ការប្រកួតវគ្គជម្រុះ១៦ក្រុមចុងក្រោយនៃព្រឹត្តិការណ៍យូរ៉ូ២០២០នឹងត្រូវចាប់ផ្តើមនៅយប់ថ្ងៃទី២៦ មិថុនាស្អែកនេះហើយ ដោយក្នុងនោះក្រុមប្រកួតបើកឆាកមុនគេគឺក្រុមជម្រើសជាតិវែលត្រូវប៉ះជាមួយក្រុមជម្រើសជាតិដាណឺម៉ាកវេលាម៉ោង១១យប់។ ចំណែកក្រុជម្រើសអុីតាលីត្រូវប៉ះក្រុមជម្រើសជាតិអូទ្រីសនៅ២យប់រំលងអធ្រាត្រឈានចូលថ្ងៃ២៧មិថុនា។
យោងតាមតារាងផ្គូរផ្គងរបស់គេហទំព័រ soccerway និង Indosport បានបង្ហាញថា ក្រុមជម្រើសជាតិវែលប៉ះក្រុមជម្រើសជាតិដាណឺម៉ាកគឺធ្វើឡើងនៅកីឡដ្ឋាន Venue Johan Cruijff Arena ក្នុងទីក្រុង Amsterdam ប្រទេសហុល្លង់។
៣ប្រកួតចុងក្រោយរបស់ក្រុមជម្រើសជាតិវែលក្នុងវគ្គជម្រុះតាមពូល គឺស្មើ១ទល់១ជាមួយស្វ៊ីស, ឈ្នះទួរគី២ទ០ និងចាញ់អុីតាលី១ទល់០។ រីឯ៣ប្រកួតចុងក្រោយរបស់ដាណឺម៉ាកគឹ ចាញ់ហ្វាំងឡង់១ទល់០, ចាញ់បែលហ្ស៊ិក២ទល់១ និងឈ្នះរុស្ស៊ី៤ទល់១។ ប្រវត្តិជួបគ្នា៧ប្រកួតចុងក្រោយរបស់ក្រុមទាំង២គឺដាណឺម៉ាកឈ្នះ៥ដង រីឯវែលឈ្នះតែ២ដងទេ។
ចំណែកក្រុមអុីតាលីត្រូវប៉ះក្រុមអូទ្រីសនៅកីឡដ្ឋាន Wembley Stadium ក្នុងទីក្រុងឡុង ប្រទេសអង់គ្លេសនៅវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី២៧ មិថុនា។
ក្រុមអុីតាលីក្នុងវគ្គជម្រុះតាមពូលគឺមិនដែលចាញ់នោះទេ ដោយឈ្នះទួរគី៣ទល់០, ឈ្នះស្វ៊ីស៣ទល់០ និងឈ្នះវែល១ទល់០។
រីឯក្រុមអូទ្រីស៣ប្រកួតក្នុងវគ្គជម្រុះតាមពូលគឺឈ្នះម៉ាសេដូនៀ៣ទល់១, ចាញ់ហុល្លង់២ទល់០ និងឈ្នះអ៊ុយក្រែន១ទល់០។
ប្រវត្តិជួបគ្នាសម្រាប់គូនេះ៧ប្រកួតចុងក្រោយគឺអុីតាលីឈ្នះ៥ប្រកួត និងស្មើគ្នា២ប្រកួត ដោយអូទ្រីសមិនដែលស្គាល់រសជាតិឈ្នះអុីតាលីនោះទេ ហើយការប្រកួត១៦ក្រុមចុងក្រោយនេះគឺអុីតាលីមានសង្ឃឹមឈ្នះច្រើនផងដែរ នេះបើយោងតាមទិន្នន័យ និងប្រវត្តិជួបគ្នា ៕
(រូបភាព៖ Indosport)