ប៉ុន្មានថ្ងៃចុងក្រោយនេះករណីដែលសមត្ថិកិច្ចធ្វើការរឹបអូសត្វតោឈ្មោលមួយក្បាលពីជនជាតិចិនជាម្ចាស់បានក្លាយជាប្រធានបទក្នុងការជជែកវែកញែកគ្នាពេញបណ្តាញសង្គមហ្វេសប៊ុក ដែលក្នុងនោះដែលសិល្បករប្រុសស្រីល្បីឈ្មោះ៣រូបហើយដែលបានចេញមុខស្នើឲ្យសមត្ថិកិច្ចមន្ត្រីជំនាញប្រគល់សត្វតោដ៏ស្លូតនេះទៅឲ្យច្បាស់ដើមវិញព្រោះតែក្តីអាណិតសត្វតោមួយក្បាលនេះដែលមិនព្រមស៊ីចំណីក្រោយការយកទៅដាក់ក្នុងសួនសត្វភ្នំតាម៉ៅនោះ។ សិល្បករទាំង៣ដែលគេដឹងថាសុទ្ធតែជាអ្នកស្រលាញ់សត្វចិញ្ចឹមនោះបានបញ្ចេញសានៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់របស់ពួគគេមានដូចជា តារាចម្រៀងឯករាជ លោក ម៉ា ច័ន្ទបញ្ញា តារាចម្រៀង ប្រចាំផលិតកម្មសាន់
ដេ កញ្ញា សុខ ពិសី តារសម្តែង លោក អ៊ុន សុធា នោះជាដើម។
លោក អ៊ុន សុធា បានបញ្ជាក់នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់របស់លោកដោយបានលើកឡើងថា៖ លោកចង់ឲ្យប្រគល់សត្វនេះទៅឲ្យម្ចាស់ដើមវិញដោយការធ្វើកិច្ចសន្យាណាមួយដើម្បីទទួលខុសត្រូវលើការចិញ្ចឹម ហើយមិនមែនមានន័យថាលោកចង់ឲ្យគ្រប់គ្នាល្មើសច្បាប់ឡើយ។ លោកបញ្ជាក់ដែរថាសត្វតោនេះគឺអាចរស់នៅជាមួយឆ្កែឆ្មា និងមនុស្សបានគឺមានភាពស៊ាំរួចទៅហើយ។
តារាច្រៀង លោក ម៉ា ច័ន្ទបញ្ញាវិញក៏បានលើកឡើងស្រដៀងគ្នានេះដែរ ដោយតារារូបនេះបានលើកឡើងថា ៖បើចិញ្ចឹមគ្នាមិនរស់យកទៅធ្វើអ្វី ហើយប្រសិនបើសត្វអាចស្លាប់ដោយខ្វះការចិញ្ចឹមត្រឹមត្រូវ នឹងបង្កការរិះគន់កាន់តែខ្លាំង ហើយប្រសិនបើប្រគល់សត្វតោនេះទៅឲ្យម្ចាស់វិញគឺចំណេញទាំងការតម្រូវចិត្តមហាជន ជាឱកាសបង្កើតច្បាប់ចំណេញដល់ការអភិរក្សសត្វព្រៃ និងបង្ហាញពីទំនាក់ទំនងល្អជាមួយបរទេសផងដែរ។
សម្រាប់តារាចម្រៀងស្រីល្បីឈ្មោះ កញ្ញា សុខ ពិសីវិញក៏ស្នើឲ្យប្រគល់សត្វតោមួយក្បាលនេះទៅឲ្យម្ចាស់ដើមវិញព្រោះតែតោនេះត្រូវបានកាច់ចង្កូម និងក្រចកអស់ហើយ ។
គួរបញ្ជាក់ដែរថាកាលពីថ្ងៃទី២៧ខែមិថុនា ឆ្នាំ២០២១នេះសត្វតោឈ្មោលមួយក្បាលរបស់ជនជាតិចិនដែលបានចិញ្ចឹមក្នុងលំនៅដ្ឋានត្រូវបាននាយខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ សហការជាមួយព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ Wildlife Alliance ព្រមទាំងសមត្ថកិច្ចចម្រុះមូលដ្ឋាន ធ្វើការរឹបអូសពី ផ្ទះលេខ២២ ផ្លូវ៣០៦ ភូមិ៧ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង បន្ទាប់ពីមានប្រជាពលរដ្ឋជិតខាងបានរាយការណ៍ប្រាប់។ សត្វតោឈ្មោលទម្ងន់៧០គីឡូក្រាមមួយក្បាលនោះត្រូវបានធ្វើការប្រគល់ជូនទៅកាន់មជ្ឈមណ្ឌលថែទាំ និងសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ដើម្បីចិញ្ចឹមបីបាច់បន្ត។ ព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ បុរសជនជាតិចិនដែលជាម្ចាស់របស់សត្វតោ បានទៅមើលតោចិញ្ចឹមរបស់ខ្លួនបន្ទាប់ពីត្រូវបានគេនាំយកទៅកាលពីប៉ុន្មានថ្ងៃមុននេះ។តាមរយៈរូបភាព និងវីដេអូដែលបានបង្ហោះនៅលើបណ្តាញសង្គម របស់បុរសជនជាតិចិនរូបនោះបានបង្ហាញពីការនឹករឭក មនោសញ្ចេតនា ក្តីស្រលាញ់ ដែលម្ចាស់មានចំពោះសត្វតោឈ្មោលនោះ ហើយអ្វីដែលកាន់តែក្តុកក្តួលទៀតនោះគឺឃើញសកម្មភាពសត្វតោនោះស្ទុះមកឱបម្ចាស់របស់ខ្លួនដេលធ្វើឲ្យអ្នកលេងបណ្តាញសង្គមមានការអាណិតយ៉ាងខ្លាំង៕
ដោយ វឌ្ឍនា