ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ២គ្រឿងបុកបញ្ច្រាសគ្នាស្លាប់ម្នាក់របួសធ្ងន់ម្នាក់ទាំងក្បាលព្រលប់

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់ស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបញ្ច្រាសទិសគ្នាហើយបុកគ្នាយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរទាំងក្បាលព្រលប់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ថ្ងៃទី ២៩ខែមិថុនាឆ្នាំ២០២១ ស្ថិតនៅលើផ្លូវជាតិលេខ៣១៦ ត្រង់ចំណុចភូមិ​ ស្វាយតាយាន ឃុំស្វាយតាយាន ស្រុកកំពង់រោទ៍ ខេត្ត​ស្វាយរៀង​។

មន្ត្រីនគរបាលជំនាញស្រុកបានឱ្យដឹងថាបុរសដែលស្លាប់មានឈ្មោះ ចាប វាសនា  អាយុ​២២ឆ្នាំ មុខ​របរកម្មករ រស់នៅភូមិ កណ្តាល ឃុំធ្លក ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ជិះម៉ូតូម៉ាកហុងដាឌ្រីម C១២៥ ស៊េរីឆ្នាំ២០១២  ពាក់ស្លាកលេខ កំពត ១E-៧៧៩១ខូចខាតយ៉ាងដំណំ។

ចំណែកអ្នករងរបួសធ្ងន់មានឈ្មោះ សេក សែម អាយុ១៨ ឆ្នាំ មុខ​របរកម្មករ រស់នៅភូមិថ្មី ឃុំខ្សែត្រ ស្រុកកំពង់រោទ៍។

បើតាមសាក្សីបានឱ្យដឹងថា មុនកើតហេតុមានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម C១២៥ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ  ពាក់ស្លាកលេខស្វាយរៀង១D- ២៧៥៤ ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងលើផ្លូវជាតិលេខ៣១៦ ខណ:នោះស្រាប់តែបុកជាមួយម៉ូតូម៉ាកហុងដាឌ្រីម C១២៥ ស៊េរីឆ្នាំ២០១២  ពាក់ស្លាកលេខ កំពត ១E-៧៧៩១ក្នុងទិសដៅបញ្ច្រាសគ្នាយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានមកដល់ធ្វើការវាស់វែងនិងយកជនរងគ្រោះទៅកាន់មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង និងបានប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីន រួចហើយបានអូសយកវត្តុតាងម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលដើម្បីដោះស្រាយនាពេលក្រោយតាមច្បាប់៕

ដោយ៖ យឹម សុថាន


ចែករំលែក៖