ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើកម៉ូតូឡំប្រឺតាលឿនជ្រុលទៅបុករថយន្តសណ្ដោងដឹកគ្រឿងចក្រពីក្រោយគាបជាប់នឹងម៉ូតូឡំប្រឺតារងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើកម៉ូតូឡំប្រឺតាលឿនជ្រុលទៅបុករថយន្តសណ្ដោងដឹកគ្រឿងចក្រពីក្រោយ កំពុងឈប់ចតរង់ចាំភ្លើងស្ដុបបណ្តាលឲ្យអ្នកបើកបររងរបួសធ្ងន់ ហេតុការណ៍នេះ បានកើតឡើងនៅម៉ោង ១២និង០៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ​រថយន្តម៉ាក DAEWOO ពណ៌សលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3C-7905 ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្សក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុក៏បានឈប់ចត ដើម្បីរង់ចាំស្ដុប និងបន្តដំណើរទៅមុខទៀត ភ្លាមនោះក៏មានម៉ូតូឡំប្រឺតា ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 1HO-2726 ធ្វើដំណើរស្របទិសគ្នា បានបុកពីក្រោយពេញទំហឹង បណ្ដាលឲ្យអ្នកបើកបរគាបជាប់និងម៉ូតូឡំប្រឺតាបែកមុខបែកមាត់ហូរឈាមពេញខ្លួន រងរបួសធ្ងន់។

បន្ទាប់ពីកើតហេតុសមត្ថកិច្ច បានចុះដល់ទីតាំង សហការជាមួយពលរដ្ឋនៅក្បែរកន្លែងកើតហេតុ ជួយគាស់ទាញយកជនរងគ្រោះចេញ បញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះ ចំពោះរថយន្ត និងម៉ូតូឡាំប្រឺតា ត្រូវបានកម្លាំងជំនាញ វាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖