ភ្នំពេញ៖ អនុក្រឹត្យនេះ កំណត់អំពីការរៀបចំ និងការប្រព្រឹត្តទៅរបស់គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ សរសេរជាអក្សរកាត់ថា “គ.ប.ក” ដើម្បីជាយន្តការក្នុងការប្រយុទ្ធ ទប់ស្កាត់ និងគ្រប់គ្រងការឆ្លងរាលដាលនៃ ជំងឺកូវីដ-១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។សមាសភាព តួនាទី និងភារកិច្ចរបស់ គប.ក. សមាសភាពរបស់ គ.ប.កដែលបង្កើតឡើងដោយសេចក្តីសម្រេចលេខ ២៩ សសរ ចុះថ្ងៃទី១៨ ខែ មីនា ឆ្នាំ២០២០ របស់រាជរដ្ឋាភិបាល ត្រូវបានកែសម្រួលដូចខាងក្រោម៖
១-សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាប្រធាន
២-ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
ជាអនុប្រធាន
៣-ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជាអនុប្រធាន
៤-ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្តី ជាអនុប្រធាន
៥-ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អនុប្រធានប្រចាំការ
៦-រដ្ឋមន្ត្រីក្រសួងសុខាភិបាល អនុប្រធាន
៧-ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន សមាជិក
៨-រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា សមាជិក
៩-រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សមាជិក
១០-រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា សមាជិក ។ល។
សមាសភាពជាក់ស្ដែងរបស់ គ.ប.ក. ត្រូវកំណត់ដោយសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល។ គ.ប.ក. បំពេញការងាររបស់ខ្លួនក្រោមការដឹកនាំ និងបញ្ហាផ្ទាល់របស់នាយករដ្ឋមន្ត្រី និងជាប្រធានគ.ប.ក។
គ.ប.ក. អាចផ្ដល់ការណែនាំដល់ស្ថាប័ន ក្រុមប្រឹក្សាអាជ្ញាធរគណៈកម្មាធិការ និងយន្តការនានា របស់រាជរដ្ឋាភិបាល ឱ្យអនុវត្តវិធានការបន្ទាន់ទាំងឡាយតាមការចាំបាច់ដើម្បីចូលរួមក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩។ ក្នុងករណីចាំបាច់ គ.ប.ក អាចអញ្ជើញរដ្ឋមន្ត្រី រដ្ឋលេខាធិការ ថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេស ពាក់ព័ន្ធផ្សេងទៀត ចូលរួមប្រជុំ។
គ.ប.ក. មានតួនាទី និងភារកិច្ច ដូចខាងក្រោម៖
– ដឹកនាំការប្រយុទ្ធនឹងជំងឺកូវីដ-១៩
– កំណត់គោលនយោបាយ និងផែនការយុទ្ធសាស្ត្រ ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ សំដៅកាត់បន្ថយឱ្យបានជាអតិបរមានូវផលប៉ះពាល់ដល់វិស័យសុខភាពសាធារណៈ និងធានាដល់និរន្តរភាពន កិច្ចដំណើរការ និងជំរុញការស្ទុះងើបឡើងនៃវិស័យសង្គម-សេដ្ឋកិច្ចតាម “គន្លងប្រក្រតីភាពថ្មី
– ដឹកនាំអនុវត្តផែនការយុទ្ធសាស្ត្រ ក្នុងការប្រយុទ្ធ ទប់ស្កាត់ និងគ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដ-១៩
– គ្រប់គ្រងផលប៉ះពាល់លើទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច និងសង្គម ទាំងកម្រិតជាតិ និងអន្តរជាតិ និង – ដឹកនាំ និងសម្របសម្រួលការអនុវត្តវិធានការជាអន្តរវិស័យ អន្តរស្ថាប័ន ទាំងនៅរដ្ឋបាលថ្នាក់ជាតិនិងរដ្ឋបាលថ្នាក់ក្រោមជាតិ និងជាមួយដៃគូដែលមានការពាក់ព័ន្ធ។
សូមអាននូវខ្លឹមសារ អនុក្រឹត្យលេខ៨៥ អនក្រ.បក ចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា ទាំងស្រុងដូចខាងក្រោម៕
ដោយ៖ សិលា