ព័ត៌មានទាន់ហេតុការណ៍៖

ខ្មាន់កាំភ្លើងម្នាក់បាញ់ប្រហារស្ត្រីវ័យក្មេង លក់សាច់ព្រៃ រួចបាញ់សម្លាប់ខ្លួនឯងសង្ស័យស្នហាត្រីកោណ

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ ករណីមួយគួរឲ្យរន្ធត់ខ្មាន់កាំភ្លើង បាញ់ប្រហារសម្លាប់ស្ត្រីវ័យក្មេងលក់សាច់ព្រៃ ក្នុងផ្សារសាមគ្គីក្រុងស្ទឹងត្រែង រួចបាញ់សម្លាប់ខ្លួនឯងដោយគ្មានញញើត គេសង្ស័យជាស្នេហាត្រីកោណ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោងប្រមាណ៤៖៤៥នាទី ល្ងាចថ្ងៃសុក្រទី២៥ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅកែងជ្រុងខាងកើត ឈាងខាងជើង ផ្សារសាមគ្គីក្រុងស្ទឹងត្រែង ក្នុងភូមិត្រពាំងព្រីង សង្កាត់ ក្រុង ស្ទឹងត្រែង។

ប្រើតាមអាជីវករលក់ដូរនៅក្បែរកន្លែងកើតហេតុ បាននិយាយថា មុនកើតហេតុគេឃើញខ្មាន់កាំភ្លើង ជាជនដៃដល់ដើរមកសំដៅមករកជនរងគ្រោះជាស្ត្រី កំពង់អង្គុយលក់សាច់ព្រៃមិនដឹងខ្លួន ហើយក៏បាញ់ចំក្បាលតែម្តងដួលស្លាប់ទៅនឹងដីក្នុងថ្លុកឈាម ហើយក៏បាញ់ខ្លួនឯង១គ្រាប់ចំក្បាល ដាច់ខ្យល់ស្លាប់ភ្លាមៗតែម្តង ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់អ្នកលក់ដូរ អ្នកធ្វើដំណើរ និងសមត្ថកិច្ច ចុះមកដល់កន្លែងកើតហេតុតែម្តង។

សមត្ថកិច្ចបញ្ចាក់ថា ជនរងគ្រោះមានឈ្មោះសឿន ណារី ភេទស្រីអាយុ២១ឆ្នាំ មុខរបរលក់សាច់សត្វព្រៃនៅកន្លែងកើតហេតុ រស់នៅភូមិកាំងមេម៉ាយ សង្កាត់ព្រះបាទ ក្រុង ខេត្តស្ទឹងត្រែង។ ចំណែកជនដៃដល់ជាខ្មាន់កាំភ្លើង កាន់កាំភ្លើងខ្លីម៉ាកឡុក នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ បានធ្វើការបាញ់ប្រហារទៅលើជនរងគ្រោះ ជាស្ត្រីចំក្បាលដួលទៅលើដីដេកក្នុងថ្លុកឈាម ឃើញដូច្នេះខ្មាន់កាំភ្លើងក៏បានបាញ់សម្លាប់ខ្លួនឯងចំក្បាលតាមក្រោយតែម្តង។សមត្ថកិច្ចបន្តថា ជនរងគ្រោះដែលស្លាប់ខាងលើ ជាអតីតសង្សារនិងគ្នាពីមុន ក្រោយមកក៏បែកផ្លូវគ្នា ជាមួយខ្មាន់កាំភ្លើងជាជនដៃដល់ ដោយដឹងថាស្ត្រីរងគ្រោះខាងលើមានគូដណ្តឹងថ្មី ជនសង្ស័យខឹងទើបសម្រេចចិត្តមកបាញ់សម្លាប់ ទាំងពីរនាក់តែម្តងទៅ។ បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងពិនិត្យធ្វើកោសល្យវិច័យ ទៅលើសាកសពទាំងពីរ ដើម្បីរកអត្តសញ្ញាណាខ្មាន់កាំភ្លើង ឈ្មោះអី នៅឯណា ធ្វើអ្វី ទើបមានកាំភ្លើងយកមកបាញ់ប្រហារ ទៅលើជនរងគ្រោះនិងខ្លួនឯងយ៉ាងព្រៃផ្សៃដូច្នេះ។ ក្រោយពិនិត្យនិងធ្វើកោសល្យវិច័យរួចសមត្ថកិច្ចបានប្រគល់សាកសពស្ត្រីរងគ្រោះ ទៅឲ្យក្រុមគ្រួសារធ្វើបុណ្យទៅតាមប្រពៃណី៕

ដោយ៖ មាស សុផាត


ចែករំលែក៖