបាន។
ដោយឡែកបច្ចុប្បន្ន គិតមកទល់ពេលនេះ រោងចក្រ និងសហគ្រាស ស្ថិតក្នុងខណ្ឌមានជ័យ សរុបមានចំនួនជាង ១០០រោងចក្រ និងមានកម្មករនិយោជិតសរុបចំនួនប្រមាណជាង ៧ម៉ឺននាក់៕ដោយ៖សហការី