មនុស្ស១១នាក់ដែលតាំងខ្លួនថាជាក្រុមទាហានប្រជាជនប្រដាប់ដោយអាវុធ ត្រូវបានចាប់ខ្លួននៅថ្ងៃទី ៣ខែកក្កដា ក្រោយការប៉ះទង្គិចគ្នាជាមួយកម្លាំងប៉ូលិសនៅពាក់កណ្តាលយប់ ធ្វើឲ្យផ្លូវល្បឿនលឿនត្រូវបិទជាបណ្តោះអាសន្នចំពេលអាមេរិកឈប់សម្រាកក្នុងទិវាឯករាជ្យជាតិ ។
ក្រុមប្រដាប់អាវុធដែលបានចាប់ខ្លួនគឺជាសមាជិករបស់ក្រុម Rise of the Moors ដែលជាក្រុមមិនត្រូវបានរដ្ឋអំណាចអាមេរិកទទួលស្គាល់ឡើយ។ ការប៉ះទង្គិចគ្នាកើតឡើង នៅវេលាម៉ោង១រំលងអធ្រាត្រ ក្រោយកម្លាំងប៉ូលិសបានមើលឃើញរថយន្តពីរគ្រឿងឈប់ នៅកណ្តាលផ្លូវ ហើយនៅជុំវិញគឺជាបុរសមួយក្រុមប្រដាប់ដោយកាំភ្លើងទំនើបៗ។
ក្រោយកម្លាំងប៉ូលិសស្នើឲ្យបង្ហាញលិខិត អត្តសញ្ញាណប័ណ្ណ និងលិខិតអនុញ្ញាតឱ្យប្រើប្រាស់កាំភ្លើង មេបញ្ជាការរបស់ក្រុមខាងលើ បាននិយាយទៅកាន់ប៉ូលិសថា ពួកគេធ្វើដំណើរពី Rhode Island ទៅកាន់ Maine ដើម្បីហ្វឹកហាត់។ ក្រុមបុរសប្រដាប់អាវុធបានបំបែកគ្នាចូលក្នុងព្រៃក្បែរផ្លូវល្បឿនលឿន។
ភ្លាមៗនោះ ប៉ូលិសបានប្រកាសបិទផ្លូវល្បឿនលឿនជិតតំបន់ Wakefield ចម្ងាយពីទីក្រុង Bostaonប្រមាណ២០គីឡូម៉ែត្រ នៅភាគខាងជើង។ កម្លាំងប៉ូលិសបានស្នើដល់ពលរដ្ឋ «នៅកន្លែងណានៅកន្លែងនោះ»។ លុះដល់វេលាម៉ោង១០ព្រឹកកម្លាំងប៉ូលិសចាប់ខ្លួនមនុស្សបាន ១១នាក់ប្រដាប់ដោយអាវុធ។
ក្រោយហេតុការណ៍ខាងលើបានបញ្ចប់ផ្លូវល្បឿនលឿនត្រូវបានបើកឡើងវិញ។ កម្លាំងប៉ូលិសបានឱ្យដឹងថាមិនមានការផ្ទុះអាវុធនោះឡើយ ហើយក៏មិនមានអ្នករងរបួសដែរ។ ក្រុមប្រដាប់អាវុធខាងលើ បានលើកឡើងថា ពួកគេមិនប្រឆាំងរដ្ឋាភិបាលនោះឡើយ ប៉ុន្តែសកម្មភាពរបស់ពួកគេបានធ្វើឲ្យប៉ះពាល់ដល់អ្នកបើកបររថយន្តនៅជុំវិញ៕ដោយ ៖ធីរីណា