ខេត្តប៉ៃលិន៖ បើតាមសំដីលោកនាយរងការិយាល័យនគរបាលចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនបានឲ្យដឹងថា មានករណីគ្រោះថ្នាក់រាចចរណ៍មួយបានកើតឡើងរវាង(ម៉ូតូ បុកម៉ូតូ)ដោយសារបុរសម្នាក់បើកម៉ូតូក្នុងទិសដៅពីកើតទៅលិច លើដងផ្លូវជាតិលេខ៥៧ហើយបានជែងរថយន្តស្រាប់តែរេចង្កូតទៅបុកម៉ូតូមួយគ្រឿងកំពុងបើកក្នុងទិសដៅពីលិចទៅកើតបណ្ដាលឲ្យបុរសដែលបើកជែងរថយន្តនោះដួលបោកក្បាលទៅលើផ្លូវស្លាប់នៅនឹងកន្លែងកើតហេតុ។
រីឯបុរសម្នាក់ទៀតបានដួលបោកក្បាលលើផ្លូវរងរបួសធ្ងន់។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅថ្ងៃពុធ ៦រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១ និង១៥នាទីរំលងអធ្រាត្រស្ថិតនៅត្រង់ចំណុចមុខភ្នំយ៉ាត ភូមិវត្ត សង្កាត់ប៉ៃលិន ក្រុង/ខេត្តប៉ៃលិន។
លោកនាយរងការិយាល័យចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនបានបន្តថា អ្នកបើកបរម៉ូតូបង្កមានឈ្មោះ ហុល សុភី ភេទប្រុស អាយុ៣០ឆ្នាំមុខរបរជាមន្រ្តីយោធាសឹករងខេត្តប៉ៃលិនរស់នៅភូមិអូរតាវ៉ៅ សង្កាត់អូរតាវ៉ៅ ក្រុងខេត្តប៉ៃលិន (ស្លាប់នៅកន្លែងកើតហេតុ)។
បុរសនេះបើកបរម៉ូតូម៉ាកHONDA Dream ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ប៉ៃលិន 1C-4058 រងការខូចខាតធ្ងន់។រីឯអ្នករងគ្រោះឈ្មោះ ពក ភេទប្រុស អាយុ ប្រហែល ៣៣ឆ្នាំមុខរបរជាអ្នកកាប់គោ រស់នៅភូមិសួនអំពៅលិច សង្កាត់ប៉ៃលិន ក្រុង/ខេត្តប៉ៃលិន( រងរបួលធ្ងន់បាក់ជើងខាងឆ្វេង របួសក្បាលធ្ងន់)។បុរសនេះបើកបរម៉ូតូម៉ាកHONDA Dream សេរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1X-8127 ។
ករណីនេះសមត្ថកិច្ចជំនាញអះអាងថាមូលហេតុកើតឡើងដោយសារអ្នក បើកម៉ូតូលឿនជែងរថយន្តក្នុងស្ថានភាពស្រវឹងស្រាស្រឿងៗ បណ្ដាលឲ្យបុកម៉ូតូមួយគ្រឿងនៅខាងស្ដាំ កំពុងតែបើកបរមិនដឹងខ្លួនយ៉ាងពេញទំហឹង បណ្តាលឲ្យ ដួលបោកក្បាលនឹងផ្លូវជាតិលេខ៥៧(ស្លាប់ម្នាក់ រងរបួសធ្ងន់ម្នាក់ ។
ក្រោយពីមន្ត្រីនគរបាលចរាចរណ៍នៃស្នងការដ្ឋានខេត្តបានវាស់វែងរួចជនរងរបួសម្នាក់ត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនដឹកយកទៅព្យាបាល។
ចំណែកឯសាកសពមន្រ្តីយោធានោះត្រូវបានមន្ត្រីនគរបាលជំនាញចរាចរណ៍នៃស្នងការដ្ឋានខេត្តបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯម៉ូតូទាំង២គ្រឿងត្រូវបានមន្ត្រីនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្តយកទៅរក្សាទុកដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ៕
ដោយ៖ ស សារ៉េត