ភ្នំពេញ៖ គម្រោងការកសាងសមត្ថភាពបន្ស៊ាំ តាមរយៈការពង្រីក បច្ចេកវិទ្យាថាមពលកកើតឡើងវិញ នៅតំបន់ជនបទនៃប្រទេសកម្ពុជា (Building Adaptive Capacity through the Scaling-up of Renewable Energy Technologies in Rural Cambodia Project ហៅថា ថា S-RET គឺជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលអនុវត្តដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមក្របខណ្ឌហិរញ្ញប្បទានឥតសំណងរបស់មូលនិធិបរិស្ថានពិភពលោក (GEF) តាមរយៈមូល និធិអន្តរជាតិ សម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) ។
បើតាមការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ លោក វេង សាខុន បានបញ្ជាក់ថា គោលដៅរបស់គម្រោង គឺធ្វើឱ្យកាន់តែប្រសើរនូវជីវភាពរស់នៅរបស់កសិករ ក្រីក្រតាមជនបទនៃខេត្តគោលដៅចំនួន ៥ គឺខេត្តកំពត កណ្ដាល ព្រៃវែង ស្វាយរៀង និងខេត្តតាកែវ តាមរយៈការពង្រីកឱ្យកាន់តែទូលំទូលាយនូវការទទួលយក និងប្រើប្រាស់បច្ចេកវិទ្យាថាមពលកកើតឡើងវិញ ក្នុងការគាំទ្រការផលិត ការកែច្នៃ និងការធ្វើអាជីវកម្មកសិកម្មរបស់កសិករ។
លោក វេង សាខុន បន្តថា គម្រោងក៏បានពង្រីកទៅខេត្តទាំងអស់ដែលគាំទ្រ ដោយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួល អាកាសធាតុ (ASPIRE) ដែលកម្មវិធីនេះកំពុងអនុវត្តសកម្មភាពនៅទូទាំងប្រទេសកម្ពុជា។ គម្រោង S-RET មានរយៈពេល ៥ ឆ្នាំ គឺចាប់ផ្តើមអនុវត្តពីខែតុលា ឆ្នាំ២០១៦ ដល់ខែមិថុនា ឆ្នាំ២០២១ (រួមទាំងការពន្យារការអនុវត្តគម្រោងរយៈ ៦ ខែ ដោយសារបញ្ហាកូវីដ-១៩) ដោយប្រើប្រាស់ថវិកាសរុបចំនួន ៤,៦ លានដុល្លាអាមេរិក។
លោករដ្ឋមន្ត្រីក្រសួងកសិកម្ម បានបញ្ជាក់បន្ថែមថា គោលបំណងសំខាន់របស់គម្រោងគឺគាំទ្រ និងជំរុញឱ្យមាន ការប្រើប្រាស់បច្ចេកវិទ្យាថាមពលកកើតឡើងវិញ ក្នុងផលិតកម្មកសិកម្ម និងការកែច្នៃ កសិផលរបស់កសិករ ដើម្បីកាត់បន្ថយការប្រើប្រាស់ថាមពលដែលមានប្រភពមិន ស្ថិតស្ថេរ ដូចជាប្រេងឥន្ធនៈ ធ្យូងថ្ម និងចរន្តអគ្គិសនីពីបណ្ដាញរដ្ឋ ដែលសុទ្ធសឹង តែត្រូវចំណាយ ថវិកាគ្រួសារសម្រាប់ការប្រើប្រាស់។ លើសពីនេះទៀតការប្រើប្រាស់ ថាមពលកកើតឡើងវិញ បានផ្ដល់អត្ថប្រយោជន៍មហាសាលដល់សុវត្ថិភាព និងសុខមាលភាពសង្គមផងដែរ។
បន្ថែមពីនេះ លោករដ្ឋមន្រ្តី បានបន្តទៀតថា រហូតមកដល់ពេលនេះ គម្រោងបានចំណាយថវិកាអស់ប្រមាណ ៤,៣០ លានដុល្លារអាមេរិក ស្មើនឹង ៩៤% នៃថវិកាសរុប ចំនួន ៤,៦០ លានដុល្លារ អាមេរិក ដោយសម្រេចជោគជ័យបានប្រមាណ ៩៨% នៃលទ្ធផលដែលបានគ្រោង។ ទន្ទឹមនឹងនេះ កសិករដែលទទួលបានផល បានពេញចិត្តនឹងទទួលនូវបច្ចេកវិទ្យា ទាំងអស់ខាងលើ ដើម្បីប្រើប្រាស់ក្នុងការងារកសិកម្មរបស់ពួកគាត់។
លើសពីនេះ លោក វេង សុខុន បានគូសបញ្ជាក់ទៀតថា លទ្ធផលសំខាន់ៗ ផ្សេងទៀត ដែលគម្រោងសម្រេចបាន មានដូចជា៖ បានចងក្រង និងផ្សព្វផ្សាយឯកសារបច្ចេកទេសតាមបច្ចេកវិទ្យានីមួយៗ រួមមាន ៖ ម៉ូទ័របូមទឹក ទូភ្ញាស់ស៊ុតមាន់ ម៉ាស៊ីនកែច្នៃចំណីសត្វ ឧបករណ៍ហាលសម្ងួត ប្រព័ន្ធកម្តៅទឹកសម្រាប់ត្រាំ និងលាងសម្អាតបន្លែ និងផ្លែឈើ និងការដាំបន្លែលើទឹក ប្រើថាមពលព្រះអាទិត្យ និងធ្យូងអនាម័យសម្រាប់ដុតកម្តៅកូនមាន់, បានបណ្ដុះ បណ្ដាលមន្ត្រីជំនាញនៃនាយកដ្ឋានវិស្វកម្មកសិកម្ម និងមន្ត្រីជំនាញការិយាល័យគ្រឿង យន្តកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ២៥ រាជធានី ខេត្ត សរុប ៣៥ នាក់, បានបែងចែកឧបករណ៍កសិកម្ម ប្រើថាមពលព្រះអាទិត្យជូននាយកដ្ឋានវិស្វកម្ម កសិកម្ម និងការិយាល័យ គ្រឿងយន្តកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ទាំង ២៤ ខេត្ត …។ល៕ដោយ៖សហការី