ព័ត៌មានទាន់ហេតុការណ៍៖

អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយទេសរដ្ឋមន្ត្រី គន់ គីម ណែនាំទៅអភិបាលរាជធានី-ខេត្ត ត្រៀមខ្លួនឆ្លើយតបគ្រោះមហន្តរាយទឹកជំនន់ !

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សូមជម្រាបជូន លោក លោកស្រី អភិបាល រាជធានី ខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយរាជធានី-ខេត្ត ឱ្យបានជ្រាបថាៈ យោង តាមសេចក្តីជូនដំណឹង ស្តីពីការព្យាករអាកាសធាតុរបស់ ក្រសួងធនធានទឹកនិងឧតុនិយម និងការផ្តល់ ព័ត៌មានពីគណៈកម្មការទន្លេមេគង្គ អំពីបរិមាណទឹកភ្លៀងនឹងធ្លាក់ច្រើននៅតាមតំបន់ផ្ទៃរងទឹកភ្លៀង របស់ទន្លេមេគង្គ និងទន្លេសាប ដែលអាចបង្កឱ្យទឹកទន្លេហក់ឡើង។

ដោយយោងលើកត្តាអាកាសធាតុនៅដើមរដូវវស្សាឆ្នាំ២០២១នេះ គណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ សូមធ្វើការណែនាំដល់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ត្រូវបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់បំផុត ត្រៀមរៀបចំទុកជាមុន ដោយប្រកាន់ យកវិធានការ ដូចខាងក្រោម៖

១. ត្រូវពង្រឹងតួនាទីភារកិច្ចរបស់យន្តការគ្រប់គ្រងគ្រោះមហន្តរាយ ដែលមានចែងក្នុងអនុក្រឹត្យ លេខ ១៨៨ អ.ន.ក្រចុះថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ របស់រាជរដ្ឋាភិបាល និងប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប ធនធានសរុប ត្រៀមរៀបចំឱ្យបានសមស្របក្នុងបរិបទប្រយុទ្ធប្រឆាំងកូវីដ-១៩ សម្រាប់ ការងារជម្លៀស ការជួយសង្គ្រោះ ការរៀបចំទីទួលសុវត្ថិភាព (ទីទួលសុវត្ថិភាពធម្មជាតិ ទីទួលសុវត្ថិភាព សំណង់ វត្តអារាម អគារសាធារណៈ។ល។) តាមវិធានការសុខាភិបាល និងអនុវត្តតាមការណែនាំ ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា អំពីវិធីការពារខ្លួន ៣ការពារ ៣កុំ។

២. ត្រូវជូនដំណឹងឱ្យបានញឹកញាប់តាមរយៈប្រព័ន្ធផ្សព្វផ្សាយនៅមូលដ្ឋាន Telegram និងប្រកាស ជូនដំណឹង ព័ត៌មានតាមទូរស័ព្ទ ១២៩៤ ការព្យាករអាកាសធាតុ ស្ថានភាពទឹកទន្លេ ព្រែក ស្ទឹង ជាដើម។ល។ អោយបានជ្រួតជ្រាបដល់ប្រជាជននៅតំបន់ដែលប្រឈមនឹងការគំរាមគំហែងពីមុខសញ្ញាគ្រោះថ្នាក់ធម្មជាតិ។ ជាមួយនេះក៏ ត្រូវអប់រំណែនាំប្រជាជននៅតំបន់ដែលងាយរងគ្រោះ ឱ្យមានការទទួលខុសត្រូវក្នុងគ្រួសារ រៀងៗខ្លួន ត្រៀមរៀបចំទុកដាក់សម្ភារសំខាន់ៗ សត្វពាហានៈ មធ្យោបាយ ស្បៀងអាហារ ដើម្បីបញ្ចៀស ការបាត់បង់ និងគ្រោះថ្នាក់ផ្សេងៗ។
៣. ក្នុងករណីដែលមានមុខសញ្ញាគ្រោះថ្នាក់គ្រោះមហន្តរាយកើតឡើង អាជ្ញាធរមានសមត្ថកិច្ច ដែលមានទីតាំងនៅតំបន់កើតហេតុត្រូវធ្វើប្រតិបត្តិការសង្គ្រោះបន្ទាន់ឆ្លើយតបគ្រោះមហន្តរាយ មុនក្រុម ប្រតិបត្តិការរបស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយរាជធានី ខេត្ត ចុះជួយមកដល់។

លេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយរាជធានី ខេត្ត ត្រូវសម្របសម្រួលការ ឆ្លើយតប ក្នុងព្រឹត្តការណ៍គ្រោះមហន្តរាយ ប្រមូលវិភាគព័ត៌មានតាមប្រព័ន្ធព្រឹស៊ឹម និងផ្តល់ចំណាត់ការ ជូនប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយរាជធានី ខេត្ត ព្រមទាំងរាយការណ៍ជាប្រចាំមក គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មានក្តីសង្ឃឹមយ៉ាងមុតមាំ នូវស្មារតីទទួលខុសត្រូវខ្ពស់ និងកិច្ចសហការយ៉ាងរឹងមាំពីគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយគ្រប់ថ្នាក់ ដើម្បីធានាសុវត្ថិភាព សុខុមាលភាពក្នុងការរស់នៅរបស់ប្រជាជន៕

ដោយ៖សុខ ខេមរា(រូបភាព៖ឯកសារកន្លងមក)


ចែករំលែក៖