ភ្នំពេញ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ផ្ញើលិខិតរំលែកទុក្ខជូនចំពោះក្រុមគ្រួសារសព លោកយាយព្រឹទ្ធាចារ្យ ទេវនាដនិម្មិត ឯម ធាយ ដែលបានទទួលមរណភាពកាលពីថ្ងៃអង្គារ ៦កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១២ និង២០ រំលងអាធ្រាត្រ ក្នុងជន្មាយុ៨៨ឆ្នាំ ដោយជរាពាធ។
នេះគឺជាការបាត់បង់ដ៏ធំធេងមួយ ក្នុងវិស័យសិល្ប:វប្បធម៌ ទាំងផ្នែករបាំក្បាច់បុរាណ តន្ត្រី ចម្រៀងបុរាណខ្មែរ។
លិខិតរំលែកទុក្ខ ផ្ញើជូន លោកស្រី ថោង គឹមអាន ព្រមទាំងក្រុមគ្រួសារ !
តាងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្នុងនាមខ្ញុំផ្ទាល់ យើងខ្ញុំពិតជាមានក្តីរន្ធត់ស្លុតចិត្ត ក្តុកក្តួល និងសោកស្ដាយជាពន់ពេក ដោយទើបទទួលបានដំណឹង មរណភាព លោកយាយព្រឹទ្ធាចារ្យ ទេវនាដនិម្មិត ឯម ធាយ នៅថ្ងៃអង្គារ ៦កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១២ និង២០ នាទីរំលងអាធ្រាត ក្នុងជន្មាយុ ៨៨ឆ្នាំ ដោយជរាពាធ។
យើងខ្ញុំទាំងអស់គ្នា សូមចូលរួមសម្តែងនូវសមានទុក្ខដ៏សែនក្រៀមក្រំ និងអាឡោះអាល័យស្ទើររក ទីបំផុតគ្មានជាមួយក្រុមគ្រួសារ លោកយាយព្រឹទ្ធាចារ្យទេវនាដនិម្មិត ឯម ធាយ ដែលបានបាត់បង់ នូវជីដូន ម្ដាយ ដ៏ជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌។
មរណភាពរបស់ លោកយាយព្រឹទ្ធាចារ្យ ទេវនាដនិម្មិត ឯម ធាយ គឺជាការបាត់បង់ដ៏ធំធេង មួយ និងជាការបាត់បង់នូវមរតកមនុស្សរស់ដ៏ឆ្នើមមួយរូបដែលបានលះបង់ពេលវេលា កម្លាំងកាយចិត្តពេញ មួយជីវិត ក្នុងការលើកស្ទួយវិស័យវប្បធម៌ទាំងផ្នែករបាំក្បាច់បុរាណ តន្ត្រី និងចម្រៀងបុរាណខ្មែរ។
ជាទីបញ្ចប់ តាងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងខ្ញុំផ្ទាល់ យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកយាយព្រឹទ្ធាចារ្យទេវនាដនិម្មិត ឯម ឆាយ ឆាប់បានទៅកាន់ឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
សូម លោកស្រី ថោង គឹមអាន ព្រមទាំងក្រុមគ្រួសារ ទទួលនូវមនោសញ្ចេតនារំលែកទុក្ខ ដ៏សែនក្រៀមក្រំនេះពីយើងខ្ញុំទាំងអស់គ្នាដោយក្តីសោកស្ដាយ៕
ដោយ៖ សិលា