ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខណ្ឌមានជ័យ និងក្រសួងការងារ ចុះផ្សព្វផ្សាយ និងទប់ស្កាត់ករណីឆ្លងកូវីដ-១៩ នៅរោងចក្រកាត់ដេរសម្លៀកបំពាក់ សេន ចូវ ស្ថិតនៅផ្លូវវេងស្រេង ក្នុង​ភូមិដំណាក់ធំ២

ចែករំលែក៖

ភ្នំពេញ​៖​ អាជ្ញាធរខណ្ឌមានជ័យ ដឹកនាំដោយលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និងលោក ទូច សុទ្ធមុត តំណាងក្រសួងការងារ នៅវេលាម៉ោង ០៨​ និង៣០នាទីព្រឹក ថ្ងៃពុធ ៧កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១នេះ បានចុះផ្សព្វផ្សាយ និងទប់ស្កាត់ការរីករាលដាលនៃជំងឺ កូវីដ-១៩ នូវវិធានការ ៣កុំ ៣ការពារ នៅរោងចក្រកាត់ដេរសម្លៀកបំពាក់យីហោ​ សេន ចូវ ស្ថិតនៅផ្លូវវេងស្រេង ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្នុង​ការចុះផ្សព្វផ្សាយ និងទប់ស្កាត់ករណីឆ្លងកូវីដ-១៩ នៅរោងចក្រកាត់ដេរខាងលេីនេះ​ ដែលមានសមាសភាពចូលរួមមាន ៖

– ក្រុមការងារ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ
– លោក វរសេនីយ៍ទោ ជឹម សុភក្រ្ត័ អធិការរង នគរបាល ខណ្ឌមានជ័យ
– លោក វរសេនីយ៍ត្រី សេន បូណា មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថ ខណ្ឌមានជ័យ ។
– លោក យាន ឧត្ដម សនាជិកក្រុមប្រឹក្សារសង្កាត់ស្ទឹងមានជ័យ៣ ។
– លោក ហួត សុខ រដ្ឋបាល រោងចក្រ សេន ចូវ ។

ក្រោយពីបានពិនិត្យរួចមក លោក ឌី រ័ត្នខេមរុណ និងក្រុមការងារ បានពិនិត្យឃើញថា រោងចក្រខាងលើ ដែលមានកម្មករសរុប ចំនួន ២,០៥០នាក់ ស្រី ១,៨៥៩នាក់ បរទេស ៥២នាក់ ស្រី ២២ នាក់ ក្នុងនោះដែររកឃើញវិជ្ជមានមេរោគកូវីដ-១៩ ចំនួន​ម្នាក់​ក្នុង​ចំណោម​ ២,០៥០ នាក់ (ករណីថ្មី) ។

ជាមួយគ្នានេះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានណែនាំទៅដល់តំណាង រោងចក្រ ត្រូវជម្រុញឲ្យបុគ្គលិក និងកម្មករ ទាំងអស់ដែលពាក់ព័ន្ធ អ្នកវិជ្ជមាន មេរោគកូវីដ-១៩ ទៅយកសំណាកប្រសិនបើមានអាការៈសង្ស័យ និងត្រូវអនុវត្តនូវវិធានការ ៣ការពារ និង ៣កុំ របស់ រាជរដ្ឋាភិបាល ឱ្យបានខ្ជាប់ខ្ជួនជានិច្ច៕ដោយ​៖ស​ តារា​


ចែករំលែក៖