ព័ត៌មានទាន់ហេតុការណ៍៖

សូមមានការប្រុងប្រយ័ត្នជាមួយកម្មវិធីមេរោគ Netfilter ដែលជាប្រភេទមេរោគ Rootkit

ចែករំលែក៖

ភ្នំពេញ៖ នៅវេលាម៉ោង ៤និង១០ នាទីរសៀលថ្ងៃទី29 ខែមិថុនាឆ្នាំ 2021 អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការនគរបាលជាតិបានបញ្ជាក់ឲ្យដឹងថា, ចាប់តាំងពីក្រុមហ៊ុន Microsoft បានដាក់ឱ្យប្រើប្រាស់កម្មវិធីប្រព័ន្ធប្រតិបត្តិការ Windows Vista មក ក្រុមហ៊ុនបានតម្រូវឱ្យកម្មវិធីណាដែលនឹងដំណើរការនៅក្នុង kernel mode របស់កុំព្យូទ័រត្រូវតែឆ្លងកាត់ការត្រួតពិនិត្យពីក្រុមហ៊ុនជាមុន។ ដូច្នេះកម្មវិធីណាដែលពុំមានការអនុញ្ញាតពីក្រុមហ៊ុន (Microsoft certificate) នឹងមិនអាចបញ្ចូលទៅក្នុងកុំព្យូទ័របានដោយស្វ័យប្រវត្តិនោះទេ។

អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបន្តថា, មុខងារនេះគឺដើម្បីការពារសុវត្ថិភាពក្នុងការប្រើប្រាស់កុំព្យូទ័រ និងដើម្បីឱ្យអ្នកប្រើប្រាស់មានការជឿជាក់ថា កម្មវិធីដែលនឹងបញ្ចូលទៅក្នុងកុំព្យូទ័រគឺពុំមានមេរោគ។ ប៉ុន្តែកាលពីពេលថ្មីៗនេះអ្នកស្រាវជ្រាវបានរកឃើញថាកម្មវិធី Netfilter ដែលទទួលបានការអនុញ្ញាតពីក្រុមហ៊ុន Microsoft គឺជាកម្មវិធីមេរោគប្រភេទ rootkit ដែលមេរោគប្រភេទនេះអាចធ្វើការផ្លាស់ប្ដូរប្រព័ន្ធប្រតិបត្តិការនៅក្នុងកុំព្យូទ័ររបស់អ្នកប្រើប្រាស់បាន។

នាពេលបច្ចុប្បន្នក្រុមហ៊ុន Microsoft បានទទួលស្គាល់អំពីបញ្ហានេះហើយកំពុងតែធ្វើការស្រាវជ្រាវពីភាពចន្លោះប្រហោងដែលអាចឱ្យកម្មវិធីនេះទទួលបានការអនុញ្ញាតជាផ្លូវការពីក្រុមហ៊ុន។ ក្រុមហ៊ុនក៏បានបញ្ជាក់ផងដែរថាគោលដៅរបស់ជនអនាមិកគឺដើម្បី ជ្រៀតចូលទៅក្នុងកុំព្យូទ័ររបស់អ្នកចូលចិត្តលេងហ្គេមអនឡាញ ជាពិសេសអ្នកលេងហ្គេមអនឡាញនៅក្នុងប្រទេសចិន។

ទោះបីជាក្រុមហ៊ុនបានប្រកាសថា បញ្ហានេះគឺមិនមានការប៉ះពាល់ដល់អ្នកប្រើប្រាស់ច្រើនក្ដី ប៉ុន្តែភាពចន្លោះប្រហោងនេះវាអាចធ្វើឱ្យអ្នកប្រើប្រាស់អស់ទំនុកចិត្តជាមួយនឹងការគ្រប់គ្រងត្រួតពិនិត្យលើកម្មវិធីរបស់ក្រុមហ៊ុនបាន៕

ដោយ ៖ សិលា


ចែករំលែក៖