ព័ត៌មានទាន់ហេតុការណ៍៖

បញ្ចកាទម្លាយថា អេដវីនបានទៅលុតជង្គង់ទាំងទឹកភ្នែកសុំទោសឪពុកម្តាយនាងមុនពេលត្រូវបញ្ជូនខ្លួនឡើងតុលាការ

ចែករំលែក៖

  ភ្នំពេញ៖ នៅមិនទាន់ស្ងាត់បាត់នៅឡើយទេអំពីករណីបង្កហិង្សាពីសំណាក់តារាសម្តែង អេដវីន ទៅលើអ្នកនាងបញ្ចកា ដែលជាគូស្នេហ៍រស់នៅជាមួយគ្នានោះ។ ពេលនេះមានដំណឺងបន្ថែមមួយត្រូវបានទម្លាយឱ្យដឹង គឺលោក អេដវីដបានទៅផ្ទះម្តាយជនរងគ្រោះដើម្បីលុតជង្គង់សុំទោសម្តាយឪពុកនាងបញ្ចកាទាំងទឹកភ្នែក រួមទាំងផ្ញើសារសុំទោសទៅកាន់មិត្តភក្តិជិតដិតរបស់គូស្នេហ៍ជាច្រើនផងដែរ។ 

  នៅលើបណ្តាញសង្គមហ្វេសប៊ុកអ្នកនាងបញ្ចកាបានបញ្ជាក់ថា “ខ្ញុំបានឮព័ត៌មានខ្លះថាគាត់គេច? តែចង់ប្រាប់បងប្អូូនថា គាត់មិនបានគេចទេ ហេីយមុនថ្ងៃទៅសារភាពមួយថ្ងៃគាត់បានទៅលុតជង្គង់សំពះម្តាយឪពុកខ្ញុំយំសុំទោស  ពួកគាត់  ហេីយក៏បាន chat ទៅសុំទោសពួកម៉ាកខ្ញុំជិតដិតស្ទេីរតែទាំងអស់គ្នា ថាគាត់ដឹងកំហុសហេីយ ដោយសារតែស្រលាញ់ខ្ញុំខ្លាំងពេក គាត់តែងតែខ្លាចបាត់បង់ខ្ញុំ” ។ នាងបញ្ជាក់ដែរថា «ដីកាកោះហៅថ្ងៃទី២៤ទេ តែម្តាយខ្ញុំ បានជូនគាត់ទៅសារភាពមុនថ្ងៃ គឺនៅថ្ងៃទី២០  ហេីយពេលនោះគាត់ក៏បានជាប់បណ្តឹងអាជ្ញា ឃុំបណ្តោះអាសន្ន ចាំថ្ងៃកាត់ក្តីសិន»! មូលហេតុនៃការស្រលាញ់ខ្លាំងខ្វះការពិចារណា វាមិនបានអីមកវិញទេ  វាមានតែធ្វេីឱ្យខ្លួនឯងមានសម្ពាធ  ខ្លាចនេះខ្លាចនោះ! សូមស្រលាញ់ដោយការពិចារណា”។ ជាមួយគ្នានេះដែរ មិត្តភក្តិជិតដិតរបស់អ្នកនាងក៏បានទម្លាយនូវសារមួយចំនួនដែលជាសារឆ្លើយឆ្លងរវាងពួកគេនឹងលោក អេដវីន ដែលលោកអេដវីនបានទាំងសារភាពកំហុស និងថ្លែងការសុំទោស ការសោកស្តាយនូវកំហុសដែលខ្លួនបានប្រព្រឹត្តរួមទាំងការសន្យាមិនបង្កអំពើឃោរឃៅបែបនេះទៅលើនាងបន្តទៀតនោះទេ។ 

  ទោះជាយ៉ាងណា សារសុំទោសទទួលស្គាល់កំហុសនេះបានត្រឹមតែធ្វើឲ្យអ្នកនាងសុទ្ធ បញ្ចកាទន់ចិត្តប៉ុណ្ណោះ មិនអាចធ្វើឲ្យដើមបណ្តឹងពីរនាក់ផ្សេងទៀតគឺម្តាយរបស់អ្នកនាងបញ្ចកា និងលោកហ៊ាង រតនា មិនបានដកពាក្យបណ្តឹងឡើយ។

ពេលនេះតារាសម្តែង អេដវីន ត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃស រង់ចាំការសម្រេចទោសពេលក្រោយពីតុលាការ។ 

  គួរបញ្ជាក់ដែរថា រឿងរ៉ាវហិង្សាយ៉ាងដំណំទៅលើគូស្នេហ៍ពីសំណាក់តារាសម្តែង អេដវីន បានធ្វើឲ្យកក្រើកពេញបណ្តាញសង្គមហ្វេសប៊ុកចាប់តាំងពីរាត្រីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១មក ក្រោយពីអ្នកនាងបញ្ចកាបានទម្លាយរូបថតមួយចំនួននៃសភាពរាងកាយដែលរងការវាយដំយ៉ាងធ្ងន់ពីលោក អេដវីន និងសារដ៏ចាក់ដោតមួយចំនួន រហូតលេចចេញសារឆ្លើយឆ្លងចោទប្រកាន់គ្នាជាហូរហែ។ គេចាំបានដែរថា ចំណងស្នេហារវាងអ្នកទាំងពីរបានបង្ហាញភាពផ្អែមល្ហែម ក្រោយពីអ្នកនាង បញ្ចកា បានប្រកាសផ្តាច់ទំនាក់ទំនងស្នេហាជាមួយអតីតស្វាមី ជាថៅកែផលិតកម្ម LD picture  ។ ខណៈដែលមួយរយៈចុងក្រោយនេះតារាសម្តែង អេដវីន បានស្ងប់ស្ងាត់ពីការងារសិល្បៈដែលគេដឹងថា លោកមកបើកមុខជំនួញហាងផឹកស៊ីជាមួយគូស្នេហ៍អ្នកនាងបញ្ចកានោះតែម្តង ប៉ុន្តែបែរជាមកជួបរឿងចម្រូងចម្រាសវាយដំគ្នាផ្អើលអស់មហាជនបែបនេះទៅវិញ៕  

ដោយ ៖ វឌ្ឍនា


ចែករំលែក៖