ខេត្តកោះកុង៖ យុវជនមួយក្រុមមានគ្នា ១០នាក់ ពាក់ព័ន្ធករណីឃាតកម្មកាប់សម្លាប់យុវជនម្នាក់ស្លាប់ និងម្នាក់របួសធ្ងន់ នៅក្រុងខេមរភូមិន្ទ រួចនាំគ្នារត់គេចខ្លួនបាត់អស់នោះ ត្រូវបានកម្លាំងនគរបាលអធិការដ្ឋានក្រុងខេមរភូមិន្ទ សហការជាមួយនគរបាល ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តកោះកុង បើកប្រតិបត្តិការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនទាំងអស់យកមកសាកសួរ ដេីម្បីចាត់ការតាមច្បាប់។
បេីយោងតាមការបញ្ជាក់ពីលោកវរៈសេនីយ៍ឯក យស់ ចាន់វិចិត្រ អធិការនគរបាលក្រុងខេមរភូមិន្ទ បានឱ្យដឹងនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១នេះថា៖ តបតាមការបញ្ជាដោយផ្ទាល់ របស់លោកឧត្តម សេនីយ៍ទោ គង់ មនោ ស្នងការនគរបាល ខេត្តកោះកុង កម្លាំងសមត្ថកិច្ចជំនាញប្រើពេល ២៤ម៉ោង បានកំណត់មុខសញ្ញា ក្រុមជនសង្ស័យ និងចុះឃាត់ខ្លួនក្រុមក្មេងស្ទាវទាំង១០នាក់នេះ ជាបន្តបន្ទាប់នៅតាមលំនៅដ្ឋានពួកគេ បន្ទាប់ពីពួកគាត់បានប្រព្រឹត្តហិង្សាកាប់សម្លាប់យុវជន គូជម្លោះម្នាក់ឱ្យស្លាប់ និងម្នាក់ទៀត រងរបួសធ្ងន់ កាលពីយប់ថ្ងៃទី២២ ខែមិថុនា កន្លងទៅ។
លោកអធិការក្រុង បន្តថា តាមចម្លើយសារភាព របស់ក្រុមជនសង្ស័យ ទាំង១០ នាក់នេះ មូលហេតុដែលពួកគេ ហ៊ានប្រើអំពើហិង្សា រហូតដល់កាប់ សម្លាប់មនុស្ស ស្លាប់ ទាំងយប់ នៅមុខសាលារៀនសាមគ្គី ក្បែរសាលាសង្កាត់ដងទង់ យ៉ាងដូច្នេះ ក៏ព្រោះតែក្រុមជនរងគ្រោះ ជិះម៉ូតូកាត់ហ្វូង ក្រុមជនសង្ស័យ ផឹកស៊ីនៅសួនថ្ម ទល់មុខសាលាខេត្ត។
ជនសង្ស័យទាំង១០នាក់នេះ រួមមាន៖ ទី១.ឈ្មោះ ជា វិច្ឆ័យ អាយុ១៥ឆ្នាំ មុខរបរសិស្ស ទីលំនៅបច្ចុប្បន្ន ភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង, ទី២.ឈ្មោះ ទៀ គីមហ៊ាន់ អាយុ១៥ឆ្នាំ មុខរបរសិស្ស ទីលំនៅភូមិស្ទឹងវែង, ទី៣.ឈ្មោះ គង់ សារ៉ាត ហៅ ពាង អាយុ១៦ឆ្នាំ មុខរបរសិស្ស ទីលំនៅភូមិ១ សង្កាត់ស្មាច់មានជ័យ , ទី៤.ឈ្មោះ ហេង វណ្ណសេម អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង, ទី៥.ឈ្មោះ លឿង ចំរើន ហៅ គា អាយុ២១ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅភូមិ៤ សង្កាត់ដងទង់ , ទី៦.ឈ្មោះ អូន ឧត្តម អាយុ១៦ ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង, ទី៧.ឈ្មោះ ប្រាក់ ដាវ អាយុ១៧ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ទីលំនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ, ទី៨.ឈ្មោះ ប្រាក់ រ៉ូត អាយុ១៦ឆ្នាំ មុខរបរ បុគ្គលិកមីហ៊ឹរ ទីលំនៅបច្ចុប្បន្នភូមិ៣ សង្កាត់ស្មាច់មានជ័យ, ទី៩.ឈ្មោះ នាង តុង អាយុ១៦ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង និងទី១០.ឈ្មោះ ហែម សុខសម្បត្តិ ហៅ បាត់ អាយុ១៦ឆ្នាំ ទីលំនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ។
គួរបញ្ជាក់ថា ក្រុមជនសង្ស័យ មិនជាប់ព័ន្ធពាក់នឹងគ្រឿងញៀនទេ ដោយបច្ចុប្បន្ន សមត្ថកិច្ចបាន បញ្ចូន សំណុំរឿង ទៅតុលាការ អនុវត្តតាមនីតិវិធី រួចរាល់ហើយ។ ចំណែកវត្តុតាងដកហូត៖ មានម៉ូតូធ្វើ សកម្មភាព ចំនួន៤គ្រឿង ( Honda Dream ៣ គ្រឿង និង Wave ១គ្រឿង) កាំបិតផ្គាក់ចំនួន២ដើម និងស្បែកជើង ៣ គូ៕
ដោយ៖សហការី