ភ្នំពេញ, នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានបញ្ជាក់លើផេកផ្លូវការថា, បច្ចុប្បន្ន កម្ពុជាបានចាត់ទុកដំឡូងមីគឺជាដំណាំសំខាន់ទី២ បន្ទាប់ពីដំណាំស្រូវសម្រាប់ផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុក(ផលិតអាហារមនុស្ស និងសត្វ) និងនាំចេញ(ស្រស់ ចំណិតក្រៀម និងជាម្សៅ)។ យោងលើរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម (១៦/៦/២០២១) បានឲ្យដឹងថា នៅឆ្នាំ២០២០ កម្ពុជាមានផ្ទៃដីដាំដុះដំឡូងមីសរុបចំនួន ៦៦៣ ៩២៩ហត បរិមាណផលសរុបចំនួន ១២ ៦៨០ ៩៨៧តោន និងទទួលបានទិន្នផលជាមធ្យមចំនួន ២០,៥៥ត/ហត។ ក្រៅពីការ ប្រើប្រាស់ក្នុងស្រុក កម្ពុជាបាននាំចេញដំឡូងមីស្រស់ ម្សៅដំឡូងមី ចំណិតដំឡូងមីស្ងួតគិតជាទឹកប្រាក់ប្រមាណពី ៣,៥០ ទៅ ៤ លានដុល្លារ/ឆ្នាំ។ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ផលិតកម្មដំឡូងមីមានការកើនឡើងយ៉ាងឆាប់រហ័សនៅក្នុងតំបន់ ធ្វើឲ្យផ្ទៃដីដំាដុះនៅក្នុងប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ក៏មានការកើនឡើងគួរឲ្យកាត់សម្គាល់ផងដែរ។
ព្រមជាមួយនឹងកំណើនបរិមាណដំឡូងមីដែលទីផ្សារត្រូវការ និងកំណើនផ្ទៃដីដាំដុះ ដំណាំដំឡូង មីនៅក្នុងតំបន់ ក៏ផ្ទះឡើងនូវជំងឺឆ្លងសំខាន់ ២ប្រភេទគឺ៖ ទី១- ជំងឺកញ្ចុំស្លឹក (CWBD) ដែលបច្ចុប្បន្នបានរីករាលដាលពាសពេញអាស៊ីអាគ្នេយ៍ នាំឲ្យប៉ះពាល់យ៉ាងខ្លាំងទៅលើគុណភាពដំឡូង កម្រិតជាតិម្សៅ និងទិន្នផលរហូតដល់ទៅ ៩០% ហើយចៀសមិនខានផលិតកម្ម តម្លៃ និងផលិតកម្មកែច្នៃត្រូវតែទទួលរងនូវផលប៉ះពាល់។ ទី២- ជំងឺវីរុសម៉ូសាអ៊ិក (CMD) កម្ពុជាបានរកឃើញជំងឺនេះជាលើកដំបូងនៅក្នុងឆ្នាំ២០១៥ និងជាបន្តបន្ទាប់វាបានរាលឆ្លងទៅតាមបណ្តាខេត្តចំនួន១២ មានជាអាទិ៍៖ រតនគិរី មណ្ឌលគិរី ក្រចេះ ត្បូងឃ្មុំ ពោធិ៍សាត់ បាត់ដំបង ព្រះវិហារ កំពង់ធំ បន្ទាយមានជ័យ ឧត្តរមានជ័យ កំពង់ចាម និងខេត្តស្ទឹងត្រែង។ របាយការណ៍បានបញ្ចាក់ច្បាស់ថាជំងឺនេះគ្មានថ្នាំការពារ និងកម្ចាត់ទេ វិធានការសមស្រប និងមានប្រសិទ្ធភាពនោះគឺការប្រើប្រាស់ពូជធន់ ពូជត្រូវបានសម្រិតសម្រាំង មានប្រភពច្បាស់លាស់ និងគ្មានជំងឺ។
យល់ច្បាស់ពីកំហាតបង់សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ អគ្គនាយកដ្ឋានកសិកម្ម ក្រោមការជួយឧបត្ថម្ភហិរញ្ញវត្ថុពីមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ (ACIAR) និងសហការជាមួយមជ្ឈមណ្ឌលអន្តរជាតិសម្រាប់កសិកម្មតំបន់ត្រូពិក (CIAT) បានអនុវត្ត គម្រោងមួយស្តីពី “ដំណោះស្រាយប្រកបដោយចីរភាពលើជំងឺដំណាំដំឡូងមីនៅតំបន់អាស៊ីអាគ្នេយ៍” មានរយៈពេល ០៤ឆ្នាំ (២០២០-២០២៣) ដោយអនុវត្តនៅខេត្តចំនួន១៤ រួមមាន៖ ខេត្តកំពង់ចាម បាត់ដំបង បន្ទាយមានជ័យ ក្រចេះ ឧត្តរមានជ័យ ត្បូងឃ្មុំ កំពង់ធំ ប៉ៃលិន សៀម រាប ព្រះវិហារ ពោធិសាត់ រតនគិរី មណ្ឌលគិរី និងខេត្តស្ទឹងត្រែង។ ផលិតកម្មខ្នាតតូច អាជីវកម្ម អ្នកកែច្នៃ និងអ្នកធ្វើគោលនយោបាយ ត្រូវបានរំពឹងទុកថានឹងទទួលបានផលប្រយោជន៍ពីគម្រោងនេះ។ ការលើកកម្ពស់កម្រិតជីវភាពរបស់កសិករខ្នាតតូច និងការអភិវឌ្ឍសេដ្ឋកិច្ចនៅ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ការកែលម្អប្រព័ន្ធផលិតកម្ម និងខ្សែច្រវាក់ផលិតកម្មកែច្នៃ តាមរយ:ការការ ពារ និងដោះស្រាយបញ្ហាជំងឺដំឡូងមីឱ្យបានសមស្រប និងឆាប់រហ័ស គឺជាគោលបំណងដ៏សំខាន់របស់គម្រោង។ គោលបំណងនេះអាចសម្រេចបានចាំបាច់ត្រូវអនុវត្តនូវសកម្មភាពសំខាន់ៗ ចំនួន ០៤ មានដូចខាងក្រោម៖
១- ធ្វើការស្រាវជ្រាវតាមរយៈការធ្វើពិសោធន៍ចន្លោះគុម្ព ពេលវេលាដាំដុះ ពេលវេលាប្រមូលផល និងការដាំពង្រីកពូជគ្មានជំងឺ CMD ក្នុងផ្ទះប្លាស្ទិច។
២- ធ្វើបច្ចុប្បន្នភាពផែនទីស្តីពីការរីករាលដាលជំងឺទាំងពីរ និងប្រជាកររុយស។
៣- ចុះអង្កេត តាមដាន ប្រមូលសំណាកជំងឺទាំងពីរ និងរុយស។
៤- វាយតម្លៃបច្ចេកវិទ្យាថ្មីសម្រាប់ធ្វើរោគវិនិច្ឆ័យរហ័សលើសំណាកជំងឺទាំងពីរ ជាមួយកម្មវិធីជាក់លាក់នៅក្នុងប្រព័ន្ធគ្រាប់ពូជ។
ការសិក្សាស្រាវជ្រាវបានទទួលលទ្ធផលដូចខាងក្រោម៖
ការប្រមូលផលពិសោធន៍ចំនួន០២ពិសោធន៍ក្នុងឆ្នាំ២០២០-២០២១ ទៅលើដង់ស៊ីតេដាំដុះ និងពេលវេលាប្រមូលផលទៅតាមអាយុកាលកំណត់រួមមាន ៦ ៨ និង១០ខែក្រោយដាំ។ ការប្រមូលផលចុងក្រោយត្រូវបានបញ្ចប់ក្នុងខែមេសា ២០២១ ដោយទទួលបានលទ្ធផលដូចក្នុងតារាងលម្អិតខាងក្រោម។
ក. លទ្ធផលពិសោធន៍លើដង់ស៊ីតេ
លទ្ធផលពិសោធន៍ឆ្នាំទី១ បានបង្ហាញថាការលូតលាស់ ទិន្នផល និងកម្រិតជាតិម្សៅរបស់ដំឡូង មី អាស្រ័យលើដង់ស៊ីតេដាំ និងការប្រើប្រាស់ជីបានត្រឹមត្រូវ។ ជាក់ស្តែង ការពិសោធន៍បានអនុវត្តតាមបច្ចេកទេសត្រឹមត្រូវដូចបានរៀបរាប់ខាងក្រោម នោះទិន្នផលនឹងទទួលបានក្នុងរង្វង់ ៤០ត/ហត ក្នុងលក្ខខណ្ឌដីក្រហមចម្ការលើ។ ទិន្នផលខ្ពស់បណ្តាលមកពីបច្ចេកទេសមុន និងក្រោយ ពេលពេលដាំរួមមាន៖ – ការជ្រើសរើសពូជ គ្មានសត្វល្អិតបំផ្លាញ និងជំងឺ ហើយពូជដែលមានសក្តានុពលគឺពូជខេយូ៥០ (KU50) – ការរៀបចំដីឱ្យបានល្អ – ការថែទាំសម្អាតស្មៅឱ្យបានទៀត ទាត់ (បីដងក្នុង១វដ្តជីវិត) – ការប្រើប្រាស់ជីបានត្រឹមត្រូវទៅតាមតម្រូវការរបស់ដំណាំដំឡូងមី (កម្រិតណែនាំតាមបច្ច័យ)។
បច្ច័យ កម្ពស់ដើម (ម) ទិន្នផល (ត/ហ.ត) កម្រិតជាតិម្សៅ (%)
A- ១ម x ១ម = ១0000ដើម/ហត + ៨0N -២0 P២O៥-៨0 K២O
៣,៣០ ៣៩,៥០ ២៨,៩០
B- ១ម x 0.៥ម = ២0000ដើម/ហត + ៨0N – ២០ P២O៥ – ៨0 K២O ៣,១០ ៤៨,៨០ ៣១,០0
C- ១.៥ម x 0.៥ម = ១៣៣៣៣ ដើម/ហត + ៨០N -P២O៥ -៨0 K២O ៣,៣០ ៤៦,៩០ ២៨,៩០
D- ១ម x 0.៥ម = ២0000 ដើម/ហត + ១៦0N -៤0 P២O៥ -១៦0 K២O ៣,៤០ ៣៨,៣០ ២៧,៩០
E- ១.៥ម x 0.៥ម = ១៣៣៣៣ដើម/ហត + ១០៦.៧N-២៦.៧ P២O៥ -១០៦.៧ K២O ៣,៣០ ៣៦,៩០ ៣0,៣០
F-១ម x ១ម = ១0000 ដើម/ហត (អត់ប្រើជី) ៣,១០ ៣៤,៦០ ២៧,៥០
ខ. លទ្ធផលពិសោធន៍លើពេលវេលាប្រមូលផល
លទ្ធផលពិសោធន៍ឆ្នាំទី១ បានបង្ហាញថា ការប្រមូលផលនៅអាយុកាល ១០ខែ ទទួលបានទិន្នផលខ្ពស់ជាងការប្រមូលផលនៅអាយុកាលខ្លីក្នុងលក្ខខណ្ឌដីក្រហម (កសិដ្ឋានផលិតពូជដំណាំតំបន់ដីខ្ពស់ចម្ការលើ) ចំណែកកម្រិតជាតិម្សៅក៏មិនខុសគ្នាដែរ ប៉ុន្តែតាមលទ្ធផលនេះបង្ហាញថាកម្រិតជាតិម្សៅនៅអាយុកាល ១០ខែ ក្រោយដាំមានការថយចុះ នេះអាចបណ្តាលមកពីកម្រិតទឹកភ្លៀងខ្ពស់ពេក។ ការពិសោធន៍បានអនុវត្តតាមបច្ចេកទេសមុន និងក្រោយពេលដាំដូចជា៖ – ការជ្រើសរើសពូជ គ្មានសត្វល្អិតបំផ្លាញ និងជំងឺ ជ្រើសរើសពូជដែលមានសក្តានុពលគឺពូជខេយូ៥០ (KU50) – ការរៀបចំដីឱ្យបានស្អាតល្អ – ការថែទាំសម្អាតស្មៅឱ្យបានទៀតទាត់ (បីដងក្នុង១វដ្តជីវិត) – ការប្រើប្រាស់ជីបានត្រឹមត្រូវទៅតាមតម្រូវការរបស់ដំណាំដំឡូងមី (៨០N+ ២០P2O5 + ៨០K2O)។
បច្ច័យកម្ពស់ដើម(ម)ទិន្នផល (ត/ហត)កម្រិតជាតិម្សៅ (%)
ប្រមូលផលនៅអាយុកាល ០៦ខែក្រោយដាំ ៣,0០ ៣៤,៣០ ២៨,៦០
ប្រមូលផលនៅអាយុកាល ០៨ខែក្រោយដាំ ៣,0០ ៤៥,២០ ៣0,៣០
ប្រមូលផលនៅអាយុកាល ១០ខែក្រោយដាំ ៣,២០ ៥១,៤០ ២៧,៩០
សន្និដ្ឋាន៖
– ការដាំដុះដំណាំដំឡូងមី ដោយអនុវត្តតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ទាំងមុន និងក្រោយពេលពេលដាំ ដែលរួមមាន៖ ការជ្រើសរើសពូជ គ្មានជំងឺ គ្មានសត្វល្អិត ពូជKU50 និងការថែទាំ ការ ប្រើជីនឹងទទួលបានទិន្នផលខ្ពស់ពី ៣៤-៥០ត/ហត (ក្នុងលក្ខខណ្ឌដីក្រហម កសិដ្ឋានផលិតពូជដំណាំតំបន់ដីខ្ពស់ចម្ការលើ)។
– ចំពោះការដាំដុះតាមទម្លាប់របស់កសិករក្នុងលក្ខខណ្ឌដីក្រហម (ចម្ការលើ) និងប្រើប្រាស់ពូជ KU50 ដូចគ្នានឹងទទួលបានទិន្នផលពី ២០-២៣ត/ហត ប៉ុណ្ណោះដោយសារផ្ទៃដីធំ មិនបានជ្រើសរើសពូជត្រឹមត្រូវ ពូជគ្មានប្រភពច្បាស់លាស់ និងមិនបានមើលថែទាំឲ្យបានត្រឹមត្រូវ។
គ. ការងារស្រាវជ្រាវសម្រាប់ឆ្នាំ២០២១-២០២២
ក្រុមការងារបានធ្វើការដាំពិសោធន៍ដំណាំនេះ លើពេលវេលាដាំដុះផ្សេងគ្នា ដោយបានចាប់ផ្តើមនៅពាក់កណ្តាលខែមករា ២០២១ (បានធ្វើស្មៅចំនួន០២លើក និងដាក់ជីបំប៉ន)។ ដោយឡែក ការពិសោធន៍លើដង់ស៊ីតេដាំដុះបានចាប់ផ្តើមនៅថ្ងៃទី២៨ ខែឧសភា ២០២១ និងបានត្រៀម ផ្ទះប្លាស្ទិចចំនួន០៤ សម្រាប់ដាំពង្រីកដើមពូជដំឡូងមី គ្មានជំងឺ CMD សម្រាប់ចែកជូនកសិករនាពេលខាងមុន។
ឃ. សកម្មភាពចុះអង្តេតតាមដានជំងឺម៉ូសាអ៊ិក (CMD) ជំងឺកញ្ចុំស្លឹក (CWBD) និងរុយស
– ក្រុមការងារបានរៀបចំពិធីសារសម្រាប់ចុះប្រមូលទិន្នន័យ និងបានកំណត់ទីតាំងចំនួន ១៥០ទីតាំងសម្រាប់ សកម្មភាពចុះអង្តេតតាមដានជំងឺទាំងពីរ និងរុយសពីខេត្តគោលដៅ។
– បានធ្វើបច្ចុប្បន្នភាពសម្រាប់បញ្ជូលទិន្នន័យចំនួន៤៤ទីតាំងក្នុង https://pestdisplace.org ។
ទីតាំងដែលបញ្ជូលក្នុងគេហទំព័រ https://pestdisplace.org
ទិសដៅបន្ត គម្រោងនឹង៖
– បន្តតាមដានការងារពិសោធន៍ តាមរយៈការវាស់ស្ទង់ទិន្នន័យ ធ្វើការសម្អាតស្មៅ និងដាក់ជីទៅតាមកម្រិតណែនាំឱ្យបានត្រឹមត្រូវតាមពេលវេលា។
– ដាំព្រងីកដើមពូជគ្មានជំងឺម៉ូសាអ៊ិកក្នុងក្នុងផ្ទះប្លាស្ទិចចំនួន០៤ រួចបញ្ចេញដាំខាងក្រៅលើផ្ទៃដី០៣ហិកតា។
– ចុះអង្តេតតាមដានជំងឺម៉ូសាអ៊ិក (CMD) ជំងឺកញ្ចុំស្លឹក (CWBD) និងរុយសក្នុងឆ្នាំ២០២១ ចាប់ពីចុងខែមិថុនា ដល់ខែវិច្ឆិកា។
– បញ្ជូលទិន្នន័យឆ្នាំ២០២០ដែលនៅសល់ទៅក្នុងគេហទំព័រ https://pestdisplace.org៕
ដោយ៖ សិលា