ព័ត៌មានទាន់ហេតុការណ៍៖

ពូកែព្រហើន! ក្រសួងសាធារណការ ប្រើជញ្ជីងចល័តថ្លឹងរថយន្ដដឹកខ្សាច់តាមដងផ្លូវ នៅខណ្ឌឫស្សីកែវ, រកឃើញ៩គ្រឿងលើសទម្ងន់កំណត់ និងឃាត់ទុកមួយឆ្នាំ ឱ្យរាងម្តង !

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៃក្រសួងសាធារណការ និងដឹកជញ្ជូន  សហការជាមួយមន្ត្រីស្ថានីយជញ្ជីងរាជធានីភ្នំពេញ បានចុះឃាត់រថយន្តដើម្បីពិនិត្យ និងថ្លឹងជញ្ជីងចល័ត នៅខណ្ឌឫស្សីកែវ។ ដោយប្រតិបត្តិការនេះ ដឹកនាំដោយលោកស្រី បុផ្ផា ផាន់នី អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងប្រធានស្ថានីយជញ្ជីងព្រែកឯង។

សេចក្ដីរាយការណ៍បានឲ្យដឹងថា ប្រតិបត្តិការឃាត់រថយន្ដដើម្បីពិនិត្យ និងថ្លឹងជញ្ជីងចល័តនេះ សមត្ថកិច្ចបានរកឃើញរថយន្ដដឹកខ្សាច់ ចំនួន៩គ្រឿង ដែលផ្ទុកលើសទម្ងន់កំណត់ និងត្រូវបានបញ្ជូនទៅរក្សាទុកនៅក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីអនុវត្តតាមច្បាប់ អាចរក្សាទុកដល់រយ:ពេល១ឆ្នាំ ដើម្បីធ្វើអោយអ្នកដឹកជញ្ជូនផ្ទុកលើសទម្ងន់រាងចាល។ 

យ៉ាងណាមិញ មន្ដ្រីជំនាញបានបញ្ជាក់ថា សម្រាប់រថយន្ដទាំង៩គ្រឿងនេះ បានដឹកខ្សាច់លើសកំណត់២០ភាគរយឡើងទៅ នឹងត្រូវរក្សាទុករយៈពេលមួយឆ្នាំតែម្ដង ដើម្បីជាការពិន័យ។

សូមបញ្ជាក់ផងដែរថា, បញ្ហាផ្ទុកលើសទម្ងន់ ក៏ដូចជាការដឹកជញ្ជូនខ្សាច់ថ្ម នៅខេត្តកណ្ដាល ក្រុមអ្នកដឹកជញ្ជូនបែរជាមានការប្រតិកម្មយ៉ាងខ្លាំង ទៅនឹងក្រុមការងាររបស់ខេត្តក៏ដូចជាមន្ទីរ និងសាលាក្រុងតាខ្មៅ ក្នុងករណីដែលបានបទជនដែលខ្លាចនោះ បានតម្រូវឲ្យបង់ប្រាក់ចំនួន ៣០ ម៉ឺនរៀល ប៉ុន្តែមិនបានចេញលិខិតឬវិក្កយបត្រណាមួយស្របច្បាប់ តាមការពិន័យចំពោះការអនុវត្តផ្ទុយពីផ្លូវច្បាប់នោះ។ 

កន្លងទៅអាជ្ញាធរនិងសមត្ថកិច្ចហាក់បីដូចជាមានការបកស្រាយមិនមានភាពច្បាស់លាស់ចំពោះបញ្ហានេះ។ ខាងសមត្ថកិច្ចរុញទៅខាងសាលាក្រុងតាខ្មៅ ,ខាងសាលាក្រុងតាខ្មៅរុញទៅខាងមន្ទីរសាធារណការដឹកជញ្ជូនខេត្ត, ខាងមន្ទីរឬនៅខាងសាលាខេត្ត ៕

ដោយ ៖ សិលា


ចែករំលែក៖