ភ្នំពេញ៖ នៅរសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ ជនបរទេសដែលជាម្ចាស់សត្វតោ បានទៅទទួលសត្វរបស់ខ្លួនយកមកចិញ្ចឹមមើលថែរក្សានៅផ្ទះវិញ និងអនុវត្តតាម គោលការណ៍របស់ថ្នាក់ដឹកនាំ។
គួរបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះសារតាមរយៈfacebook ផ្លូវការរបស់សម្តេចថា ក្រោយក្តាប់បានរឿងសត្វតោ ល្ងាចម្សិលមុិញនេះ សម្តេចបានពិភាក្សា ជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្ម និងបានឯកភាពគ្នាថា អនុញ្ញាតឱ្យម្ចាស់យកទៅចិញ្ចឹមវិញក្នុងលក្ខណ្ឌម្ចាស់ត្រូវធ្វើទ្រុងឱ្យបានត្រឹមត្រូវដើម្បីធានាសុវត្ថិភាពទាំងមនុស្សក្នុងផ្ទះ និងអ្នករស់នៅជិតខាង។
ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ លោក វេង សុខុន បានបង្ហោះលើ facebook ផ្លូវការថា, សេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលព្រៃឈើរាជធានីភ្នំពេញ តាមបញ្ជារបស់ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញបានចុះរឹបអូសយកសត្វតោមួយក្បាលនៅផ្ទះលេខ២២ ផ្លូវ៣០៦ សង្កាត់បឹងកេងកង ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ តាមបណ្តឹងរបស់អ្នកជិតខាងនិងអ្នកទេសចរណ៍បរទេស។
ដោយយល់ឃើញថាសត្វតោត្រូវបានម្ចាស់មានការថែរក្សាបានល្អ តាំងពីតូចមកម្លេះ និងដោយសារមានមហាជនជាច្រើនមានការអាណិតអាសូរដល់សត្វតោនិងម្ចាស់ដែលថែរក្សាដែរនោះ សម្តេចតេជោនាយករដ្ឋមន្រ្តីបានសម្រេច ប្រគល់សត្វតោនោះជូនម្ចាស់វិញដើម្បីអនុញ្ញាតឲ្យម្ចាស់បន្តការចញ្ចឹមនិងថែរក្សា ដោយតម្រូវឲ្យម្ចាស់នោះមានកិច្ចសន្យាដែលមានបំពេញលក្ខខ័ណ្ឌគ្រប់គ្រាន់ទាក់ទងទៅនឹងបច្ចេកទេសនៃការចិញ្ចឹមដែលមានលក្ខណៈសមស្របតាមបទដ្ឋានបច្ចេកទេស បរិស្ថានរស់នៅនៃសត្វតោ និងប្រកបដោយសុវត្ថិភាពមិនឲ្យមានហានិភ័យដល់អ្នកថែរក្សានិងអ្នកជិតខាង។
លោករដ្ឋមន្ត្រីបានបន្តថា, សូមសាធាណៈជន មេត្តាជ្រាបជាព័ត៌មាន៕
ដោយ ៖ សិលា