ព័ត៌មានទាន់ហេតុការណ៍៖

ព្រះនាងតូច នរោត្តម ជេនណា បញ្ចេញព្រះសូរសៀង ជាភាសាថៃ និងចិន បានយ៉ាងពិរោះ

ចែករំលែក៖

បទចម្រៀងនេះមានចំណងជើងថា ឃូកាត់ ដែលជាបទ ដ៏មានប្រជាប្រិយភាពរបស់ថៃ ដែលច្រៀងដោយតារាចម្រៀងដ៏ល្បីល្បាញលោក Bird Thongchai ត្រូវបានលើកយកមកបកស្រាយដោយ សិល្បករវ័យក្មេងរបស់កម្ពុជា គឺព្រះនាងតូច នរោត្តមជេនណា។ បទចម្រៀងដ៏មានប្រជាប្រិយភាពមួយបទនេះត្រូវបានលើកយកមកបកស្រាយក្នុងសំនៀង២ភាសាព្រមគ្នាតែម្តងគឺភាសាថៃ និងភាសាចិន។ 

ស្នាព្រះហស្ថសម្តែង និងបង្ហើរព្រះសូរសៀងនេះត្រូវបានបញ្ចេញកាលពីរសៀលថ្ងៃទី២៩ ខែ មិថុនា ឆ្នាំ ២០២១  ហើយក្រោយការបញ្ចេញក្នុងរយៈពេលខ្លីប៉ុណ្ណោះគឺផ្ទុះចេញការគាំទ្រច្រើនសន្ធឹកសន្ធាប់។នេះគឺជាស្នាព្រះហត្ថថ្មី ខណៈដែលកន្លងមកទ្រង់ក៏ធ្លាប់បង្ហើរព្រះសូរសៀងទាំងបទចម្រៀងមរតកដើម បទចម្រៀង ស្នាព្រះហស្ថអតីតអង្គព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា  បទចម្រៀងថ្មីOriginal Song និងបទចម្រៀងជាច្រើនទម្រង់ និងគ្រប់ចង្វាក់ ដែលគេដឹងដែរថា ព្រះនាងតូចវ័យ៩ ព្រះវស្សារូបនេះទ្រង់ចាប់ផ្តើមចេះច្រៀងតាំងពីវ័យ ត្រឹមតែ ៤វស្សា។ 

ព្រះនាងតូច ជេនណាក៏មានសមត្ថភាពអាចនិយាយបានរហូតដល់ទៅ ៥ ភាសាឯណោះពិសេសលើភាសាបារាំងដោយទ្រង់មានឪពុកជាជនជាតិបារាំង ស្រាប់ និងក្រៅពីខេមរៈភាសាដែលជាភាសាកំណើតទ្រង់ក៏អាចនិយាយនិងច្រៀងជាភាសាថៃ ភាសាចិន និង អង់គ្លេសបានយ៉ាងច្បាស់ផងដែរដែលនេះគឺជាទេពកោសល្យមួយដែលកម្រនឹងមានក្មេងណាម្នាក់អាចនឹងធ្វើបាន។ 

ត្រឹមតែរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះបទចម្រៀងដែលត្រូវបានលើកយកមកបង្ហើរសូរសៀងទាំងពីរភាសានេះផ្ទុះចេញការគាំទ្រខ្លាំងរហូតមានការបញ្ចេញយោបល់ និងចែករំលែករាបពាន់ដងរួចមកហើយ ដែលអ្នកគាំទ្រទ្រង់ភាគច្រើនលើសលប់បានសរសើរទ្រង់ថាមានព្រះសូរសៀងពិរោះរណ្តំចិត្ត  និងកាយវិកា រស់រវើកគួរឲ្យចាប់អារម្មណ៍   ខណៈក្បាច់រាំរបស់ទ្រង់ក៏ទាក់ទាញខ្លាំង៕  

 

ដោយ ៖ វឌ្ឍនា


ចែករំលែក៖